លីប៊ី

អង្គការ​អូតង់ និង​សហភាព​អឺរ៉ុប​នៅមិន​ទាន់​ឯកភាពគ្នា​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​លីប៊ី

អគ្គលេខាធិការ​អង្គការ​អូតង់ Anders Fogh Rasmussen នៅក្នុង​សន្និសីទ​កាសែត នៅទីស្នាក់ការ​របស់​អូតង់ នៅ​ទីក្រុង​ប៊្រុចសែល
អគ្គលេខាធិការ​អង្គការ​អូតង់ Anders Fogh Rasmussen នៅក្នុង​សន្និសីទ​កាសែត នៅទីស្នាក់ការ​របស់​អូតង់ នៅ​ទីក្រុង​ប៊្រុចសែល ©

កូនប្រុស​របស់​មួអាមារ កាដាហ្វ៊ី បាន​អះអាង នៅថ្ងៃ​ទី ១០​មីនា ២០១១ ថា រដ្ឋាភិបាល​លីប៊ី​កំពុង​ឃើញ​ជ័យជំនះ បណ្តើរៗ​ហើយ។ ទូរទស្សន៍​រដ្ឋ​បាន​បង្ហាញ​រូបភាព កងទ័ព​រដ្ឋាភិបាល​ដែល​បាន​វាយឈ្នះ កាលពីថ្ងៃ​ម្សិលមិញ លើក្រុមបះបោរ និង​ដណ្តើម​យក​បាន​មកវិញ កំពង់ផែ​ប្រេង​ដ៏​សំខាន់ ក្នុង​ទីក្រុង​Ras Lanouf។ ទាហាន​របស់​លោក​កាដាហ្វ៊ី នៅពេល​នេះ​កំពុង​តម្រង់​ទិស​ទៅ​រក​ទីក្រុង​បិនហ្គាហ្ស៊ី ដែល​ពួក​ក្រុមប្រឆាំង កំពុង​កាន់កាប់។ ក្នុង​ពេល​ជាមួយ​គ្នានេះ នៅ​ទីក្រុង​Bruxelles អង្គការ​អូតង់ និង​សហភាព​អឺរ៉ុប បើក​ការជួបប្រជុំ​បន្ទាន់ ដើម្បី​រកដំណោះស្រាយ បញ្ចប់​ការបង្ហូរឈាម​នៅ​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ឈាង បុប្ផា

នៅក្នុង​ពេល​ដែល​ក្រុមបះបោរ​លីប៊ី​កំពុង​រង​ការវាយប្រហារ​ខ្លាំង​ពី​កងទ័ព របស់កាដាហ្វ៊ី និង​ដំណឹង​សម្លាប់​បោសសម្អាត​លើ​ក្រុមប្រឆាំង​កំពុង​លេចលឺ នៅ​ក្នុង​ប្រទេស​លីប៊ី នៅព្រឹក​ថ្ងៃសុក្រ​នេះ មេដឹកនាំ​ប្រទេស​នៅ​សភាពអឺរ៉ុប​នៅតែជួប​ប្រជុំ ដើម្បី​រក​ឯកភាព​គ្នាមួយ​លើ​វិបត្តិ​លីប៊ី។ មេដឹកនាំ​អឺរ៉ុប​ពេល​នេះ កំពុង​ខ្វែងគំនិត​គ្នា​លើ​យុទ្ធសាស្រ្ត​ពីរ​ដែល​បារំាង និង​អង់គ្លេស​បាន​ស្នើឡើង កាលពីថ្ងៃ​ម្សិលមិញ។ ប្រទេស​ទាំងពីរ​បាន​ស្នើ​ដល់​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ឲ្យ​សម្រេច​ដាក់​គំនាប​ខ្លាំង​លើ​លោក​កាដាហ្វី តាមរយៈ​ការធ្វើ​​អន្តរាគមន៍​ផ្នែក​កងទ័ព និង​ការទទួល​ស្គាល់​ក្រុមប្រឹក្សា​ជាតិ របស់​ក្រុមប្រឆាំង នៅ​បិនហ្គាហ្ស៊ី ថា ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​លីប៊ី។

ក្នុង​រឿង​ទទួលស្គាល់​ក្រុមបក្ស​ប្រឆាំង​នឹង​លោក​កាដាហ្វ៊ី ថា ជា​រដ្ឋាភិបាល​ស្របច្បាប់​លីប៊ី ប្រទេស​អឺរ៉ុប​ផ្សេងទៀត និង​សហរដ្ឋអាមេរិក នៅរារែក​នៅឡើយ។ ចំណែក​រឿង អន្តរាគមន៍​យោធា​​រហូត​មកដល់​ពេល​នេះ នៅអឺរ៉ុប មាន​តែ​បារាំង និង​អង់គ្លេស​ទេ​ដែល​នៅតែ​ទាមទារ​ឲ្យ​គេ​បង្កើត​តំបន់​ហាមឃាត់មិន​ឲ្យ​មាន​​ការហោះហើរ​នៅ​លើ​លីប៊ី។

រដ្ឋមន្រ្តីការពារជាតិ របស់​ប្រទេស​សមាជិក​អង្គការ​អូតង់ នឹង​ត្រូវ​ប្រជុំ​គ្នា​ម្តងទៀត នៅរសៀល​ថ្ងៃ​សុក្រ​នេះ (ម៉ោង ១៣ នៅ​ប្រទេស​បារាំង)។ ដំណឹង​យ៉ាង​ណា​គេ​នៅមិន​ទាន់ដឹង​ច្បាស់​ទេ។ ប៉ុន្តែ កាលពីថ្ងៃ ម្សិលមិញ សមាជិក​អង្គការ​អូតង់​បាន​ពិភាក្សា​គ្នា​រួចហើយ​ថា ដើម្បី​បង្កើត​តំបន់​ហាមឃាត់​មិន​ឲ្យ​ហោះហើរ នៅ​លើ​លីប៊ី គេ​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​បីចំណុច។ ទីមួយ​ប្រទេស​សមាជិក​អូតង់​ត្រូវ​ឯកភាព​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​យោធា ទីពីរ​ប្រទេស​ក្នុង​តំបន់អារ៉ាប់ និង​អាហ្វ្រិក​ត្រូវ​គាំទ្រ​យុទ្ធសាស្រ្ត​របស់​អូតង់ និង​ទីបី គេត្រូវ​តែ​មាន​មូលដ្ឋាន​ច្បាប់​សម្រាប់​សំអាង​បិទ​តំបន់​ហោះហើរ​លើ​លីប៊ី។ ត្រង់​ចំណុច​ទីបី​នេះ អង្គការ​អូតង់​សំដៅ​ចង់​ឲ្យ​មាន​ការគំាទ្រ​ពីសេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

រហូត​មកដល់​ពេលនេះ​ចិន និង​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មិន​ទាន់គាំទ្រ​ឲ្យ​គេ​បិទ តំបន់​ហោះហើរ​លើ​លីប៊ី ចំណែក​សហភាព​អាហ្រ្វិក​ឯណោះវិញ ជំទាស់​ដាច់ខាត មិន​ឲ្យ​មាន​អន្តរាគមន៍​យោធា អន្តរជាតិ ក្នុង​ប្រទេស​លីប៊ី៕

គ្មានការគាំទ្រ​ឲ្យ​បង្កើត​តំបន់​​ហាមឃាត់​ហោះហើរ ពីអង្គការ​សហប្រជាជាតិ សំណើ​របស់​ប្រទេស​បារាំង​ដែល​សុំ​ឲ្យ​គេ​វាយប្រហារ​ទៅ​លើ​ទ័ព​អាកាស​លីប៊ី បាន​ក្លាយ​ជា​គ្មានន័យ។ ប៉ុន្តែ ទោះយ៉ាងណា បារាំង​បាន​ប្រកាស​រួចហើយ ពី​លទ្ធភាព​ជួយ​ផ្នែកអាវុធ​ទៅ​ក្រុមបះបោរ​ដើម្បីទប់ទល់​ការវាយប្រហារ​របស់​ទ័ពកាដាហ្វ៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI