រុស្ស៊ី-អូតង់

លោក​អគ្គ​លេខាធិការ​អូតង់​ បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​រុស្ស៊ី​

អគ្គលេខាធិការនៃអង្គការ​អូតង់  Anders Fogh Rasmussen បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​រុស្ស៊ី
អគ្គលេខាធិការនៃអង្គការ​អូតង់ Anders Fogh Rasmussen បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​រុស្ស៊ី Reuters

គោលដៅ​ទស្សនកិច្ច​នេះ របស់​លោក Anders Fogh Rasmussen គឺ​រៀបចំ​ជំនួប​កំពូល​អូតង់-រុស្ស៊ី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង Lisbonne ប្រទេស Portugal ថ្ងៃ ១៩-២០ វិច្ឆិកា ខាង​មុខ ដោយ​នឹង​មាន​ការ​ចូល​រួមផ្ទាល់ នៃ​លោក​ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev។ លោក Rasmussen ដែល​ល្ងាចម្សិល​ (ថ្ងៃ​ទី​២ វិច្ឆិកា ២០១០) បាន​អញ្ជើញ​មក​ដល់​ក្រុង​ម៉ូស្គូ​ថ្ងៃ​នេះ ទទួល​ជួប​ដោយ លោក​ប្រមុខរដ្ឋ​រុស្ស៊ី ព្រមទាំង​ធ្វើ​កិច្ច​ចរចា ជាមួយ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា

តាម​ការប្រកាស​របស់​វិមាន​ក្រេមឡាំង សាច់រឿង​ធំ​ចំបង​នៃ​ជំនួប​ជាមួយ​លោក Medvedev ថ្ងៃ​នេះ គឺ​អំពី​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​រុស្ស៊ី និង​បក្ស​សម្ព័ន្ធ​អូតង់​ដែល​សព្វថ្ងៃ​មាន​ដល់ ២៨​ប្រទេស​ជា​សមាជិក នៅ​ពេល​ហៀប​ដល់​កិច្ចប្រជុំ​កំពូល​ទ្វេភាគី ​នៅ​ថ្ងៃ​មុខ។ កិច្ចប្រជុំ​ដែល​នឹង​បើក​ធ្វើ​ជា​លើក​ទី​១ ក្រោយពី​រុស្ស៊ី​បាន​ធ្វើ​អន្តរាគមន៍​យោធា ទៅ​លើ​រដ្ឋអធិបតេយ្យ Georgie កាលពី​ខែ​សីហា​ឆ្នាំ ២០០៨​មក។

 
ក្នុង​ក្របខ័ណ្ឌ​កិច្ច​ប្រជុំ​កំពូល​នោះ ពួក​មេដឹកនាំ​ខាង ២៨​ប្រទេសរបស់​អូតង់​នឹង​អនុម័ត យក
” ទស្សនាទាន​យុទ្ធសាស្ត្រ​ថ្មី “ ដែល​នឹង​កំណត់​មុខព្រួញ​នៃ​ការវិវឌ្ឍន៍​របស់​បក្ស​សម្ព័ន្ធ​នេះ​ តទៅទៀត។ ឯកសារ​នេះ អាច​ជះ​ចំហាយ​យ៉ាង​បង្គួរ​ទាំង​មក​លើ​ទិដ្ឋភាព​ទូទៅ នៃ​ទំនាក់ទំនង​របស់​អូតង់​ជាមួយ​បណ្តា​ប្រទេស​ដៃគូ មាន​ជាមួយ​ប្រទេស​រុស្ស៊ី​ជាដើម។

វិមាន​ក្រេមឡាំង​ក៏​លំអិត​ថា សំខាន់​សំរាប់​រុស្ស៊ី គឺ​ឲ្យ​អូតង់ ៖
-          គោរព​តាម​គោលការណ៍​កុំ​បែងចែក សន្តិសុខ ទៅជា​របស់​ខ្លួន និង​ជា​របស់​គេ
-          ទទួលស្គាល់ លក្ខណៈ​ជា​ដៃគូ​មែនពិត​នៃ​ទំនាក់​ទំនង​ខ្លួន​ជាមួយ​រុស្ស៊ី
-          បញ្ជាក់ពី​ភាព​ត្រៀមខ្លួន គោរព​ឥតខ្ចោះ តាម​ច្បាប់​អន្តរជាតិ បូក​ទាំង​លក្ខន្តិកៈ អ.ស.ប. ដែល​រៀបរយ​ការ​ប្រើ​កម្លាំង​យោធា​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ
-          ចេះគន់គិត​ដល់​ក្តីព្រួយបារម្ភ​របស់​រុស្ស៊ី​ក្នុង​វិស័យ​សន្តិសុខ
-          ប្រកែក កុំ​បណ្តោយ​ឲ្យ​បក្ស​សម្ពន្ធ​នេះ​ចេះតែ​វាត​ធំ​ឡើង​ដោយ​ស្វ័យប្រវត្តិ។

លោក Medvedev និង​លោក Rasmussen ក៏​ធ្វើការ​ផ្លាស់ប្តូរ​មតិ​គ្នា ជុំវិញ​បញ្ហា​សន្តិសុខ​តំបន់​អឺរ៉ូ-អាត្លង់ទិក ក្នុង​ផ្ទៃ​នៃ​សំណើ​រុស្ស៊ី ឲ្យ​ចុះ​ជា “ សន្ធិសញ្ញា​ថ្មី​ស្តី​អំពី​សន្តិសុខ​អឺរ៉ុប “ និង​ក្នុង​ផ្ទៃ​នៃ សំណើ​អូតង់ ឲ្យ​បង្កើត​ឡើង​ជា​ប្រព័ន្ធ “ ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល​" នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។

រីឯ​នា​កិច្ចចរចា ជាមួយ លោក​រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី Serguei Lavrov លោក​អគ្គលេខាធិការ​អូតង់ Rasmussen លើក​យក​ទៅ​ពិនិត្យ​មើល គឺ​សំណុំរឿងអាហ្វហ្កានិស្តង់ បែបយ៉ាង បញ្ហា​ស៊ីជម្រៅ កិច្ច​សហប្រតិបត្តិការ​គ្នា ខាង​ប្រយុទ្ធ​ទល់នឹង​ចរាចរណ៍​គ្រឿង​ញៀន​ចេញ​មក​ពី​ទី​នោះ ខាង​ពង្រីក​ទំហំ​ដឹក​ជញ្ជូន​ឆ្លងកាត់​ដែនដី​រុស្ស៊ី ទៅ​ផ្គត់ផ្គង់​ដល់​កង​កម្លាំង​អូតង់​ដែល​ប្រចាំការ​នៅ​អាហ្វហ្កានិស្តង់ ល័ក្ខខ័ណ្ឌ​សំរាប់​រុស្ស៊ី​បញ្ជូន​ឧទ្ធម្ភាគចក្រ​ខ្លួន ទៅ​បំពាក់​​កងទ័ព​អាហ្វហ្កានិស្តង់។
 

ភាគី​រុស្ស៊ី និង​អូតង់ ក៏​ពិភាក្សា​គ្នា​យ៉ាង​សកម្ម អំពី​វិធានការ​សំរាប់​ប្រឈម​នឹង​ការ​គំរាមកំហែង ដល់​សន្តិសុខ នៅ​សតវត្ស​ទី​២១​នេះ ដែល​បង្ក​ឡើង​ដោយ អំពើ​ភេរវកម្ម ចោរ​សមុទ្ទ និង ការសាយភាយ​ធាតុ​បរមាណូ​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI