អូតង់

អូតង់​ពិភាក្សា​អំពី​អនាគត​ខ្លួន​នៅ​ព័រទុយហ្កាល់

អ្នក​រក្សា​សុវត្ថិភាព​​​ជំនួប​កំពូល​អូតង់ ឈរ​​នៅ​មុខ​បន្ទប់​អ្នក​សារព័ត៌មាន​ ថ្ងៃទី​១៨​វិច្ឆិកា ២០១០
អ្នក​រក្សា​សុវត្ថិភាព​​​ជំនួប​កំពូល​អូតង់ ឈរ​​នៅ​មុខ​បន្ទប់​អ្នក​សារព័ត៌មាន​ ថ្ងៃទី​១៨​វិច្ឆិកា ២០១០ REUTERS/Yves Herman

សមាជិក​ទាំង​២៨​របស់​អង្គការ​អូតង់ ត្រូវជួប​ប្រជុំ​គ្នា​ចាប់​ពី​ថ្ងៃ​សុក្រ​ទី ១៩ វិច្ឆិកា​ សំរាប់​រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ទីក្រុង​លីស្បូន​ប្រទេស​ព័រទុយហ្កាល់។ ប្រធាន​រឿង​សំខាន់ៗ នៃ​ជំនួប​មាន​ជា​អាទិ៍​ កាល​វិភាគ​នៃ​ការ​ដកទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្តង់ ពី​ពេល​នេះ ដល់​ឆ្នាំ​២០១៤ និង​សំណុំ​រឿង​ដាក់​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល​នៅ​អឺរ៉ុប។ ការ​កំណត់​​ឡើង​វិញ យុទ្ធសាស្ត្រ​របស់បក្ស​​សម្ព័ន្ធ​អាត្លង់ទិក​ នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​ភេរវកម្ម ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ចោរ​សមុទ្ទ និង​ការរីក​សាយ​ភាយ​នុយក្លេអ៊ែរ ក៏​ជា​របៀប​វារៈ​នៃ​ជំ​នួប​កំពូល​អូតង់​លើក​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ប្រមុខ​រដ្ឋ និង​រដ្ឋាភិបាល​ទាំង​២៨ ប្រទេស​ជា​សមាជិក​អូតង់ ជួប​ប្រជុំ​គ្នា​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​ព័រទុយហ្កាល់ នឹង​ត្រូវ​សិក្សា​ កំណត់​ឡើង​វិញ​ អំពី​​តួនាទី​ និង​យុទ្ធសាស្ត្រ​ថ្មី​របស់​បក្ស​សម្ព័ន្ធ​អូតង់ ទៅ​ថ្ងៃ​អនាគត ព្រោះ​​នៅ​ឆ្នាំ ១៩៤៩ អូតង់​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ប្រឆាំង​ទប់​នឹង​សង្គ្រាម​មនោគមវិជ្ជាកុម្មុយនិស្ត​​របស់​សូវៀត ប៉ុន្តែ​តាំង​ពី​សង្គ្រាម​ត្រជាក់​បិទ​បញ្ចប់​ទៅ ​អូតង់​មាន​ការ​វិវឌ្ឍន៍​​យ៉ាង​លំបាក​លំបិន។

ប៉ុន្តែ​ការ​គំរាម​កំហែង មាន​ជា​ប្រចាំ​នៅ​ក្នុង​លោក ៖ ភេរវនិយម​ -​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​គាំង​ស្តូង​ស្តឹង​ -ការ​គំរាម​កំហែង​ជីវសាស្ត្រ​ ឬ គីមីសាស្ត្រ ដែល​អាច​ធ្វើ​ប្រជាជន​ភ័យ​រន្ធត់​ស្លន់​ស្លោ -​ការ​ប៉ុន​ប៉ង​បង្កើត​អាវុធ​នុយក្លេអ៊ែរ របស់​ប្រទេស​រឹង​រូស​មួយ​ចំនួន សុទ្ធ​សឹង​ជា​​គ្រោះ​ថ្នាក់​​ថ្មី​ៗ មើល​មិន​ឃើញ​​ ដែល​អូតង់​ត្រូវ​ពិភាក្សាដោះ​ស្រាយ ​​រក​មធ្យោបាយ​​បច្ចេកទេស​ កម្លាំង​ធនធាន​មនុស្ស​ និង​ហិរញ្ញវត្ថុ​ សំរាប់​ជាប្រយោជន៍​​ការពារ​ប្រទេស​ជា​សមាជិក​ទាំង​២៨​របស់​ខ្លួន។

នៅ​ថ្ងៃ​សៅរ៍​ស្អែក ជំនួប​ប្រជុំ​នឹង​ផ្តោ​ត​ជា​សំខាន់​ទៅ​លើ​សំណុំ​រឿង​ប្រទេស​អាហ្វហ្កានីស្តង់។ ជាមួយ​អូតង់ ប្រទេស​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​បញ្ជូន​​កម្លាំង​ទៅ​ប្រទេស​អាហ្វហ្កានីស្តង់ នឹង​ធ្វើ​សេចក្តី​ថ្លែង​ការ​ណ៍​​ អំពី​ការ​ផ្តើម​ដក​ទ័ពអន្តរជាតិ​ចេញ​បណ្តើរៗ ដោយ​​​ផ្ទេ​រ​ការ​ទទួល​ខុស​ត្រូវ ទៅ​ឲ្យ​កង​ទ័ព​អាហ្វហ្កានិស្តង់ ពី​ពេល​នេះ​ដល់​ឆ្នាំ ២០១៤ ជា​អ្ន​ក​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​។

នៅ​ទី​បញ្ចប់​ គឺ​ជំនួប​រវាង​​ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​នៃ​បក្ស​សម្ព័ន្ធ​អូតង់ ​ជាមួយ​ លោក ប្រធានាធិបតី​រុស្ស៊ី​ មេដវេដេវ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រុស្ស៊ី-​អូតង់​ឡើង​វិញ បន្ទាប់​ពីបាន​ជួប​នឹង​ភាព​រអាក់​រអួល នៅ​ឆ្នាំ​២០០៨ ព្រោះ​ភ្លើង​សង្គ្រាម​មួយ​ឆាប​នៅ​ប្រទេស​Géorgie៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI