កម្ពុជា

នាយក​រដ្ឋមន្ត្រី ប្រកាស​បន្ត​​ពិភាក្សា​​លើ​សេចក្តី​ព្រាង​ច្បាប់​អង្គការ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន © ចាន់ណា/rfi

នៅ​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ទុក​លទ្ធភាព​៣ ទៅ ៤ ឆ្នាំ​ទៀត ដើម្បី​ឲ្យ​ក្រសួង​មហាផ្ទៃ និង​សង្គម​ស៊ីវិល ជជែក​គ្នា​បន្ត​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ហៅ​ថា ច្បាប់​អង្គការ។ តាម​លោក​នាយក​រដ្ឋមន្ត្រី រដ្ឋាភិបាល មិន​ប្រញាប់ប្រញាល់ ក្នុង​ការអនុម័ត​ពង្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នោះ​ទេ។ សង្គម​ស៊ីវិល បាន​សាទរ និង​ស្វាគមន៍​ចំពោះ​ការ​បន្ទន់​ជំហរ​របស់​រដ្ឋាភិបាល​ដូច្នេះ។​

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​វិទ្យាស្ថាន វ៉ាន់ដា ​ព្រឹក​ថ្ងៃទី​២៨​ធ្នូ ឆ្នាំ​២០១១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ប្រកាស​ថា ពង្រាង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិន​ទាន់​ចុះ​សម្រុង គឺ​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ អាច​ជួប​ជជែក​គ្នា ចាប់ពី​ពេលនេះ រហូត​ដល់​ឆ្នាំ​២០១៤ រហូតដល់​មាន​ការស្រុះស្រួល​គ្នា​រវាង​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ។ លោក​នាយក​រដ្ឋមន្ត្រី បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ប្រញាប់ប្រញាល់​ឲ្យចេញ​ច្បាប់​នោះ​ទេ។

​ជាមួយគ្នា​នោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើក​ឡើង​ពី​សារៈសំខាន់​របស់​សង្គម​ស៊ីវិល ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ក៏​បាន​យល់​ដឹង​ច្បាស់​អំពី​ភាព​ចាំបាច់​នៃ​ភាព​ជា​ដៃ​គូ ដែល​មិន​អាច​ខ្វះ​បាន​របស់​សង្គម​ស៊ីវិល ជាមួយ​រដ្ឋាភិបាល​ផងដែរ។​

​ក៏ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ច្បាប់​អង្គការ​នោះ ត្រូវ​ឲ្យ​ស្រប និង​ទទួល​យក​បាន​ទាំងអស់​គ្នា ដើម្បី​បង្ក​លក្ខណៈ កុំ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​ណា​មួយ​របស់​សង្គម​ស៊ីវិល ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​សព្វថ្ងៃ។ តាម​លោកនាយក​រដ្ឋមន្ត្រី ពង្រាង​ច្បាប់​អង្គការ​នោះ មិនមែន​ធ្វើ​ឡើង ដើម្បី​គាប​សង្កត់​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ទេ។

​ដោយ​បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​មាន​ច្បាប់​អង្គការ​ជា​ចាំបាច់ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ ត្រូវ​ខិតខំ​ស្វែង​រក​រូបមន្ត​ណា ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​នោះ ចេញ​ទៅ​បម្រើ​ដល់​ភាព​ស្រប​ច្បាប់ និង​សកម្មភាព​ទាំងឡាយ​របស់​សង្គម​ស៊ីវិល ហើយ​ឲ្យ​សង្គម​ស៊ីវិល​នោះ អាច​ទទួលបាន​នូវ​ផលប្រយោជន៍។

​ការលើក​ឡើង​ដូច្នេះ ទទួល​បាន​ការស្វាគមន៍​ភ្លាមៗ​ពី​សកម្មជន​សិទ្ធិមនុស្ស។ លោក អំ​សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស ឃ្លាំ​មើល​សិទ្ធិ​មនុស្ស របស់​អង្គការ​លីកាដូ បាន​សម្តែង​ការស្វាគមន៍ និង​គាំទ្រ​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល ហើយ​ថា ការ​បើក​ទូលាយ​ឲ្យ​មាន​កិច្ចពិភាក្សា​បន្តនោះ នឹង​មាន​ច្បាប់​មួយ​ដែល​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ដែល​អាច​ការពារ និង​សម្រួល​ដល់​ការងារ​របស់​សង្គម​ស៊ីវិល។​

​ក្រៅពី​ស្វាគមន៍​នូវ​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ចង់ឲ្យ​មាន​វប្បធម៌​ជជែក​គ្នា មិនមែន​សម្រាប់​តែ​ច្បាប់​អង្គការ​នេះ​ទេ តែ​ត្រូវ​មាន​ការ​ជជែក​លើ​ច្បាប់​ដទៃៗ ដើម្បី​ឲ្យ​សង្គម​ស៊ីវិល អាច​ជូន​យោបល់​ទៅ​ក្រសួង​ពាក់ព័ន្ធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI