ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រនៅរុស្ស៊ី នគរបាល ប្រែឈ្មោះទៅជា “ប៉ូលិស”
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ច្បាប់ស្តីអំពី “ប៉ូលិស” ដែលចូលជាធរមានចាប់ពីថ្ងៃទី១មីនាឆ្នាំ ២០១១នេះទៅ បានត្រូវផ្តួចផ្តើមបំផុសមក គឺដោយលោក ប្រធានាធិបតី Medvedev ផ្ទាល់តែម្តង ក្នុងក្របខ័ណ្ឌនៃនយោបាយធ្វើទំនើបកម្មប្រទេសរុស្ស៊ី។ តាមប្រសាសន៍គាត់ ឈ្មោះ “ប៉ូលិស” នេះ គឺធ្លាប់មាននៅរុស្ស៊ីសម័យស្តេច Tsar ហើយត្រូវគេនិយមប្រើ នៅតាមប្រទេសស៊ីវីល័យ។
សេចក្តីរាយការណ៍របស់ កែវ ឆាយា ពីទីក្រុងម៉ូស្គូ
ជាបឋម គួររំលឹកថា ពាក្យថា “នគរបាល” បានចាប់កំណើតមកនៅរុស្ស៊ី គឺនៅថ្ងៃ ១០វិច្ឆិកា ឆ្នាំ១៩១៧ បានន័យថា៣ថ្ងៃក្រោយពីបដិវត្តន៍សង្គមនិយម ផ្តួលរបបគ្រប់គ្រងស្តេច Tsar មក។ ដូច្នេះ នគរបាល បានមានអត្ថិភាពនៅសហភាពសូវៀត បន្ទាប់មកនៅរុស្ស៊ី សរុបទៅគឺអស់៩៤ឆ្នាំ។ ចាប់ពីអំណើះតទៅ ចូលខ្លួនទៅជំនួសពាក្យ “នគរបាល” គឺពាក្យថា “ប៉ូលិស” តែម្តង។
តាំងពីមាត្រាទី១ម៉្លេះ នៃច្បាប់នេះ គឺរំលេចឲ្យឃើញ ពីមនោគមវិជ្ជាអាជីពផ្ទាល់នៃអង្គការមហាផ្ទៃរុស្ស៊ី ៖ “ប៉ូលិស” មិនមែនជាអ្វីដែលហៅថា “ដាវបង្ក្រាបរបស់មហាអំណាច” ទេ ហើយក៏មិនមែនជា “ឧបករណ៍របស់រដ្ឋសំរាប់ប្រព្រឹត្តអំពើហិង្សា”ទៅលើប្រជាជនឡើយ។ ភារកិច្ចបឋមទីមួយរបស់“ប៉ូលិស” គឺ ការពារសិទ្ធិនិងសេរីភាពពលរដ្ឋ ប្រឈមនឹងឧក្រិដ្ឋកម្ម ថែរក្សាសណ្តាប់ធ្នាប់សង្គម ការពារកម្មសិទ្ធិ និង ធានាឲ្យមានសន្តិសុខសង្គម។
ក្នុងបទអំពាវនាវធ្វើទៅកាន់ប្រជាពលរដ្ឋ ក្នុងឱកាសចូលជាធរមាននៃច្បាប់ថ្មី លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី Rashid Nurgaliev បានសំណូមពរគេ ឲ្យពេលនិយាយទៅកាន់ “ប៉ូលិស” គប្បីហៅ ភ្នាក់ងារប៉ូលិសនោះថា “លោកប៉ូលិស”។
ស្របនឹងច្បាប់ស្តីអំពី “ប៉ូលិស” “នគរបាល”សព្វថ្ងៃ ដើម្បីក្លាយទៅជាប៉ូលិស គឺត្រូវរងវិញ្ញាសាជា៣ដំណាក់កាល ៖
- ដំណាក់ទី១ គឺ ត្រូវរងតេស្តនៅពីមុខគ្រូពេទ្យចិត្តសាស្ត្រ ដែលចោទជាសំណួរកំប៉ិកកំប៉ុក ប្រមាណ ៦០០ សំណួរ ស្ទង់ចិត្តគំនិតសាមីជន។
- ដំណាក់ទី២ គឺ អំពីអាការៈសុខភាពអនាគតប៉ូលិស នៅពីមុខ “គណៈកម្មការពេទ្យយោធា”។
- ដំណាក់កាលទី៣ សាមីជនត្រូវឆ្លើយនៅពីមុខម៉ាស៊ីន ដែលស្ទង់អំពីចរិយាសុចរិតស្មោះត្រង់របស់គេ។
បើគេប្រឡងធ្លាក់ គឺមិនអាចក្លាយជា ប៉ូលិសទេ។ បច្ចុប្បន្ន នៅរុស្ស៊ី មាននគរបាលចំនួន ១លាន៤សែននាក់ ដែលក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ ទៅទល់ដើមឆ្នាំ ២០១២ ត្រូវកាត់បន្ថយឲ្យអស់២០% ឬអស់ ២សែន៨ម៉ឺននាក់ ដើម្បីនៅសល់ត្រឹម ១លាន១សែន២ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ