កម្ពុជា

សមាជិក​ព្រឹទ្ធសភា និង​ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី ខេត្ត​កំពង់ចាម ១០ រូបចុះចូល​គណបក្ស​សិទ្ធិមនុស្ស

​លោក​វ៉ាន់ ស៊ីវឿន (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ក្នុង​ពិធី​បង្ហាញខ្លួន ចូលក្នុង​គណបក្ស​សិទ្ធិមនុស្ស​ នៅព្រឹកថ្ងៃ​ទី១១តុលា ឆ្នាំ​២០១១
​លោក​វ៉ាន់ ស៊ីវឿន (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ក្នុង​ពិធី​បង្ហាញខ្លួន ចូលក្នុង​គណបក្ស​សិទ្ធិមនុស្ស​ នៅព្រឹកថ្ងៃ​ទី១១តុលា ឆ្នាំ​២០១១ ©លី ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សមាជិក​ព្រឹទ្ធសភា​ម្នាក់ និង​ថ្នាក់ដឹកនាំ​តាម​ស្រុក​នានា របស់​គណបក្ស​សម​រង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម ចំនួន ៩ រូប ផ្សេងទៀត បានប្រកាស​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស របស់លោក កឹម សុខា។ អ្នកនយោបាយ​ទាំង ១០ រូបនោះ ទើបតែ​ត្រូវបាន​គណបក្ស​សមរង្ស៊ី សម្រេច​លុបឈ្មោះ ចេញ​ពី​បញ្ជី​គណបក្ស កាលពី​ថ្ងៃ​ទី​៧​តុលា។ គណបក្ស​សមរង្ស៊ី ចាត់ទុកថា នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី ដែល​គណបក្ស​កាន់អំណាច ប្រើប្រាស់ ដើម្បី​បំបែក​សម្លេង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

សមាជិក​គណបក្ស​សម​រង្ស៊ី​ទាំង ១០ រូបនោះ ត្រូវបាន លោក ម៉ៅ មុនីវណ្ណ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស ទទួល​ស្វាគម។ ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​ទាំង​១០ រូប ដែល​បាន​បង្ហាញ​មុខ ក្នុង​សន្និសីទ​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​១១​តុលា ឆ្នាំ​២០១១ មិន​មាន​លោក តុ វ៉ាន់​ចាន់ សមាជិក​រដ្ឋសភា​គណ​បក្ស​សមរង្ស៊ី ដែល​ទើបតែ​លុបឈ្មោះ​ឡើយ។ ថ្នាក់ដឹកនាំ​ទាំង ១០ រូបនោះ រួមមាន លោក វ៉ាន់ ស៊ីវឿន សមាជិក​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម របស់​គណបក្ស​សម​រង្ស៊ី ព្រមទាំង​ប្រធាន​គណបក្ស​សមរង្ស៊ី ប្រចាំ​ស្រុក​ជាច្រើន នៅ​ខេត្ត​កំពង់ចាម។

 
លោក ម៉ៅ មុនីវណ្ណ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម បាន​ហៅ​ការសម្រេចចិត្ត​ចូលមក​ក្នុង​គណបក្ស​សិទ្ធិមនុស្ស​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​ពេលនេះ ថា​ធ្វើ​ឡើង តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ជំរុញ​ឲ្យ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​រួមគ្នា ដើម្បី​ក្លាយជា​ចលនា​ប្រជាធិបតេយ្យ​មួយ​ដ៏​ធំ ឲ្យមាន​ការផ្លាស់ប្តូរ​មេដឹកនាំ​ទៅ​អនាគត ឲ្យបាន​ជោគជ័យ។

ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​ទាំង ១០ រូប ដែល​បាន​ចូលរួម​ក្នុង​គណបក្ស​សិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ដោយ​រិះគន់​ចំពោះ​នយោបាយ​របស់​គណបក្ស​សមរង្ស៊ី ហើយ​ថា គណបក្ស​សមរង្ស៊ី ដែល​តាំងខ្លួន​ជា​គណបក្ស​ប្រជាធិបតេយ្យ​ពេលនេះ ក្លាយ​ជា​គណបក្ស​ផ្តាច់ការ និង​បម្រើ​តែ​ផលប្រយោជន៍​ថ្នាក់ដឹកនាំ ២-៣ គ្រួសារ​ប៉ុណ្ណោះ។

ក៏​ប៉ុន្តែ​លោក គឹម​សួរ ភិរិទ្ធ អ្នកនាំពាក្យរង​របស់​គណបក្ស​សមរង្ស៊ី មើល​មិនឃើញ ចលនា​បង្រួបបង្រួម​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស​ទេ តែ​លោក​ចាត់​ទុក​ការចាកចេញ​ពី​គណបក្ស​សមរង្ស៊ី ទៅ​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​ពេលនេះ ថា​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច ដើម្បី​ជួយ​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស ទាញ​យក​ប្រជាប្រិយភាព​ពី​គណបក្ស​សមរង្ស៊ី​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០១១ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សម​រង្ស៊ី បាន​សម្រេច​លុបឈ្មោះ លោក វ៉ាន់ ស៊ី​វឿន សមាជិក​ព្រឹទ្ធសភា និង​លោក តុ វ៉ាន់​ចាន់ សមាជិក​រដ្ឋសភា ចេញ​ពី​បញ្ជី​គណបក្ស​សមរង្ស៊ី ព្រមទាំង​សមាជិក​គណបក្ស​សម​រង្ស៊ីជាច្រើននាក់​ផ្សេងទៀត នៅ​ខេត្ត​កំពង់ចាម ដែល​បាន​មក​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស នៅថ្ងៃអង្គារនេះ។

ក្រោយ​ពី​ចាកចេញ​ពី​គណបក្ស​សមរង្ស៊ី ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​២៣​មីនា ឆ្នាំ​២០១១ លោក ម៉ៅ មុនី​វណ្ណ បាន​ដឹកនាំ​សកម្មជន​ថ្នាក់​ខេត្ត​កំពង់ចាម និង​ខេត្តពោធិ៍សាត់​របស់​គណ​បក្ស​សមរង្ស៊ី សរុប​ប្រមាណ​ជាង ២០ នាក់ ចេញពី​គណបក្ស​សមរង្ស៊ី ទៅ​ចូលរួម​នយោបាយ​ជា​បន្តបន្ទាប់​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម​សុខា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI