Wen Jiabao ៖ អតិផរណាជាបញ្ហាធំ តែគ្មានទេក្លិនបដិវត្តន៍ផ្កាម្លិះនៅប្រទេសចិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មហាសន្និបាតសភាប្រជាជនចិនត្រូវបានបញ្ចប់ នៅថ្ងៃចន្ទទី១៤មីនានេះ។ លោកនាយករដ្ឋមន្ត្រីចិនWen Jiabao បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធទប់ទល់នឹងបញ្ហាទំនិញឡើងថ្លៃ។ លោកWen Jiabao ក៏បានលើកឡើងដែរអំពីបដិវត្តន៍ផ្កាម្លិះនៅក្នុងពិភពអារ៉ាប់ និងអំពីកំណែទម្រង់នយោបាយ។
សេចក្តីរាយការណ៍របស់ តាន់ ហ្សង់-ហ្វ្រង់ស័រ
ចំពោះលោកWen Jiabao ការប្រយុទ្ធទប់ទល់នឹងអតិផរណា គឺជាអាទិភាពសំខាន់ជាងគេមួយបង្អស់របស់រដ្ឋាភិបាលចិន ពីព្រោះតាមសំដីរបស់លោក បញ្ហាទំនិញឡើងថ្លៃ គឺដូចសត្វខ្លាអ៊ីចឹង បើវារួចពីទ្រុងហើយ ពិបាកនឹងស្ទាក់ចាប់វាបានមកវិញណាស់។ ប៉ុន្មានខែចុងក្រោយនេះ អតិផរណាចេះតែកើនឡើង កើនប្រមាណជាង៤ភាគរយ កាលពីខែមករាកន្លងទៅ និងប្រមាណ៤,៩ភាគរយនៅខែកុម្ភៈមុននេះ។ រដ្ឋាភិបាលចិនបារម្ភខ្លាចទំនិញឡើងថ្លៃ ជាពិសេសស្បៀងអាហារឡើងថ្លៃ បង្កឲ្យមានការងើបបះបោរឬបាតុកម្មផ្សេងៗនាពេលខាងមុខ។
នាឱកាសសន្និសីទសារព័ត៌មានដដែលនោះ លោកWen Jiabao ក៏បាននិយាយបន្តិចបន្តួចដែរពីបដិវត្តន៍ផ្កាម្លិះនៅក្នុងពិភពអារ៉ាប់។ ចំពោះលោកប្រមុខរដ្ឋាភិបាលចិន អ្វីដែលបាននិងកំពុងបន្តកើតឡើងនៅមជ្ឈិមបូព៌ានិងនៅអាហ្វ្រិកខាងជើង មិនអាចកើតមានឡើយ នៅក្នុងប្រទេសចិន ដ្បិតសង្គមចិននិងសង្គមអារ៉ាប់មិនដូចគ្នាទេ។
យ៉ាងណាក៏ដោយ លោកWen Jiabao ទទួលស្គាល់ថា ការធ្វើកំណែទម្រង់នយោបាយជាការមួយចាំបាច់ ពីព្រោះតាមសំដីរបស់លោក«បើគ្មានកំណែទម្រង់នយោបាយ កំណែទម្រង់សេដ្ឋកិច្ចនឹងមិនអាចបន្តមានដំណើរការទៅមុខទៀតបានទេ ហើយលទ្ធផលដែលប្រទេសជាតិទទួលបានមកទល់ពេលនេះ ក៏នឹងរលាយសាបសូន្យអស់ទៅវិញដែរ»។ ប៉ុន្តែលោកប្រមុខរដ្ឋាភិបាលចិនដែលបាននិយាយពីកំណែទម្រង់នយោបាយនេះ រួចម្តងទៅហើយ កាលពីខែសីហាឆ្នាំទៅមិញ មិនបានពន្យល់ច្បាស់ទេ នូវអ្វីដែលលោកហៅថា កំណែទម្រង់នយោបាយនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ