អានតួអត្ថបទ
កម្ពុជា​

គ.ជ.ប ៖ កៅអី​តំណាងរាស្ត្រ​លោក សម រង្ស៊ី អាច​នៅ​ទំនេរ​រហូត​ដល់​ចប់​អាណត្តិ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ©ម៉េងហួរ/RFI
ដោយ៖ ប៉ែន បូណា
២១ នាទី

បន្ទាប់​ពី​រដ្ឋសភា​បាន​លុប​ឈ្មោះ​លោក​សម រង្ស៊ី​ចេញ​ពី​បញ្ជី​តំណាងរាស្រ្ត​មណ្ឌល​កំពង់ចាម​មក​ គណបក្ស​សម រង្ស៊ី​ មិន​បាន​ស្នើ​ឈ្មោះ​បេក្ខជន​ថ្មី​មក​ជំនួស​កៅអី​លោក ​សម រង្ស៊ី​ នៅ​ក្នុង​រដ្ឋសភា​ទេ។ ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​ បាន​បកស្រាយ​ថា ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​មិន​បាន​ចែង​ពី​វិធានការ ​បង្ខំ​ណា​មួយ​ឱ្យ​គណបក្ស​នយោបាយ​ត្រូវ​តែ​ដាក់​បេក្ខជន​ថ្មី​មក​ជំនួស​កៅអី ​តំណាងរាស្ត្រ​ដែល​បាត់បង់​សុពលភាព​​នោះ​ឡើយ។ ​ដូច្នេះ​កៅអី​តំណាងរាស្ត្រ​លោក​សម រង្ស៊ី​អាច​នៅ​ទំនេរ​រហូត​ដល់​ចប់​អាណត្តិ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

ទោះបី​ជា​លោក​ សម រង្ស៊ី​ បាន​បាត់បង់​បុព្វសិទ្ធិ​ជា​តំណាងរាស្ត្រ​ហើយ​ក៏​ដោយ​ ក៏​គណបក្ស​ប្រឆាំង​មួយ​នេះ​មិន​ស្នើ​បេក្ខជន​ថ្មី​ទៅ​ជំនួស​កៅអី​លោក​ សម រង្ស៊ី​ នៅ​ក្នុង​រដ្ឋសភា​ដែរ។ ​លោក​សម រង្ស៊ី ​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា​លោក​នៅ​តែ​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ដដែល​ ពីព្រោះ​ប្រជាពលរដ្ឋ​ជា​អ្នក​បោះឆ្នោត​ឱ្យ​លោក។ ​មេដឹកនាំ​បក្ស​ប្រឆាំង​សង្ឃឹម​ថា​ លោក​អាច​វិល​មក​កាន់កាប់​កៅអី​តំណាងរាស្ត្រ​របស់​ខ្លួន​វិញ​នៅ​ពេល​ណា​មួយ។

ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​បែប​នេះ ​លោក ​ទេព ​នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​បាន​ពន្យល់​ថា​ ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​មួយ​ស្នើ​បេក្ខជន​ថ្មី​ដាក់​ជំនួស​បេក្ខជន​តំណាងរាស្ត្រ​ចាស់​ដែល​អស់​សុពលភាព ​ប៉ុន្តែ​ច្បាប់​មិន​បាន​ចែង​ពី​វិធានការ​បង្ខំ​ណាមួយ​ទេ។ ​ដូច្នេះ ​គណបក្ស​សម រង្ស៊ី ​អាច​ទុក​កៅអី​តំណាងរាស្ត្រ​របស់​លោក​សម រង្ស៊ី​ឱ្យ​នៅ​ទំនេរ​បាន​រហូត​ដល់​ចប់​អាណត្តិ។ ​ប៉ុន្តែ ​បើ​យោង​តាម​លោក ​ទេព ​នីថា ​លោក ​សម រង្ស៊ី​ នឹង​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​បាន​ទេ​ក្នុង​ករណី​ដែល​លោក​ត្រូវ​បាន​តុលាការ​កំពូល​ផ្តន្ទាទោស​ពី​បទ​ព្រហ្មទណ្ឌ។

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​ត្រូវ​បាន​រដ្ឋសភា​ជាតិ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អ្នក​តំណាងរាស្ត្រ​ចាប់ពី​ថ្ងៃទី​១៥​មីនា​មក​ បន្ទាប់​ពី​សាលដីកា​របស់​តុលាការ​កំពូល​បាន​ចូល​ជា​ធរមាន។ ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​តុលាការ​ទាំងបី​ថ្នាក់​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ក្នុង​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង​កាលពី​ចុង​ខែ​តុលា​ឆ្នាំ២០០៩។ ​ក៏​ប៉ុន្តែ ​លោក​ សម រង្ស៊ី​ បដិសេធ​មិន​ទទួល​យក​ការ​កាត់ក្តី​នេះ​ទេ​ ដោយ​លោក​អះអាង​ថា​ជា​អំពើ​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន។

គណបក្ស​សម រង្ស៊ី​មាន​តំណាងរាស្ត្រ ​២៦​ រូប​នៅ​ក្នុង​រដ្ឋសភា​រាប់​ទាំង​លោក​សម រង្ស៊ី​ផង។ ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី​ចេញពី​បញ្ជី​តំណាងរាស្ត្រ​នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​នេះ​នៅ​សល់​តំណាងរាស្ត្រ​តែ​២៥​នាក់​ប៉ុណ្ណោះ។ ​អវត្តមាន​របស់​លោក​សម រង្ស៊ី​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​អនាគត​របស់​គណបក្ស​ប្រឆាំង​ធំជាង​គេ​មួយ​នេះ។ ​យ៉ាងណាក៏​ដោយ​ លោក​សម រង្ស៊ី​សង្ឃឹម​ថា​ ដំណោះស្រាយ​នយោបាយ​មួយ​នឹង​អាច​អនុញ្ញាត​ឱ្យ​លោក​វិល​មក​កាន់​កាប់​កាប់​កៅអី​តំណាងរាស្ត្រ​របស់​ខ្លួន​វិញ​ ក៏​ដូច​ជា​បន្ត​សកម្មភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​វិញ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ