កម្ពុជា

អ្នក​ជក់​បារី​នៅ​កម្ពុជា​ថយ​ចុះ

លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុង​ឱកាស​ទិវា​ពិភពលោក​​គ្មាន​ថ្នាំ​ជក់
លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុង​ឱកាស​ទិវា​ពិភពលោក​​គ្មាន​ថ្នាំ​ជក់ ©RFI-ដឺលុច

កម្ពុជា​បាន​ចូលរួម​ក្នុង​ទិវា​គ្មាន​ថ្នាំជក់​នៅថ្ងៃនេះ ដោយ​បង្កើន​ការ​ផ្សព្វផ្សាយ​ស្តី​កាត់បន្ថយ​ការ​ជក់​បារី​បន្ថែម​ទៀត នៅពេល​ដែល​កម្ពុជា​កំពុង​មាន​និន្នាការ​នៃ​ការ​ថយចុះការ​ជក់បារី​ហើយ​នោះ។ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​រយៈ​ពេល​ជាង​១០ឆ្នាំ​ហើយ ដើម្បី​បង្កើត​កន្លែង​គ្មាន​ផ្សែងបារី​អោយ​កាន់តែ​ច្រើន។ ការអង្កេត​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បង្ហាញ​អោយ​ឃើញថា ក្នុងរយៈ​ពេល​៥​ឆ្នាំ​​ចុង​ក្រោយ​នេះ ចំនួន​មនុស្ស​ពេញ​វ័យ​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ ដែល​ជក់​បារី​បាន​ថយចុះ​៥ភាគរយ​ក្នុង​ចំណោម​បុរស និង​៣ភាគរយ​ចំពោះ​ស្ត្រី។

ផ្សាយពាណិជ្ជកម្ម

ចូលរួម​ក្នុង​”ទិវាពិភពលោក​គ្មាន​ថ្នាំ​ជក់" នៅ​ថ្ងៃ​អង្គារ​ទី​៣១​ឧសភា​នេះ គឺ​ជា​ការ​ប្តេជ្ញា​បន្ថែម​ទៀត​របស់​កម្ពុជា​ចំពោះ​ការ​កាត់បន្ថយ​ការ​ជក់បារី​នៅក្នុង​ប្រទេស​នេះ។ ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ក្នុង​ឆ្នាំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ "អនុសញ្ញា​ស្តី​ពី​ការត្រួត​ពិនិត្យ​ថ្នាំ​ជក់"។

រដ្ឋាភិបាល និង​អង្គការក្រៅ​រដ្ឋាភិបាល​នៅប្រទេស​កម្ពុជា​បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ​កាត់​បន្ថយ​ការ​ជក់​បារី​ជាច្រើន​ឆ្នាំ​មក​ហើយ។ ក្នុង​ពិធី​ដែល​ត្រូវ​បាន​រៀបចំ​នៅក្នុង​ក្រសួង​សុខាភិបាល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព លោក​ ឃុន សូគ្រីន​ បាន​ថ្លែង​រម្លឹក​ថា ថ្នាំជក់​គឺ​ជា​ផលិតផល​ដែល​បង្ក​បញ្ហា​យ៉ាង​ធំធេង​ដល់​សុខភាព​សាធារណៈ បរិស្ថាន និង​សេដ្ឋកិច្ច​សង្គម។ លោក​បន្ត​ថា ថ្នាំជក់​បាន​សម្លាប់​មនុស្ស​ម្នាក់​ក្នុង​ចំណោម​២​នាក់ ដែល​សេព​ប្រភេទ​គ្រឿង​ញៀន​នេះ​រយៈ​ពេល​វែង ហើយ​ពាក់​កណ្តាល​នៃ​អ្នក​ទាំងនេះ​បាន​ស្លាប់​ក្នុងចន្លោះ​អាយុ​ពី​៣០​ទៅ​៦០​ឆ្នាំ។ បច្ចុប្បន្ន​នេះ ថ្នាំជក់​កំពុង​សម្លាប់​មនុស្ស​ក្នុង​ពិភពលោក​ប្រមាណ​៤​លាន​៥​សែន​នាក់​ក្នុង​មួយ​ឆ្នាំ។

ការ​អង្កេត​ចុង​ក្រោយ​ឆ្នាំ​២០១១​លើ​អ្នក​ជក់​បារី​នៅ​កម្ពុជា​បាន​បង្ហាញ​ថា មាន​មនុស្ស​ប្រុស​៤២​ភាគរយ​ជា​អ្នក​ជក់​បារី ពោល​គឺ​១​លាន​៥​សែន​នាក់ រីឯ​ស្ត្រី​មាន​១៤​ភាគរយ​ គឺ​ជា​អ្នក​ចុក​ថ្នាំ ពោល​គឺ​៥​សែន​៥​ម៉ឺន​នាក់។ ទោះ​យ៉ាង​ណា​ក៏​ដោយ ចំនួន​នៃ​អ្នក​ប្រើប្រាស់​ថ្នាំជក់​ទាំងពីរ​ភេទ​នៅ​កម្ពុជា​កំពុង​ថយ​ចុះ។

ទំនងជា​ដោយសារ​លទ្ធផល​នេះ​ហើយ បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ទទួល​ពាន​រង្វាន់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ កាល​ពី​ព្រឹកមិញ​នេះ ពី​អង្គការ​សុខភាព​ពិភពលោក។

ជា​វិធានការ​មួយទប់ស្កាត់​រីកសាយ​ភាយ​នៃ​ការ​ជក់បារី ក្រសួង​សុខាភិបាល និងក្រសួង​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​អំពី​ការហាមប្រាម​មិនអោយ​មាន​ការផ្សាយ​ពាណិជ្ជកម្ម​លើ​ផលិតផល​ថ្នាំជក់​នៅតាម​បណ្តាញ​ផ្សព្វផ្សាយ។ ប៉ុន្តែ​វិធានការ​នេះ​នៅ​មិន​ទាន់​អនុវត្ត​មាន​ប្រសិទ្ធិភាព​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI