រុស្ស៊ី-ចិន

Macao​ ជា​”តំបន់​រដ្ឋបាល​ពិសេស​” របស់​ចិន​​លុប​ទិដ្ឋាការ​សម្រាប់​ជាតិ​រុស្ស៊ី​

ពលរដ្ឋ​រុស្ស៊ី​​អាច​ចូល​ទឹកដី Macao ​តំបន់ទេសចរណ៍​ដីល្បី​របស់​ចិនចំនួន​៣០​ថ្ងៃ​ដោយ​មិន​បាច់មាន​ទិដ្ឋាការទេ
ពលរដ្ឋ​រុស្ស៊ី​​អាច​ចូល​ទឹកដី Macao ​តំបន់ទេសចរណ៍​ដីល្បី​របស់​ចិនចំនួន​៣០​ថ្ងៃ​ដោយ​មិន​បាច់មាន​ទិដ្ឋាការទេ RFI/Keo Chhaya

ស្របនឹង​កិច្ច​ព្រមព្រៀង​ចុះ​ថ្ងៃ​១៩​មិថុនា​ម្សិលមិញ​នៅ​ក្រុងប៉េកាំង​ ពលរដ្ឋ​រុស្ស៊ី​ អាច​ធ្វើ​ដំណើរ ​ចូល​ទឹកដី​ Macao ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​ចិន​សម្រាប់​រយៈ​ពេល​ ៣០​ថ្ងៃ​ ដោយ​មិន​បាច់​មាន​ទិដ្ឋាការ​ទេ។​

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសចិន លោក Serguei Razov និងរដ្ឋមន្ត្រីខាងបញ្ហារដ្ឋបាលនិងយុត្តិធម៌ទឹកដី Macao  លោកស្រី Florinda Da Rosa Sylva Chan។

អ្នកការទូតរុស្ស៊ី រំពឹងថា ការលុបទិដ្ឋាការនេះនឹងទាក់ចិត្តទេសចររុស្ស៊ីទៅលើក្រុង Macao ដូច ទៅលើក្រុង Hongkong អ៊ីចឹង។ យ៉ាងណាមិញ ក្រោយពីកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលចិន-​រុស្ស៊ីបែបនេះបានចូលជាធរមាន តាំងពីខែកក្កដាឆ្នាំ២០០៩មក ចំនួនទេសចររុស្ស៊ី ដែល​ទៅ​ទស្សនា ​ក្រុង​ Hongkong​ ជា​”តំបន់​រដ្ឋបាល​ពិសេស​”មួយ​ទៀត​ របស់​ចិន​បាន​កើន​ឡើង​ដល់​ទៅ ៣ដង។ គ្រាន់តែក្នុង១ខែកុម្ភៈឆ្នាំនេះ មានទេសចររុស្ស៊ី ១ម៉ឹន៦ពាន់នាក់ បាន​ទៅ​កាន់​ក្រុង​នេះ។

ជាការប្រៀបធៀប គឺពេញ១ឆ្នាំ២០១១កន្លងទៅ ដែលមានទេសចររុស្ស៊ី ចំនួន ១​ម៉ឹន​៦​ពាន់​នាក់​បែបនេះ បានទៅទស្សនានិង​ទៅលេង Casino នៅ ក្រុង Macao។ មកទល់ឥឡូវ គេ​ត្រូវ​បង្ខំ​​ចិត្ត​ទទួលទិដ្ឋាការគឺនៅត្រង់ប៉ុស្តកុងត្រូលច្រកចេញចូល “ដែនដីរដ្ឋបាលពិសេស”នោះ។

បើនិយាយពីចំនួនទេសចររុស្ស៊ី ដែលបានទស្សនាប្រទេសចិនទាំងមូលវិញក្នុងឆ្នាំ២០១១ កន្លង​​ទៅ​គឺមានចំនួន ២លាន៤សែននាក់។ ចំណែកទេសចរចិន ដែលបានមកទស្សនា ប្រទេស​រុស្ស៊ី​ក្នុងរយៈពេលដូចគ្នានេះ គឺប្រមាណ ១លាននាក់។

ភាគីរុស្ស៊ី ក៏សង្ឃឹមថា កិច្ចព្រមព្រៀងដែលមានចុះ នឹងជំរុញ ឲ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី បើក ជើងហោះហើរត្រង់ភ្លឹង ជាបឋម គឺចេញពីក្រុងនានា នៃតំបន់ចុងបូព៌ារុស្ស៊ី ទៅកាន់ ក្រុង Macao តែម្តង។

គួររំលឹកថា Macao មានផ្ទៃដី១៦គ.ម.ក្រឡា និងបណ្តាជនកន្លះលាននាក់ ស្ថិតនៅឆ្នេរ​ខាង​ត្បូង​ប្រទេសចិន បានធ្លាក់ទៅនៅក្រោម អាណានិគម Portugal ក្នុងឆ្នាំ១៥៥៧។លុះ៤​សតវត្ស​​​កន្លះ ក្រោយមក ក្នុងឆ្នាំ ១៩៩៩ វា ត្រូវបានបង្វែរទៅ នៅក្រោមអធិបតេយ្យ​របស់​ចិន​វិញ​ ស្របនឹង កិច្ចព្រមព្រៀងចុះ ឆ្នាំ ១៩៨៧ រវាងក្រុង Pekin និង Lisbonne ស្តីអំពី​ការ​ប្រែ​ទឹកដី​នេះ ទៅជា ”តំបន់រដ្ឋបាលពិសេស” របស់ចិន ដោយឈរលើគោលការណ៍ ៖
“ ប្រទេសតែមួយ - ប៉ុន្តែប្រព័ន្ធគ្រប់គ្រងមានពីរ”។

រហូតដល់ឆ្នាំ ២០៤៩ នៅ Macao នឹងនៅរក្សា ទុកដដែល ប្រព័ន្ធនយោបាយ និង សេដ្ឋកិច្ច ដែលធ្លាប់មានពី សម័យអាណានិគម។ ចំណែក ក្រុង Pekin ទទួលខុសត្រូវ គឺតែ​ចំពោះ​វិស័យ​ការពារ​ជាតិ និង ទំនាក់ទំនងការទូត របស់ ”តំបន់រដ្ឋបាលពិសេស”នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI