អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក

កូរ៉េ​ខាងជើង​មិន​ព្រមចាញ់ការ​គំរាម​របស់​ទីក្រុង​វ៉ាស៊ីនតោន

លោកគីម ជុងអ៊ុន​ មេដឹកនាំថ្មីរបស់កូរ៉េខាងជើង
លោកគីម ជុងអ៊ុន​ មេដឹកនាំថ្មីរបស់កូរ៉េខាងជើង © Reuters/Télévision coréenne.
ដោយ៖ អ៊ុង ច័ន្ទ​សោភា
១៥ នាទី

បើទោះបីជា មាន​ការគំរាម​ដកជំនួយ​ស្បៀងអាហារ​ពី​សហរដ្ឋអាមេរិក ក៏​កូរ៉េខាងជើង​បានប្រកាស​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៨មីនា​នេះ សាជាថ្មី​ម្តង​ទៀត​ថា​ ប្រទេស​នេះ​នៅតែ​ប្រកាន់​គោលជំហរ​អនុវត្ត​គម្រោង​បាញ់​រ៉ូកែត​ផ្ទុក​ផ្កាយរណប​នៅក្នុង​ឱកាស​ពិធី​រំលឹក​ខួប​១០០ឆ្នាំ​របស់​អតីត​អគ្គមគ្គុទ្ទេសក៍ គីម អ៊ីលស៊ុង នៅ​ខែ​មេសា​ខាងមុខ​នេះ។ ទីក្រុង​ព្យុងយ៉ាង ថែម​ទាំង​រិះគន់​តបត​ទៅវិញ នយោបាយ​កាន់ជើង​ម្ខាងៗ​របស់​ទីក្រុង​វ៉ាស៊ីនតោន។ ហើយ​ដើម្បី​សបញ្ជាក់​ពីភាព​ស្អាតស្អំ​របស់ខ្លួន ប្រទេស​ផ្តាច់ការ​មួយនេះ​បានប្រកាស​អញ្ជើញ​អ្នកសង្កេតការណ៍​និង​អ្នកកាសែត​បរទេស​អោយ​ចូល​ទស្សនា​ការ​បាញ់​រ៉ូកែត​ផ្ទុក​ផ្កាយរណប​ផ្ទាល់​តែម្តង។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ខាង​បច្ចេកវិទ្យា​អវកាស​របស់​កូរ៉េ​ខាងជើង នឹង​ផ្ញើ​លិខិត​អញ្ចើញ​អ្នកជំនាញការ​អន្តរជាតិ​អោយ​ចូលរួម​ទស្សនា​ពិធី​បាញ់​រ៉ូកែត​ផ្ទុកផ្កាយរណប​នៅ​នឹង​កន្លែង​ផ្ទាល់​តែម្តង នៅ​ខែ​ក្រោយនេះ នេះ​បើ​តាម​ការ​អះអាង​របស់​ទីភ្នាក់ងារ​ពត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាងជើង KCNA។ អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ អង្គការ​នាវាចរ​ណ៍តាមសមុទ្រ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ត្រូវ​បាន​ទីក្រុង​ព្យុងយ៉ាង ផ្តល់​ដំណឹង​ផងដែរ​ពី​គម្រោង​ខាងលើ។

បើទោះបីជា សហរដ្ឋអាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ដទៃ​ទៀត​បាន​ចោទ​ប្រកាន់ថា​វា​គ្រាន់​តែ​ជា រូបភាព​ក្លែងបន្លំ​ក្នុង​ការ​ចង់​បាញ់​សាកល្បង​កាំជ្រួចមីស្ស៊ីល​ក៏ដោយ​ ក៏​ព្យុងយ៉ាង​នៅ​តែងតែ​អះអាង​ថា​ផ្កាយរណប​ទាំងនេះ​មាន​សារៈសំខាន់​ចាំបាច់​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច និង​នៅក្នុង​ក្របខ័ណ្ឌ​សកម្មភាព​លំហអាកាស។

គួរបញ្ជាក់ថា ប្រទេស​ផ្តាច់ការ​មួយនេះ តែងតែ​លើកឡើង​ពី​ហេតុផល​ដដែលៗ ដូចកាល​ពី​ឆ្នាំ​២០០៩ អំឡុង​ពេល​ដែល​ខ្លួន​បាន​បាញ់កាំជ្រួច​មីស្ស៊ី​លអន្តរទ្វីប ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស។ វា​ជា​មូលហេតុ​មួយ​ដែល​បណ្តាល​អោយ​ការ​ដាក់ទណ្ឌកម្មពី​សហគមន៍​អន្តរជាតិ​មាន​កាន់តែខ្លាំង​ឡើង ទៅ​លើ​ប្រទេស​អាស៊ី​មួយ​នេះ។

ទាក់ទង​នឹង​គម្រោង​បាញ់​រ៉ូកែត​ផ្ទុក​ផ្កាយរណប របស់​ទីក្រុង​ព្យុងយ៉ាង ប្រទេស​រុស្ស៊ី ក៏បាន​សំដែង​ការព្រួយបារម្ភ​ផងដែរ​ ឯ​ចំណែក​ប្រទេសចិន ដែល​ជា​សម្ព័ន្ធមិត្ត​តែមួយគត់​របស់​កូរ៉េ​ខាងជើង បាន​អំពាវនាវ​អោយ​គ្រប់​ភាគី​ធ្វើការចរចាគ្នា​ប្រកបដោយលក្ខណៈ​ស្ថាបនា។

លោកស្រី Catherine Ashton តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​នៅថ្ងៃ​ម្សិលមិ​ញថា​ អ្វី​ដែល​ព្យុងយ៉ាង​កំពុងធ្វើ គឺ​ផ្ទុយ​ពី​ច្បាប់កំណត់​របស់​អន្តរជាតិ។

គួររំលឹកថា ទីក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​សន្យា​យល់ព្រម​កាល​ពីថ្ងៃ ២៩កុម្ភៈ​កន្លង​ទៅ​ផ្អាក​កម្មវិធី​អាវុធនុយក្លេអ៊ែ​ររបស់ខ្លូន​ដើម្បី​ប្តូរ​ជាមួយ​នឹង​ជំនួយស្បៀង​អាហារ​ចំនួន​២៤​ម៉ឺន​តោន។ ប៉ុន្តែ គម្រោង​ថ្មី​ក្នុងការ​បាញ់​រ៉ូកែត​ផ្ទុក​ផ្កាយរណប​របស់​កូរ៉េខាងជើង​កំពុង​បង្ក​ជា​ការមន្ទិល​សង្ស័យ​ថ្មី​ដល់​ទីក្រុង​វ៉ាស៊ីនតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ