កម្ពុជា​

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កំពុង​ប្រមែប្រមូល​កម្លាំង​អ្នក​គាំទ្រ​ឡើង​វិញ

សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ ស្វាគម​សមាជិក​បក្ស​​
សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ ស្វាគម​សមាជិក​បក្ស​​ ©សុវណ្ណារ៉ា

បន្ទាប់​ពី​សម្រេច​ព្រះទ័យ​យាង​ចូល​ឆាក​នយោបាយ​វិញ ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​បាន​យាង​ទៅ​តាម​ខេត្ត​នានា​ ដើម្បី​ជួប​សកម្មជន​គណបក្ស​នៅ​ថ្នាក់​ក្រោម។ ការ​ចុះ​សួរ​សុខទុក្ខ​សំណេះសំណាល​របស់​ព្រះអង្គ​នៅពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ គឺ​ជា​យុទ្ធនា​ការ​ប្រមែប្រមូល​កម្លាំង​អ្នកគាំទ្រ​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

គិត​ត្រឹម​ថ្ងៃ​សៅរ៍​ម្សិលមិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​យាង​ជួប​សកម្មជន​ថ្នាក់ក្រោម​របស់​ព្រះអង្គ​បាន​១៥​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​រួច​ហើយ។ ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ​គ្រោង​នឹង​យាង​ទៅ​ជួប​អ្នកគាំទ្រ​ក្នុង​៩​ខេត្ត​ក្រុង​បន្ត​ទៀត។ ខេត្ត​ក្រុង​ដែល​ព្រះអង្គ​មិនទាន់​បាន​យាង​ទៅ​ជួប​សំណេះ​សំណាល​នោះ​ជា​រួមមាន ៖ ខេត្តកំពង់ស្ពឺ តាកែវ កំពត កំពង់សោម កោះកុង កែប មណ្ឌលគិរី រតនគិរី ​និង​ខេត្ត​ស្ទឹងត្រែង។

លោក ប៉ែន សង្ហារ អ្នក​នាំពាក្យ​គណបក្ស​ នរោត្តម ​រណឫទ្ធិ​ បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​យាង​តាម​ខេត្ត​របស់​ព្រះអង្គ​នៅ​ពេល​នេះ​មាន​គោល​បំណង​បី​យ៉ាង​ធំៗ។

ទីមួយ ៖ គឺ​ដើម្បី​ប្រាប់​ទៅ​ដល់​សកម្មជន​របស់​ព្រះអង្គ​ថា ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​យាង​ចូល​ឆាក​នយោបាយ​វិញ​ហើយ។

ទីពីរ ៖ គឺ​ដើម្បី​ប្រាប់​ដល់​អ្នក​គាំទ្រ​ព្រះអង្គ​ថា ព្រះ​អង្គ​នឹង​ប្រកាន់​យក​នយោបាយ​ផ្លូវ​កណ្ដាល​មាន​ន័យ​ថា មិន​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ហើយ​ក៏​មិន​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ដែរ​ និង​ទីបី ៖​ ព្រះអង្គ​ត្រូវ​ពង្រឹង​គណបក្ស​ឡើង​វិញ។ ការ​យាង​ទៅកាន់​ខេត្ត​នានា​របស់​ព្រះអង្គ​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ គឺ​ដើម្បី​ប្រមែ​ប្រមូល​កម្លាំង​ចាស់​ឡើង​វិញ​សម្រាប់​ការ​បោះឆ្នោត​នា​ឆ្នាំ​ខាង​មុខៗ​នេះ។

នៅ​ឆ្នាំ​២០១២​ឆ្នាំ​ក្រោយ​នេះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ហើយ​នៅ​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​នឹង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥។ ការ​ប្រឹងប្រែង​របស់​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​នៅ​ពេលនេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះអង្គ​បាន​យាង​ចូល​ឆាក​នយោបាយ​ឡើងវិញ​ និង​បន្ទាប់​ពី​គណបក្ស​របស់​ព្រះអង្គ​ទទួល​បាន​កៅអី​តែ​ពីរ​ប៉ុណ្ណោះ​នៅក្នុង​រដ្ឋ​សភាជាតិ។

ដោយ​មើល​ឃើញ​ពី​ការ​ធ្លាក់ចុះ​សំឡេង​គាំទ្រ​យ៉ាង​ខ្លាំង​នោះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាល​ពី​ពេល​កន្លង​មក បាន​ស្នើសុំ​អោយ​មាន​ការ​បង្កើត​គណបក្ស​ហ៊្វុនស៊ិនប៉ិច​៨១​ឡើង​វិញ​ ប៉ុន្តែ​សំណើ​នេះ​ហាក់​បី​ដូចជា​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ។

លោក ប៉ែន សង្ហារ អ្នក​នាំពាក្យ​គណបក្ស​នរោត្តម​រណឫទ្ធិ​បាន​បញ្ជាក់​ប្រាប់​ថា រឿង​ការ​បង្កើត​សម្ព័ន្ធភាព​ ឬ​រឿង​ការ​រំលាយ​ចូលគ្នា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិនទាន់​មាន​អ្វី​លេច​ឡើង​ទេ​ ពីព្រោះ​ពេលនេះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កំពុង​មាន​បញ្ហា​ផ្ទៃ​ក្នុង។ គណបក្ស​នរោត្តម​រណឫទ្ធិ​កំពុង​រង់ចាំ​មើល​​សមាជ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​អាច​នឹង​ធ្វើ​ឡើង​នៅមុន​ចូល​ឆ្នាំ​ខ្មែរ​នេះ។

គណបក្ស​នរោត្តម​រណឫទ្ធិ​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​ដូចជា​គណបក្ស​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ដែរ ពួកគេ​បាន​ចែចង់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ ប៉ុន្តែ​ស្នេហា​នយោបាយ​ពិត​នៅ​មិនទាន់​រក​ឃើញ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI