កម្ពុជា​

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិន​វិល​ត្រលប់​ទៅ​ដឹកនាំ​គណបក្ស​វិញ​ទេ

ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ កាល​នៅ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​
ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ កាល​នៅ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ ©សុវណ្ណារ៉ា

ជាថ្មី​ម្តង​ទៀត ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ប្រកាស​បដិសេធ​ថា ព្រះអង្គ​មិន​វិល​ត្រលប់ ទៅ​ដឹកនាំ​គណបក្ស​នយោបាយ​វិញ​ឡើយ។ ជា​សេចក្តីប្រកាស ដែល​បាន​ធ្វើឡើង ស្រប​ពេល ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម ដែល​ជា​គណបក្ស​សត្រូវ​បងប្អូន​ទាំងពីរ បាន​រួបរួមគ្នា និង​មាន​បំណង​យាង​ព្រះអង្គម្ចាស់ ដឹកនាំ​គណបក្ស​រាជានិយម​នេះ​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​លើក​ឡើង​ថា ក្រោយពី​បាន​ពិនិត្យ ពិភាក្សា និង​គិតគូរ​ត្រឹមត្រូវ​ហ្មត់ចត់​បំផុត ព្រះអង្គ​សូម​ជម្រាប​ជូន​សមាជិក​សមាជិកា​នៃ​គណបក្ស​ជាតិ​និយម អតីត​គណបក្ស នរោត្តម រណឫទ្ធិ និង​សាធារណមតិ មេត្តា​ជ្រាប​ថា ព្រះអង្គ​ពុំ​អាច​ទៅ​ដឹកនាំ​សម្ព័ន្ធភាព​ហ្វ៊ុនស៊ិនប៉ិច​-​ជាតិនិយម ក៏ដូចជា​នឹង​មិន​វិល​ត្រលប់​ទៅ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទេ។​

ជាមួយនឹង​ការបញ្ជាក់​យ៉ាង​ដូច្នេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​អំពាវនាវ​ទៅ​កាន់​សមាជិក​​គណបក្ស​ជាតិ​និយម ដែល​ជា​អតីត​គណបក្ស នរោត្តម រណឫទ្ធិ និង​សាធារណមតិ មេត្តា​​យោគយល់​នូវ​គោលជំហរ​របស់​ព្រះ​អង្គ​ខាងលើ​នេះ។​

សេចក្តីប្រកាស​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ខាង​លើ​នេះ បាន​ធ្វើឡើង ខណៈ​ដែល​គណបក្ស​រាជានិយម​បងប្អូន​សត្រូវ​ គឺ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម (អតីត​គណបក្ស នរោត្តម រណឫទ្ធិ) បាន​ចង​សម្ព័ន្ធ​នឹង​គ្នា ហើយ​គ្រោង​នឹង​បើក​សមាជ​រួមគ្នា នៅ​ដើម​ឆ្នាំ​២០១១។ គណបក្ស​សម្ព័ន្ធភាព​នេះ ក៏​បាន​ប្រកាស​ថា នឹង​ច្របាច់​បញ្ចូល​គ្នា​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ហើយ​យាង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទៅ​ដឹកនាំ​គណបក្ស​រាជា​និយម​ឡើង​វិញ។​

មាន​ព្រះជន្ម ៦៥ ព្រះវស្សា អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ និង​ជា​ប្រធាន​រដ្ឋសភា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ឆ្នាំ​២០០៦។

​សព្វថ្ងៃ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​ព្រះប្រធាន​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី។ ព្រះអង្គ​បាន​ប្រកាស លាឈប់​ពី​ឆាក​នយោបាយ កាលពី​ចុង​ឆ្នាំ​២០០៨ ក្រោយ​ពី​ព្រះអង្គម្ចាស់ បាន​បរាជ័យ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨ និង​ជាប់ទោស ក្នុង​រឿង​ប្តឹង​ផ្តល់​ពី​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លើ​សំណុំរឿង​លក់​ទីស្នាក់ការ​គណបក្ស កាលពី​ឆ្នាំ​២០០៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI