កម្ពុជា​

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ?

ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ កាល​នៅ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​
ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ កាល​នៅ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ © wikipedia

នៅ​ថ្ងៃ​នេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​អនុញ្ញាត​ឲ្យ​យក​ព្រះនាម​ព្រះអង្គ ដាក់​ជា​ឈ្មោះ​គណបក្ស​នយោបាយ​ជា​ថ្មី​ឡើង​វិញ គឺ​ជំនួស​ឈ្មោះ​គណបក្ស​ជាតិនិយម។ គណបក្ស​ជាតិ​និយម ត្រូវ​បាន​ប្តូរ​ឈ្មោះ មកពី​គណបក្ស នរោត្តម រណឫទ្ធិ ក្រោយ​ពេល​ព្រះអង្គម្ចាស់ បាន​ប្រកាស​លា​ឈប់​ពី​ឆាក​នយោបាយ និង​ចូល​បំពេញ​ការងារ ជា​ប្រធាន​ក្រុម ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ កាលពី​ចុងឆ្នាំ​២០០៨។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ចំ​ថ្ងៃ​ទី​៣ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ជួប​ជាមួយ​គណៈកម្មការ​នាយក និង​ថ្នាក់​ដឹកនាំ​តាម​បណ្តា​ខេត្ត គណបក្ស​ជាតិ​និយម ដែល​ជា​អតីត​គណបក្ស នរោត្តម រណឫទ្ធិ ដោយ​មាន​ទាំង​ការ​សោយ​អាហារ និង​ទទួល​ទាន​បាយ​ថ្ងៃត្រង់​រួម​គ្នា នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ក្នុង​ទីក្រុង​ភ្នំពេញ។
​ញត្តិ​ស្នាម​មេដៃ​ជាច្រើន​របស់​សមាជិក​គណបក្ស​ជាតិនិយម នៅ​មូលដ្ឋាន ត្រូវ​បាន​ថ្វាយ​ដល់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដើម្បី​ទី​១-​ទូល​សុំ​ព្រះនាម​ព្រះអង្គ ដាក់​ជំនួស​ឈ្មោះ​គណបក្ស​ជាតិនិយម​ឡើង​វិញ ដោយសារ​ថា ព្រះនាម​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មាន​ប្រជាប្រិយភាព និង​ទី​២-​ញត្តិ​នោះ បាន​សុំ​យាង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ វិល​មក​ដឹកនាំ​គណបក្ស​ឡើង​វិញ។
​លោក ប៉ែន សង្ហារ អ្នក​នាំពាក្យ​គណបក្ស​ជាតិនិយម បាន​បញ្ជាក់​ថា នៅក្នុង​ជំនួប​ជាង​មួយ​ម៉ោង នៅ​ព្រឹក​មិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ប្រកាស​ឲ្យ​ប្រើ​ព្រះនាម​របស់​ព្រះអង្គ ជា​ឈ្មោះ​គណបក្ស​ឡើង​វិញ។ ចំណែក​សំណើ​ទី​២ ដែល​សុំ​យាង​ព្រះអង្គ មក​គង់​ដឹកនាំ​គណបក្ស នរោត្តម រណឫទ្ធិ ព្រះអង្គម្ចាស់​មិន​ទាន់​មាន​បន្ទូល​អ្វី​ទេ។
​ការប្តូរ​ឈ្មោះ​គណបក្សជាតិនិយម មក​ជា​គណបក្ស នរោត្តម រណឫទ្ធិ អាច​នឹង​ធ្វើ​ឡើង​ក្នុង​សមាជ​វិសាមញ្ញ នៅ​ខែ​ធ្នូ​ខាងមុខ។ គណបក្ស នរោត្តម រណឫទ្ធិ បាន​បង្កើត​ឡើង កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ក្រោយ​ពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​រៀបចំ​សមាជ នា​ថ្ងៃ​ទី​១៨​តុលា ឆ្នាំ​២០០៦ ដើម្បី​ផ្លាស់ប្តូរ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពី​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ក្នុង​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០០៨ គណបក្ស នរោត្តម រណឫទ្ធិ ទទួល​បាន​អាសនៈ ២ ក្នុង​ចំណោម​អាសនៈ ១២៣ នៅក្នុង​រដ្ឋសភា។
​កាលពី​ខែ​តុលា ឆ្នាំ​២០០៨ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ប្រកាស​លា​ឈប់​ពី​ឆាក​នយោបាយ មុន​ពេល​ព្រះមហាក្សត្រ តែងតាំង​ព្រះអង្គ ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១​វិច្ឆិកា ឆ្នាំ​២០០៨។ ក្រោយមក​បន្តិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏​បាន​តម្រូវ​ឲ្យ​សមាជិក​អ្នក​គាំទ្រ ដក​ព្រះនាម​​ព្រះអង្គ ចេញ​ពី​ឈ្មោះ​គណបក្ស នរោត្តម រណឫទ្ធិ ដោយ​ប្តូរ​ជា គណបក្ស​ជាតិនិយម។
​លោក ជា ច័ន្ទបូរិបូរណ៍ អ្នកនាំពាក្យ​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ ថា​តើ​ការ​សម្រេច​ព្រះទ័យ​របស់​ព្រះអង្គម្ចាស់ ចំពោះ​ការដាក់​ព្រះនាម​ព្រះអង្គ ជា​ឈ្មោះ​គណបក្ស​ឡើង​វិញ​នា​ពេល​នេះ ជា​ការ​បើក​ផ្លូវ​សម្រាប់​ព្រះអង្គ ចូល​ប្រឡូក ក្នុង​ឆាក​នយោបាយ​ឡើង​វិញ ឬ​យ៉ាងណា?

​ក៏​ប៉ុន្តែ​កន្លងមក សេចក្តី​បដិសេធ​ជាច្រើន ត្រូវបាន​ធ្វើឡើង ដោយ​អ្នកនាំពាក្យ និង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាងខ្លី​ថា ព្រះអង្គ​ពុំ​អាច​ទៅ​ដឹកនាំ​សម្ព័ន្ធភាព​ហ្វ៊ុនស៊ិនប៉ិច​-ជាតិនិយម និង​មិន​វិល​ត្រឡប់​ទៅ​ដឹកនាំ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច វិញ​ទេ។​

យ៉ាងណាក៏ដោយ សេចក្តី​រាយការណ៍​របស់​គេហទំព័រ​ដើម​អំពិល បាន​បង្ហាញ​ថា ក្នុង​ពិធី​សំណេះសំណាល នៅ​ព្រឹក​មិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ប្រកាសថា បើ​ព្រះអង្គ​យាង​ត្រឡប់​ចូល​ឆាក​នយោបាយ ដោយ​ដឹកនាំ​គណបក្ស នរោត្តម រណឫទ្ធិ ឡើង​វិញ គឺ​ព្រះអង្គ​មាន​តួនាទី​ប្រមែប្រមូល​នូវ​អ្នក​រាជានិយម និង​សីហនុ​និយម ប៉ុន្តែ​ព្រះអង្គ មិន​ដើរ​តួនាទី​ជា​បក្ស​ប្រឆាំង និង​មិន​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI