កម្ពុជា

ព្រះអង្គម្ចាស់​រណឬទ្ធិ​ហាម​អ្នក​នយោបាយ​មិន​អោយ​យក​ព្រះនាម​ព្រះអង្គ​ប្រើ

ខុទ្ទកាល័យ​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ហាម​មិន​អោយ​អ្នក​នយោបាយ​យក​ព្រះនាម​ព្រះអង្គ​ទៅ​ប្រើ​ក្នុង​គោលដៅ​ប្រមូល​អ្នក​គាំទ្រ​នោះ​ឡើយ។ សេចក្តីថ្លែងការណ៍​នេះ​បញ្ជាក់​ថា ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​នឹង​មិន​យាង​ត្រឡប់​ចូល​ក្នុង​ឆាក​នយោបាយ​វិញ​ឡើយ ហើយ​ថា​អ្នក​នយោបាយ​ណា​ដែល​ឃោសនា​ថា ពួកគេ​នឹង​យាង​ព្រះអង្គ​ចូល​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ថ្មី​នោះ នោះ​គឺ​ជា​ការ​ឆបោក។

ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ​​
ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ​​ ©លាង​ដឺលុច
ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​គេ​អាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ គឺ​មាន​អ្នក​នយោបាយ​ខ្លះ​បាន​ដើរ​ឃោសនា​ថា ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ​នឹង​ត្រូវ​យាង​អោយ​ទៅ​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ថ្មី​ដែល​កើត​ឡើង​ដោយ​ការ​រួបរួម​គ្នា​រវាង​គណបក្ស​ជាតិ​និយម និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច។

នៅ​ថ្ងៃ​ចន្ទ​ទី​១០​កញ្ញា​នេះ ខុទ្ទកាល័យ​ព្រះអង្គម្ចាស់​នរោត្តម​រណឬទ្ធិ​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ច្រាន​ចោល​ការ​ឃោសនា​បែប​នោះ ហើយ​ថា​នោះ​ជា​ការ​ឃោសនា​បែប​ភូតកុហកដើម្បី​លួងលោមអ្នករាជានិយមពិតប្រាកដ​ទៅ​អោយ​គាំទ្រ​ពួកគេ។ សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ព្រះអង្គម្ចាស់​បាន​ប្រកាស​លា​ឈប់​ពី​ឆាក​នយោបាយ​ហើយ ហើយ​ព្រះអង្គ​ក៏​បាន​ទទួល​ព្រះរាជ​យោបល់​ពី​ព្រះ​មហាក្សត្រ​ថែម​ទៀត​ដែល​ថា អ្នក​រាជា​និយម​ពិត​ប្រាកដ​គួរ​តែ​ដក​ខ្លួន​អោយ​ផុត​ពី​ឆាក​នយោបាយដែរ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​ព្រះអង្គម្ចាស់រណឬទ្ធិ​បាន​ធ្វើ​អោយ​លោក​សៅ រ៉ានី​ភ្ញាក់​ផ្អើល ពីព្រោះ​ថា បើតាម​ការ​បញ្ជាក់​របស់​លោក​សៅ រ៉ានី ទាំងលោក និងថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​មិន​ដែល​បាន​និយាយ​អំពី​ព្រះនាម​របស់​ព្រះអង្គម្ចាស់​រណឬទ្ធិ​ម្តង​ឡើយ​នៅ​មូលដ្ឋាន។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ លោក​សៅ រ៉ានី បញ្ជាក់​ថា លោក​មិនដែល​បាន​នឹក​ឃើញ​អំពី​ការ​យាង​ព្រះអង្គ​ម្ចាស់ ក្រៅ​ពី​ការ​ងារ​ពង្រឹង​សកម្មជន​គណបក្ស​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។

គួរ​រម្លឹក​ថា លោកសៅ រ៉ានី​ដែល​ជាអតីត​អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឬទ្ធិ​គឺ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​យាង​ព្រះអង្គ​ម្ចាស់​រណឬទ្ធិ​ចេញ​ពី​ឆាក​នយោបាយ ដើម្បី​លោក​បន្ត​ការ​ងារ​រួបរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច។ នៅ​ពេល​យាង​ព្រះអង្គម្ចាស់​រណឬទ្ធិ​ចេញ​ពី​ឆាក​នយោបាយ​នោះ លោកសៅ រ៉ានី​បាន​បញ្ជាក់ថា លោក​នឹង​យាង​ព្រះអង្គ​ម្ចាស់​ចូល​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI