កូរ៉េខាងជើង

ស្ត្រី​ដ៏​អាថិ​កំបាំង​ជា​ភរិយា​របស់​លោក​ គីម​ ជុងអ៊ុន

លោក​ គីម ​ជុងអ៊ុន​និង​​ភរិយា​លោកស្រី​ Ri Sol-Ju​ ចូលរួម​​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​​២៥​មិថុនា​២០១២​
លោក​ គីម ​ជុងអ៊ុន​និង​​ភរិយា​លោកស្រី​ Ri Sol-Ju​ ចូលរួម​​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​​២៥​មិថុនា​២០១២​ REUTERS/KCNA

ទូរទស្សន៍​​រដ្ឋ​​​កូរ៉េ​​ខាង​​ជើង​ ទើប​​បាន​ជូន​ដំណឹង​នៅ​យប់​ម្សិលមិញអំពី អត្តសញ្ញាណ​​របស់​យុវនារី​ដ៏​អាថិ​កំបាំង​​ដែល​មាន​វត្តមាន​​ជាប់​នឹង​ប្រមុខ​ដឹកនាំ​ថ្មី​កូរ៉េ​ខាង​ជើង។ យុវនារី​នោះ គឺ​ជា​ភរិយា​របស់​លោក​គីម ជុនអ៊ុន។ ការ​ជូន​ដំណឹង​​នេះ បាន​ខណ្ឌ​បញ្ចប់​ផង​ដែរពាក្យ​ចចាម​​​​អារ៉ាម​​ជា​ច្រើន​សប្តាហ៍​កន្លង​មក​​ហើយ​​​ពី​នារីដ៏អាថិកំបាំងនេះ។ នាងបានបង្ហាញ​​​មុខជា​សាធារណៈ​នៅ​ពេល​​ថ្មីៗ​កន្លង​ទៅនេះ​​ នៅអមជាប់ជាមួយលោកគឹម ជុងអ៊ុន នៅ​​ឱកាស​​ព្រឹត្តិការណ៍សាធារណៈនានា ជាអាទិ៍នៅ​ថ្ងៃ​៦​កក្កដា​ក្នុង​ពិធី​ប្រគុំ​វង់​តន្ត្រី​ជាតិ​មួយ​​និង​នៅ​​ថ្ងៃ​៨​កក្កដា​ក្នុង​ដំណើរ​​ទស្សនកិច្ច​មួយ​នៅ​មតិចេតី​នៃ​ជីតា​របស់​លោក​គីម ជុងអ៊ុន គឺលោកគីម អ៊ីលស៊ុង។

ផ្សាយពាណិជ្ជកម្ម

នៅ​​ក្នុង​​សេចក្តី​ជូន​ដំណឹង​ខ្លី​មួយ​ អំពី​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​​កូរ៉េ​ខាងជើង​នៅ​ឧទ្យាន​កំសាន្ត​សាធារណៈ​ក្នុង​ប្រទេស អ្នក​ផ្សាយ​ព័ត៌មាន​​ទូទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង បាន​ជូន​ដំណឹង​​ថា លោក គីម ជុងអ៊ុន បាន​អញ្ជើញ​ទៅ​កាន់​ឧទ្យាន​កំសាន្ត​មួយ​កាលពី​ថ្ងៃ​អង្គារ៍​មុន ជាមួយ​ភរិយា​គាត់​ គឺ​សមមិត្ត​នារី Ri Sol-ju  ដោយ​ពុំ​បាន​និយាយ​អ្វី​វែងឆ្ងាយ​ពី​នារី​ជា​ភរិយា​ទេ។ ក៏​ប៉ុន្តែ​យោងតាម​អ្នកសង្កេតការណ៍​កូរ៉េ​ខាង​ត្បូង​ខ្លះ បាន​ឲ្យ​ដឹង​ថា«ភរិយា​លោក គីម ជុង​អ៊ុន មាន​អាយុ​ប្រមាណ​ជាង​២០​ឆ្នាំ ហើយ​ក៏​ប្រហែល​ជា​អ្នក​ចម្រៀង​ដែរ។

 

នាង Ri Sol-ju ធ្លាប់​បាន​ទៅ​ច្រៀង​នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី​ជាតិ​មួយ​នៅ​ពេល​​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​២០១០ នៅ​ពី​មុខ​លោក គីម ជុនអ៊ុន​និង​ឪពុក​របស់​គាត់លោក​គីម​ជុងអ៊ីល។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​គីម ជុងអ៊ុន បាន​ចាប់​អារម្មណ៍​ខ្លាំង​និង​ក៏​ប្រហែល​​ជា​បាន​ជ្រើស​យក​​នារី​អ្នក​​ចម្រៀង​​នេះ ​ធ្វើ​ជា​ភរិយា​ដែរ​​-នេះ​​ជា​​ប្រភព​ជូន​ដំណឹង​អនាមិក​មួយ​ដែល​ដង​ស្រង់​ដោយ​​កាសែត​កូរ៉េ​ខាងត្បូង Chosun Ilbo។​

នាង Ri Sol-ju ជាបន្ទាប់មក ​ប្រហែល​ជា​បាន​ចូល​រៀន​នៅ​​សាលា​ដ៏​ល្បី​ល្បាញ​​មួយ​នៅ​កូរ៉េ​ខាង​​​​ជើង ដើម្បី​ត្រៀម​ខ្លួន​ក្នុង​តួនាទី​ជា​ភរិយា​របស់​អគ្គមគ្គុទេសក៏​កូរ៉េ​ខាង​ជើង។ កាសែត​កូរ៉េ​ខាង​ត្បូង​មួយ​ទៀត ឈ្មោះ Don-A Ilbo វិញ បាន​រៀប​រាប់​ថា យុវជន​ទាំង​ពីរ​រូប បាន​រៀបការ​ជា​មួយ​​​គ្នា​តាំង​ពី​ឆ្នាំ​២០០៩​ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក ភរិយា​លោក​គីម​ក៏​ មាន​​ទារក​មួយ​ដែរ។ ជា​កូន​​ស្រី​របស់​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​​និង​មាន​មាតា​ជា​វេជ្ជបណ្ឌិត​ព្យាបាល​រោគ​ដែល​មក​ពី​ខេត្ត Hamkyong ភាគខាងជើងប្រទេស នាង ​Ri Sol-ju កើត​នៅ​ឆ្នាំ​១៩៨៩​​និង​ធ្លាប់​ធ្វើ​ដំណើរ​​ទៅរដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បូង ក៏ព្រមទាំងបាន​ហាត់​រៀន​​ច្រៀង​នៅក្នុង​ប្រទេស​ចិន​ដែរ។​

យ៉ាងណាមិញ “ការផ្សព្វផ្សាយជូនដំណឹង​នៃទូរទស្សន៍​រដ្ឋ​​កូរ៉េ​ខាង​ជើង​បញ្ជាក់ប្រាប់​អំពី​ប្រមុខ​ដឹក​នាំកូរ៉េខាងជើង​មានភរិយានោះ​គឺ​​​គេ​​​ចង់ប្រាប់​ដែរ​​​​​ថា លោកគីម​ជុងអ៊ុន​​ពុំ​ពុំមែនជា​កូន​ក្មេង​ទៀត​ឡើយ។​  អម​ជាប់​ដោយ​​​​ភរិយា​​​ខ្លួន​​ អគ្គ​មគ្គុទេសក៍​កូរ៉េខាងជើង ធ្វើ​ជា​សញ្ញាមួយ​ប្រាប់​ដល់​ពិភពលោកដែរថា ​​ ​គាត់ជាមេគ្រួសារម្នាក់និង​ក៏​ជា​មនុស្ស​ចាស់​ទុំ​ហើយដែរ-នេះជា​ការ​ថ្លែង​របស់លោក Chang Yong-Suk អ្នកជំនាញនៃវិជ្ជាឋាន​សិក្សា​ដើម្បី​សន្តិភាព​និង​ការ​រួបរួ​ម​កូរ៉េ​​ទាំង​​ពីរ​នៃ​សកលវិទ្យាល័យសេអ៊ូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI