អានតួអត្ថបទ
កូរ៉េ

កូរ៉េ​ខាង​ជើង​ស្កាត់​ចាប់​កប៉ាល់​នេសាទ​កូរ៉េ​ខាងត្បូង

កប៉ាល់​នេសាទ​កូរ៉េ​ខាង​ត្បូង​នៅ​សមុទ្ទ​លឿង
កប៉ាល់​នេសាទ​កូរ៉េ​ខាង​ត្បូង​នៅ​សមុទ្ទ​លឿង AFP Photo/Lee Jin-man/POOL
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

កប៉ាល់​នេសាទ​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​ ត្រូវ​កងទ័ព​​កូរ៉េ​ខាង​ជើង​ស្ទាក់​ចាប់​ នៅ​ក្នុង​សមុទ្ទ​លឿង។ ការ​ចាប់​កប៉ាល់​នេសាទ​របៀប​នេះ តែង​តែ​កើត​ឡើង​ជា​ញឹក​ញាប់ ប៉ុន្តែ​លើក​នេះ​ វា​ជួន​ចំ​ពេល​ដែល​ភាព​តាន​តឹង​​រវាង​កូរ៉េ​​ទាំងពីរ​កំពុង​កើត​មាន​ខ្លាំង​ ដោយ​ហេតុ​តែ​ក្រុង​សេអ៊ូល​ បាន​ចោទ​ប្រកាន់​ថា​ក្រុង​​ព្យុងយ៉ាង​ជា​អ្នក​បាញ់​ពន្លិច​នាវា​ចម្បាំង​របស់​ខ្លួន កាលពី​ខែ​មីនា​កន្លង​ទៅ។នៅថ្ងៃច័ន្ទ​នេះ រដ្ឋាភិបាល​ក្រុង​សេអ៊ូល បានទាមទារ​ឲ្យ​កូរ៉េ​ខាង​ជើង​ដោះលែងកប៉ាល់ និង​​អ្នក​នេសាទ​ទាំង​៧​រូប​នោះ​វិញ ឲ្យ​បាន​ឆាប់​រហ័ស។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

តាំង​ពី​ថ្ងៃ​សៅរ៍​​មក​ដែល​កប៉ាល់​នេសាទ​ Daeseung បាន​ចេញ​ទៅ​​នេសាទ​មឹក​នៅ​សមុទ្ទ​ជប៉ុន​ បាត់​ដាន លែង​ឲ្យ​សញ្ញា​មក​កាន់​មណ្ឌល​ត្រួត​ពិនិត្យ​ចរាចរណ៍​សមុទ្ទ។

ស្រាប់​តែ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ ឆ្មាំ​សមុទ្ទ​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា ក្រុម​អ្នក​នេសាទ​ទាំង​ប្រាំពីរ​នាក់ ក្នុង​នោះ​មាន​បី​នាក់​ជា​ជនជាតិ​ចិន ​ត្រូវ​កូរ៉េ​ខា​ង​ជើង​ស្កាត់​ចាប់​ខ្លួន។

ការ​ស្ទាក់​ចាប់​​កប៉ាល់ ដេសឺង (Daeseung) ទំនង​ជា​បាន​ធ្វើ​ឡើ​ង​នៅ​ពេល​កប៉ាល់​នេះ​​​បក​ត្រឡប់​ចេញ​ពី​តំបន់​នេសាទ​ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ​៣០០​គម. ពី​ដែន​ទឹក​​របស់​កូរ៉េ​ខាង​ជើង ក្នុង​សមុទ្ទជប៉ុន។ ហើយ​គឺ​ក្នុង​សមុទ្ទ​ជប៉ុន​​នេះ​តែ​ម្តង​ដែល​ មាន​ការ​​​រៀប​ចំ​ធ្វើ​សមយុទ្ធ​​​ទ្វេ​ភាគី សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​​ ដ៏​ធំ​មួយ​ នៅ​ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ។

ក្នុង​ពេល​ដែល​កូរ៉េ​ខាង​ជើង​ចាប់​កប៉ាល់​​នេសាទ​នេះ​ ក្រុម​នាវិក​​កូរ៉េ​ខាង​ត្បូង​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា​ជើង​ទឹក​ក្នុង​សមុទ្ទ​​លឿង ដែល​ក្រុង​ព្យុងយ៉ាង​បាន​ជំទាស់​យ៉ាង​ដាច់​អហង្ការ និង​បាន​ព្រមាន​តប​ត​វិញ​ដោយ​ជាក់​ស្តែង។

ដូច្នេះ គេ​មិន​អាច​ទស្សន៍ទាយ​​អំពី​​ជោគ​វាសនា​របស់​ក្រុម​អ្នក​នេសាទ​ដែល​កំពុង​ឋិត​ក្នុង​កណ្តាប់​ដែ​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង​បាន​ឡើយ។ តាំង​ពី​សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ​បាន​បញ្ចប់​ទៅ​​នៅ​ឆ្នាំ ១៩៥៣​មក របប​កុម្មុយនិស្ត​បាន​ចាប់​ខ្លួន​អ្នក​នេសាទ​ជា​ច្រើន​សិប​រយ​នាក់​ ហើយ​ភាគ​ច្រើន​មិន​ដែល​បាន​ត្រឡប់​មក​ជួប​គ្រួសារ​វិញ​ទេ។ កាលពី​ឆ្នាំ​កន្លង​​ទៅ​ មាន​ករណី​ពិសេស​មួយ​​បាន​កើត​ឡើង ព្រោះ​ដោយ​សារ​ទំនាក់​ទំនងល្អ​ប្រសើរ​រវាង​​កូរ៉េ​ទាំង​ពីរ​​ ទើប​អ្នក​នេសាទ​បួន​នាក់​ត្រូវ​បាន​រួច​ខ្លួន ក៏ប៉ុន្តែ​ត្រូវ​​ជាប់​ឃុំឃាំង​អស់រយៈ​​ពេល​ជាង​មួយ​ខែ​ឯណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ