កូរ៉េខាងជើងគំរាមកូរ៉េខាងត្បូងថានឹងវាយប្រហារយោធាក្នុងករណីយមានបាចខិតប័ណ្ឌ
ចុះផ្សាយនៅថ្ងៃ៖
ប្រទេសកូរ៉េខាងជើង បានគំរាមជាថ្មីនៅថ្ងៃសុក្រ១៩តុលា២០១២នេះ ថា » បើសិនក្រុមសកម្មជន ប្រឆាំងនឹងរបបម្មុយនិស្ត ហ៊ានអនុវត្តន៍គម្រោងការណ៍បាចខិត្តប័ណ្ណនយោបាយមកលើទឹកដីកូរ៉េខាងជើងនៅសប្តាហ៍ក្រោយ កូរ៉េខាងជើងនឹងវាយប្រហារយោធាភ្លាម។ សកម្មជនប្រឆាំងកូរ៉េខាងជើងដែលតែងបញ្ជូនខិតប័ណ្ឌឃោសនាជាទៀងទាត់ទៅកាន់កូរ៉េខាងជើង បាន បរិហារអំពីរបបផ្តាច់ការនិយមកូរ៉េខាងជើង។កាលពីឆ្នាំទៅមិញ ពួកគេបានបាចខិតប័ណ្ឌ ដោយបាន អំពាវនាវឲ្យប្រជាជនកូរ៉េខាងជើងនាំគ្នាងើបបះបោរ យកតម្រាប់តាមបដិវត្តន៍រដូវផ្ការីកពិភពអារ៉ាប់។
នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ខ្លួននៅថ្ងៃសុក្រ១៩តុលានេះ កងទ័ពប្រជាមានិតកូរ៉េខាងជើងដែលមានចំនួនជាងមួយលាននាក់ បានព្រមានកូរ៉េខាងត្បូងថា “ឲ្យតែហ៊ានឮសូរសម្រិបអ្វីបន្តិចពាក់ព័ន្ធនឹងគម្រោងទម្លាក់ខិតប័ណ្ឌអង្គភាពនៃកងរណៈសិស្សខាងលិចកូរ៉េខាងជើង នឹងវាយប្រហារយោធាជាបន្ទាន់ភ្លាម ដោយឥតសំចៃឡើយ។
កូរ៉េខាងត្បូង បានឆ្លើយតបជាបន្ទាន់វិញថា” ប្រទេសខ្លួននឹងសងសឹកវិញភ្លាម រាល់ការវាយប្រហាររបស់កូរ៉េខាងជើង -នេះជាសេចក្តីថ្លែងរបស់លោក Kim Kwan-Jin រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonghap។
ក្រុមអ្នកប្រឆាំងកូរ៉េខាងជើងដែលរត់មកជ្រកកោននៅកូរ៉េខាងត្បូង បានជូនដំណឹងអំពីចេតនារបស់ខ្លួនក្នុងការបញ្ជូនខិតប័ណ្ឌដោយចងភ្ជាប់ជាមួយប៉ឺតប៉ោងនៅព្រឹកថ្ងៃចន្ទទី២២តុលាខាងមុខទៅម្ខាងទៀតនៃតំបន់ព្រំដែនក្បែរក្រុង Paju ដែលស្ថិតនៅចម្ងាយ៦០គមភាគខាងជើងនៃទីក្រុងសេអ៊ូល។
ចំណែក កងទ័ពកូរ៉េខាងជើងវិញ បានទូន្មានប្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ ឲ្យជម្លៀសចេញដើម្បីជៀសវាងនូវការខូចខាតជាយថាហេតុ នានា- នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA។
សូមបញ្ជាក់ថា ក្រុមសកម្មជនប្រឆាំងនឹងរបបព្យុងយ៉ាង តែងតែបញ្ជូនខិត្តប័ណ្ឌឃោសនាប្រឆាំងរបបកុម្មុយនិស្ត ជារឿយៗ ហើយកាលពីឆ្នាំមុននេះ អត្ថបទនៃខិតប័ណ្ឌ បានអំពាវនាវឲ្យពលរដ្ឋកូរ៉េខាងជើង នាំគ្នាងើបបះបោរធ្វើតាមចលនាបដិវត្តន៍នៅក្នុងពិភពអារ៉ាប់ប្រឆាំងនឹងរបបព្យុងយ៉ាង ដែលជារបបផ្តាច់ការ និយម។
កូរ៉េខាងជើង ដែលត្រួតត្រាក្តោបក្តាប់ទាំងស្រុងទឹកដីរបស់ខ្លួន ធ្លាប់បានគំរាមក្នុងអតីតកាលជាច្រើនលើកមកហើយ ថានឹងបាញ់កូរ៉េខាងត្បូងដើម្បី រារាំងកុំឲ្យមានសកម្មភាពប្រឆាំងប្រទេសខ្លួនបែបនេះ តែពុំបានធ្វើអ្វីឡើយ។
ក៏ប៉ុន្តែសេចក្តីជូនដំណឹងចុងក្រោយដែលមានរៀបរាប់ប្រាប់ពីទីកន្លែងនិងកាលបរិច្ឆេតក្នុងការទម្លាក់ខិត្តប័ណ្ឌជាមុននេះ គឺជារឿងមួយដែលមានលក្ខណៈជាការបង្កហេតុនិងពុំមែនជារឿងធម្មតាឡើយ។ ក្នុងន័យនេះហើយ កូរ៉េខាងជើងបានព្រមានកូរ៉េខាងត្បូងថា« កងទ័ពប្រជាមានិតកូរ៉េខាងជើង នៅតែប្រកាន់ខ្ជាប់ជានិច្ចសេចក្តីសន្យានានារបស់ខ្លួន" ។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-Bak បានអញ្ជើញទៅកាន់កោះ Yeonpyeon ដ៏គួរឲ្យភ្ញាក់ផ្អើល។ នៅទីនោះ លោកបានថ្លែងថា បើសិនជាកូរ៉េខាងជើងហ៊ានបង្កហេតុមុន នោះយើងនឹងវាយប្រឆាំងកូរ៉េខាងជើងវិញយ៉ាងខ្លាំង-ជាពិសេស យើងត្រូវការពារព្រំដែនសមុទ្ររបស់យើងរហូតដល់ផុតចុងផុតដើម។
ដោយឡែកទីក្រុងសេអ៊ូល ទើបបានជូនដំណឹងអំពីលំហាត់សឹកថ្មីរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ និងដែលត្រូវចូលរួមដោយទាហានកូរ៉េខាងត្បូង ចំនួន២៤ម៉ឺននាក់ កងកម្លាំងទ័ពទាំងអស់ ក៏ព្រមទាំងទាហានអាមេរិកាំងផងដែរ។ ទីក្រុងសេអ៊ូល មានការព្រួយបារម្ភខា្លចមានភាពតានតឹងមួយកើតឡើង នៅមុនពេលការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងនៅខែធ្នូខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ