លោក នួនជាអះអាងថាខ្មែរក្រហមមិនមែនជាមនុស្សអាក្រក់ទេ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គជំនុំជម្រះសាលាដំបូង របស់តុលាការខ្មែរក្រហម បានបន្តបើកសវនាការកាត់ទោសលើលោក នួនជា លោក ខៀវសំផន និងលោក អៀងសារី ក្នុងសំណុំរឿង០០២ កាលពីថ្ងៃចន្ទ ទី៥ធ្នូ ឆ្នាំ២០១១។ សវនាការនៅថ្ងៃចន្ទនេះ ចូលដល់ការពិនិត្យលើភស្តុតាង ដែលជាការសួរដេញដោលអតីតមេខ្មែរក្រហមកំពូលទាំងបី ម្តងម្នាក់ៗ អំពីប្រវត្តិបក្សកុម្មុយនិស្តកម្ពុជា ដែលជាក្រុមខ្មែរក្រហម។ ផ្តើមដំបូង គឺលោកនួនជា។ លោក នួនជា អនុលេខាបក្សកុម្មុយនិស្តកម្ពុជា ដែលជាបងទី២ សម័យខ្មែរក្រហម បានអះអាងថា ខ្មែរក្រហមរបស់លោក មិនមែនជាមនុស្សអាក្រក់ទេ។
កាលពីព្រឹកថ្ងៃច័ន្ទ ទី៥ធ្នូ ឆ្នាំ២០១១ អតីតមេខ្មែរក្រហមចាស់ជរា លោកនួនជា លោកខៀវសំផន និងលោកអៀងសារី ត្រូវបាននាំមកក្នុងបន្ទប់សវនាការ ហើយអង្គុយនៅក្រោយខ្នងមេធាវីរៀងៗខ្លួន។
សវនាការនៅពេលនេះ ចាប់ផ្តើមលើការពិភាក្សាដេញដោលលើការពិនិត្យភស្តុតាង។ ការសួរចម្លើយជនជាប់ចោទ ត្រូវចាប់ផ្តើមធ្វើមុនគេ។ នោះគឺការលើកឡើងពីប្រវត្តិបក្សកុម្មុយនិស្តកម្ពុជា និងប្រវត្តិសាវតាររបស់លោកនួនជា លោកខៀវសំផន និងលោកអៀងសារី។
តាមការលើកឡើងក្នុងសវនាការ បក្សកុម្មុយនិស្តកម្ពុជា កើតចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៣០ ដែលមានសមាជិកពីកម្ពុជា វៀតណាម និងឡាវ។ នៅឆ្នាំ១៩៥១ បក្សកុម្មុយនិស្តឥណ្ឌូចិន បានរំលាយ ហើយនៅប្រទេសនីមួយៗ បានបង្កើតបក្សថ្មី ដោយនៅកម្ពុជា មានឈ្មោះថា បក្សកុម្មុយនិស្តប្រជាជនបដិវត្តខ្មែរ ហើយក្រោយមកប្តូរជាបក្សពលករខ្មែរ និងចុងក្រោយ ប្តូរជាបក្សកុម្មុយនិស្តកម្ពុជា ដែលដឹកនាំដោយ សាឡុត ស ឬ ប៉ុល ពត ដោយមានលោក នួនជា ជាអនុលេខាបក្ស ព្រមទាំងមានលោក អៀងសារី និងលោក ខៀវសំផន ជាសមាជិក ជាដើម។
ក្នុងរង្វង់ក្រចកសេះ កាលពីថ្ងៃទី៥ធ្នូ ឆ្នាំ២០១១ លោក នួនជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាបងទី២ ក្នុងសម័យខ្មែរក្រហម បានអង្គុយរៀបរាប់ផ្ទាល់មាត់ ដោយមិនមានកាន់ក្រដាសអាន ដូចលើកមុនៗទេ។
លោក នួន ជា លើកឡើងថា ការជំរុញឲ្យលោកតស៊ូ ក្នុងចលនាកុម្មុយនិស្ត ដោយសារតែអាណានិគមបារាំង ធ្វើបាប វាយដំ និងចាប់ខ្មែរដាក់ច្រវាក់ បូករួមទាំងអ្នកមាន ដែលជាខ្មែរមួយចំនួន បានធ្វើបាប ជិះជាន់លើប្រជារាស្ត្រខ្មែរ។
លោក នួន ជា ក៏បានអះអាងថា ក្រុមខ្មែរក្រហមរបស់លោក ជាអ្នកស្នេហាជាតិ ស្មោះត្រង់នឹងជាតិ និងលះបង់គ្រួសារ មិនដូចការចោទប្រកាន់របស់តុលាការ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។ ផ្ទុយទៅវិញ ក្រុមខ្មែរក្រហម ស្នេហា និងការពារជាតិ ទើបមិនសុខចិត្តនៅក្រោមការដឹកនាំរបស់វៀតណាម។
ប្រទេសវៀតណាម ដែលលោក នួនជា អះអាងថា បានបង្កើតសង្គ្រាម និងមានបំណងលេបត្របាក់ទឹកដីកម្ពុជា តាមយុទ្ធសាស្ត្រពស់ថ្លាន់រឹតរួតលេបកូនឈ្លូស។
តាំងពីព្រឹក ដល់រសៀល លោក នួនជា អាយុ ៨៥ ឆ្នាំ បានអង្គុយក្នុងរង្វង់ក្រចកសេះ។ ប៉ុន្តែនៅរសៀលថ្ងៃនេះ លោកនួនជា សុំតុលាការផ្អាកសវនាការសួរដេញដោល ដោយសារលោក នួនជា មានបញ្ហាបេះដូង និងហត់ មិនអាចឆ្លើយសំណួរចៅក្រមបានតទៅឡើយ។ សវនាការសួរដេញដោលលោកនួនជា នឹងធ្វើបន្ត នៅព្រឹកថ្ងៃទី៦ធ្នូ ឆ្នាំ២០១១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ