គ្រោះថ្នាក់លិចកប៉ាល់ជនអន្តោប្រវេសន៍ថ្មីទៀតនៅសមុទ្រមេឌីទែរ៉ាណេ
មហន្តរាយនៃការលិចកប៉ាល់ជនអន្តោប្រវេសន៍ បានកើតឡើងជាថ្មីម្តងទៀតហើយ កាលពីរសៀលថ្ងៃសុក្រម្សិលមិញ នៅសមុទ្រមេឌីទែរ៉ាណេ ខាងត្បូងប្រទេសម៉ាល់ត៍ និងខាងត្បូងកោះអ៊ីតាលី Lampedusa។ កប៉ាល់ដឹកជនអន្តោប្រវេសន៍ប្រមាណ២៣០ទៅ២៥០នាក់ ធ្វើដំណើរទៅកោះLampedusa។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលម៉ាល់ត៍ រហូតមកដល់ពេលនេះ គេស្រង់បានសាកសពមនុស្ស៣១នាក់ហើយ។ ជនដែលរួចពីការស្លាប់បានប្រាប់ថា ពួកគេមកពីស៊ីរី និងប៉ាឡេស្ទីន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សារព័ត៌មានបារាំងAFP ចុះផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះថា ជនអន្តោប្រវេសន៍១៤៣នាក់ បានត្រូវជួយសង្គ្រោះ និងនាំមកដល់ទីក្រុងវ៉ាលេតា ប្រទេសម៉ាល់ត៍ហើយ។ គ្រោះថ្នាក់លិចកប៉ាល់ថ្មីនេះ បានកើតឡើងកាលពីរសៀលថ្ងៃសុក្រម្សិលមិញ នៅចំកណ្តាលតំបន់ត្រីកោណ រវាងប្រទេសម៉ាល់ត៍ លីប៊ី និងកោះឡាំពេឌូសា នៃប្រទេសអ៊ីតាលី។ ជនអន្តោប្រវេសន៍ដែលបានបាត់បង់ជីវិតភាគច្រើន ជាស្ត្រី និងកុមារ។
យោងតាមទាហានប្រទេសម៉ាល់ត៍ កប៉ាល់ជនអន្តោប្រវេសន៍បានចាប់លិចចុះទៅក្នុងសមុទ្រមេឌីទែរ៉ាណេ នៅពេលដែលជនអន្តោប្រវេសន៍បាននាំគ្នាធ្វើចលនាដើម្បីទាក់ទាញការចាប់អារម្មណ៍ពីយន្តហោះយោធាម៉ាល់ត៍មួយគ្រឿង ដែលហោះហើរនៅទីនោះ។ នាយករដ្ឋមន្ត្រីប្រទេសម៉ាល់ត៍ លោក ចូសេហ្វ មុស្កា បានប្រកាសនៅថ្ងៃសុក្រម្សិលមិញថា មន្ទីរពេទ្យរដ្ឋធានីវ៉ាលេតា បានត្រៀមលក្ខណៈជាអតិបរមា ដើម្បីជួយព្យាបាលជនរងគ្រោះ ដែលរួចផុតពីការស្លាប់។
រីឯនាវាចំបាំងជើងទឹកអ៊ីតាលី ឈ្មោះថា លីប្រា បានជួយសង្គ្រោះជនអន្តោប្រវេសន៍បាន៥៦នាក់។ ពួកគេត្រូវបញ្ជូនទៅឃុំ Porto Empedocle ក្នុងខេត្តអ៊ីតាលីឈ្មោះថា Agrigente។
គ្រោះថ្នាក់លិចកប៉ាល់ជនអន្តោប្រវេសន៍ថ្មីនេះ បានកើតឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះថ្នាក់លិចកប៉ាល់នេសាទ នៅកោះឡាំពេឌូសា អ៊ីតាលី កាលពីថ្ងៃ៣តុលា។ កប៉ាល់នេសាទនោះ បានដឹកមនុស្ស៥០០នាក់ ភាគច្រើនជាប្រជាជនអាហ្វ្រិកមកពីប្រទេសអេរីត្រេ។ មានតែមនុស្ស១៥៥នាក់ប៉ុណ្ណោះ ដែលបានរួចជីវិត ពីគ្រោះថ្នាក់នោះ។ រហូតមកដល់ពេលនេះ គេស្រង់បានសាកសពមនុស្ស៣៣៩នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ