កម្ពុជា

គ្រូ​និង​សិស្ស​ចាំ​អ៊ុត​មើល​ការ​អប់រំ​ពេល​មាន​រដ្ឋមន្ត្រី​ថ្មី​

កម្ពុជា​បាន​ធ្វើ​ពិធី​បើក​បវេសនកាល​ថ្មី​ ឆ្នាំ​សិក្សា ២០១៣-២០១៤ នេះ​ ជាមួយ​នឹង​ការតែង​តាំង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​ ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​ដែរ។ តើ​គ្រូ​បង្រៀន​ និង​សិស្សានុសិស្ស​មាន​ចំណាប់អារម្មណ៍​យ៉ាងណាខ្លះ​​ទៅ​លើ​លោក​រដ្ឋមន្ត្រី​ថ្មី?

វិស័យ​អប់រំដែល​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស​ ដើម្បីកសាងជាតិទៅជំនាន់ក្រោយ ​កំពុងស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​មាំទាំឡើយ​។
វិស័យ​អប់រំដែល​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស​ ដើម្បីកសាងជាតិទៅជំនាន់ក្រោយ ​កំពុងស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​មាំទាំឡើយ​។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​១​តុលា​ គឺ​ជាថ្ងៃ​បើក​បវេសនកាល​នៃឆ្នាំ​សិក្សា​ថ្មី​។ ឆ្នាំ​សិក្សា​ថ្មី​ដែល​ត្រូវ​បើក​ក្រោយ​ការ​បោះឆ្នោត​ ហើយ​និង​មាន​វត្តមាន​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​អប់រំទៀត​ផង។ ការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​ក្របខណ្ឌ​នៃ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា​ដដែល។ នៅ​ក្រោយ​ការ​តែងតាំង​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងអប់រំ និង​ការ​បើក​បវេសនកាល​​នៃឆ្នាំ​សិក្សា​ថ្មី​ផង​នោះ តើ​សិស្សានុសិស្ស​ និង​គ្រូបង្រៀន​មានការ​វាយ​តម្លៃ​យ៉ាង​ណា ​ចំពោះ​អនាគត​នៃការ​ដឹកនាំ​វិស័យ​អប់រំ​ដោយ​លោករ​ដ្ឋមន្ត្រី​ថ្មី?

លោក ហឹម សែន​សារឹម គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​១០​មករា ក្នុង​ខេត្ត​សៀម​រាប បាន​ប្រាប់​វិទ្យុ​បារាំង​ថា លោក​មិន​ទាន់​ដឹង​ថា រដ្ឋមន្ត្រី​ថ្មី​អាច​បំពេញ​ការ​ងារ​បាន​ល្អ ហើយ​ផ្តល់​ប្រាក់​ខែ​គ្រប់គ្រាន់​​ដល់​គ្រូបង្រៀន​ដូច​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាងណា​ លោកក៏​មាន​សង្ឃឹម​ខ្លះ​ៗ​ដែរ​ថា វិស័យ​អប់​រំ អាច​ប្រែ​រូប​រាង​បាន​ល្អ​ប្រសើរ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​​នេះ។

ចំនែក​សិស្ស​ម្នាក់ ឈ្មោះ មាស សំនៀង រៀន​នៅ​វិទ្យាល័យបឹង​កេង​កង​ ក្នុង​រាជធានី​ភ្នំពេញ ក៏​រំពឹង​ថា ការ​អប់​រំ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នេះ​នឹង​មាន​ភាព​ល្អប្រសើរ។ យុវតី​ដែល​រៀន​ថ្នាក់ទី៩​រូប​នេះ បាន​បន្ត​ថា ទិដ្ឋភាព​ជា​រួម នៅ​ថ្ងៃ​បើក​បវេសនកាល គឺ​ទាំង​គ្រូ​ទាំង​សិស្ស​សុទ្ធ​តែ​បាន​បេ្តជ្ញា​ថា នឹង​ប្រឹង​ប្រែង​រៀន​សូត្រ ហើយ​ត្រូ​​វ​លុប​បំបាត់​វប្បធម៌​បើក​ចម្លង មក​ជា​ការ​ប្រើ​សមត្ថភាព​​ខ្លួន​ឯង​វិញ។

សូម​រម្លឹក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​លិខិត​មួយ​ ​ចូល​រួម​អបអរសាទរ ដល់​ការ​បើក​បវេសនកាល​ថ្មី​របស់​សិស្សានុសិស្ស សម្រាប់​ឆ្នាំ​សិក្សា​២០១៣-២០១៤ នេះ​ផង​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​នៅ​ក្នុង​លិខិត​នោះ ឲ្យ​សិស្សានុសិស្ស ខិត​ខំ​ប្រឹងប្រែង​រៀន​សូត្រ និង​ស្តាប់​ការ​អប់រំ​របស់​លោក​គ្រូ ​អ្នកគ្រូ។ លោក​ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​អាណ្ត​ត្តិ​ថ្មី នឹង​ប្រើ​យុទ្ធសាស្ត្រ​លើកស្ទួយ​ដល់​ជីវភាព​គ្រូបង្រៀន ដើម្បី​ឲ្យ​ការ​អប់រំ​នៅ​កម្ពុជា កាន់​តែ​ល្អ​ប្រសើរ។

កន្លង​មក​ លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់​រំយុវជន​និង​កីឡា​ថ្មី ក៏​បាន​ថ្លែង​តាម​វិទ្យុ​បារាំង​​ដែរ​ថា បញ្ហា​ជីវភាព​គ្រូ​បង្រៀន​ជា​រឿង​ចម្បង ​ដែល​ត្រូវ​ធ្វើ​​កំណែ​ទម្រង់​មុន​គេ ដើម្បី​ឲ្យ​គុណភាព​អប់​រំ​នៅ​កម្ពុជា កាន់​តែ​ល្អ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI