ស៊ីរី​

អង្គការ​ហាមឃាត់​អាវុធគីមី​ អំពាវនាវ​ឱ្យ​​​មាន​​បទ​ឈប់​បាញ់​មួយរយៈ​នៅ​ស៊ីរី​

ក្រុម​អ្នកជំនាញការ​​ស៊ើបអង្កេតអាវុធគីមី នៅស៊ីរី
ក្រុម​អ្នកជំនាញការ​​ស៊ើបអង្កេតអាវុធគីមី នៅស៊ីរី Reuters

នៅថ្ងៃពុធនេះ ​​អង្គការ​ហាមឃាត់​អាវុធគីមី ហៅកាត់ថា អង្គការOIACបាន​អំពាវនាវ​អោយ​មាន​​បទឈប់បាញ់​មួយរយៈ​នៅស៊ីរី ដើម្បី​សំរួល​ដល់​បេសកកម្ម​ការងារ​ក្រុម​អ្នក​ស៊ើបអង្កេត​ ទទួលបន្ទុក​កំទេច​អាវុធ​គីមី នៅស៊ីរី។ ​​​នៅស៊ីរី ការប្រឈមមុខ​ឥត​ស្រាកស្រាន្ត​ រវាង​រដ្ឋាភិបាល​និង​ក្រុមឧទ្ទាម ធ្វើអោយ​​អ្នកស៊ើបអង្កេត​ទាំងអស់​នោះ ​ប្រឈម​​ទៅនឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃពុធ​ម្សិលមិញ​នេះ លោក Ahmet Uzumcu ប្រធាន​ទូទៅ​នៃ​អង្គការ​ហាមឃាត់​អាវុធគីមី ហៅកាត់ថា អង្គការOIACបាន​អំពាវនាវ អោយ​មាន​បទឈប់បាញ់​មួយរយៈ​កាល​ នៅក្នុង​ប្រទេស​ស៊ីរី ដើម្បី​សំរួល​ដល់​បេសកកម្ម​ការងារ​ក្រុម​អ្នកស៊ើបអង្កេត​ខ្លួន​ ដែល​ទទួលបន្ទុក​​​កំទេច​អាវុធ​គីមី នៅទីនោះ។ ​​​ ប្រធាន​អង្គការOIAC បានអំពាវនាវ​បែបនេះ នៅ​ចំពោះមុខ​​​អ្នកសារព័ត៌មាន​នានា នៅ​ទីក្រុងឡាអេ ដែលជា​ទីតាំងការិយាល័យ​របស់អង្គការ។

អង្គការ​ហាមឃាត់អាវុធគីមី ចង់អោយ​អ្នកជំនាញ​ទាំងនោះ​​ ចៀសផុត​ពីគ្រោះថ្នាក់ ដែលអាច​បង្ក​ឡើង​ដោយការប្រយុទ្ធ​គ្នា​ រវាងកងទ័ព​ស៊ីរី និង​ក្រុមឧទ្ទាម។ អង្គការOIAC​មានកាតព្វកិច្ច​​​កំទេច​អាវុធគីមី​​ ព្រមទាំង​ទីតាំង​ពាក់ព័ន្ធ​អាវុធគីមី​របស់​រដ្ឋាភិបាល​ស៊ីរី អោយបាន​ចប់សព្វគ្រប់​ នៅថ្ងៃ​៣០មិថុនា ឆ្នាំ​២០១៤។ គួររំលឹក​ថា អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តីសំរេច​លេខ​២១១៨ ស្រប​តាម​កិច្ចព្រមព្រៀង​រុស្ស៊ី-អាមេរិក ស្តីពី​ការកំទេច​អាវុធគីមី​នៅ​ស៊ីរី បន្ទាប់​ពី​មាន​​ការវាយប្រហារ​ដោយអាវុធគីមី​ កាលពី​ថ្ងៃ​២១សីហា សំលាប់​ជនស៊ីវិល នៅស៊ីរីមក។

ប្រក្រតិទិន​នៃ​ប្រតិបត្តិការ​កំទេច​អាវុធគីមី​នេះ ហាក់​ផ្តល់ពេលវេលា​តិចតួច​ណាស់​ដល់​អ្នកជំនាញ​ការងារ។ ប៉ុន្តែ អង្គការ​ហាមឃាត់អាវុធគីមី​OIAC​គិតថា គំរោង​​កំទេច​ទីតាំង​ផលិតអាវុធគីមី អោយបាន​រួចរាល់​ថ្ងៃ​១វិច្ឆិកាខាងមុខ​នេះ គឺ​អាច​ធ្វើទៅបាន។ ដូច្នេះ​ហើយទើប​​អង្គការ​អំពាវនាវ​អោយគ្រប់ភាគីស៊ីរី ​សហការគ្នា។

អង្គការOIAC​ បាន​ចាប់បំពេញ​បេសកកម្ម​ខ្លួន នៅ​ស៊ីរី នៅថ្ងៃ​១តុលា ហើយ​បានទទួលការ​សហការ​ខ្ពស់​ពីអាជ្ញាធរស៊ីរី។ អ្នកស៊ើបអង្កេត​​បាន​ចុះទៅត្រួតពិនិត្យ​​ទីតាំង​អាវុធគីមី​មួយកន្លែង​រួចមកហើយ​ ហើយនៅថ្ងៃពុធម្សិលមិញ​នេះ ពួកគេ​ក៏​នឹងត្រូវ​ពិនិត្យ​ទីតាំង​មួយផ្សេង​ទៀតដែរ។ អង្គការ​ហាមឃាត់អាវុធគីមី​OIAC នឹងពិនិត្យ​ទីតាំង​២០កន្លែងទៀត នៅសប្តាហ៍​ក្រោយៗនេះ។

នៅស៊ីរី​បច្ចុប្បន្ន​នេះ មាន​អ្នកជំនាញ​ អង្គការ​​OIAC១៩នាក់ និង​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ ១៦នាក់ កំពុង​បំពេញបេសកកម្ម​នៅទីនោះ។ ពួកគេ​បាន​ចាប់ផ្តើម​កំទេច​ទីតាំង​ផលិតអាវុធ​គីមី​​​​ជាបណ្តើរៗហើយ។ អ្នកជំនាញ​១២នាក់ទៀត កំពុងតែ​ចុះទៅ​ក្រុងដាម៉ាស ដើម្បី​បំពេញបេសកម្ម​​របស់ពួកគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI