ជំងឺរបេង

អង្គការ​សុខភាព​ពិភពលោក៖​ ជំងឺ​របេង​នៅតែ​ជា​បញ្ហា​សុខភាព​ចំបង​

ជំងឺ​របេង​នៅតែ​​ជា​បញ្ហាសុខភាព​ចំបង​នៅលើពិភពលោក
ជំងឺ​របេង​នៅតែ​​ជា​បញ្ហាសុខភាព​ចំបង​នៅលើពិភពលោក Niaid

នៅថ្ងៃ​ពុធ​នេះ អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​ថា​ ជំងឺរបេង​នៅតែ​ជា​បញ្ហាសុខភាព​ចំបង​​​របស់​មនុស្សដដែល។ អង្គការ​សុខភាព​ពិភពលោក លើកឡើង​ថា ថ្វីបើ​អ្នកជំងឺ​របេង​មានការ​ថយចុះ ជំងឺ​របេង​នៅតែ​ស្ថិត​ក្នុង​ចំណោម​ជំងឺ​ឆ្លង​ដែល​សម្លាប់​មនុស្ស​ច្រើនបំផុត​​លើ​ពិភពលោក បន្ទាប់ពី​ជំងឺស៊ីដា។

ផ្សាយពាណិជ្ជកម្ម

អង្គការ​សុខភាពពិភពលោក​បាន​​ប្រកាស​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ថ្វីបើ​ករណី​ជំងឺ​របេង​មានការថយចុះ ជំងឺ​របេង​នៅតែ​ស្ថិត​ក្នុង​ចំណោម​ជំងឺ​ឆ្លង​ដែល​សម្លាប់​មនុស្ស​ច្រើនបំផុត​​លើពិភពលោក បន្ទាប់​ពី​ជំងឺស៊ីដា។

យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​ ក្នុង​ឆ្នាំ​​២០១២កន្លងទៅ ចំនួន​មនុស្ស​ដែល​បាន​រងការវាយប្រហារ​ដោយ​បាក់តេរី​នៃ​ជំងឺ​របេង ក្នុង​ពិភពលោក មាន​៨លាន៦សែននាក់​​​ ក្នុងនោះ​​មនុស្ស​មួយលាន​មួយសែននាក់ ក៏​មាន​ផ្ទុក​​មេរោគ​អេដស៍​ផងដែរ។ បើប្រៀប​ទៅ​នឹង​ឆ្នាំ ២០១១ ដែល​មាន​អ្នកជំងឺ​​​៨លាន៧សែន​នាក់​ ចំនួន​​អ្នកជំងឺ​របេង​​​ឆ្នាំ២០១២​ មានការ​ធ្លាក់ចុះ​មួយសែននាក់។ ​​ការធ្លាក់ចុះ​នេះ មាន​ប្រមាណ​៤៥ភាគរយ គិត​ចាប់​​ពីឆ្នាំ​១៩៩០មក។

ករណី​ជំងឺ​របេង​នៅអាស៊ីអាគ្នេយ៍​យើង មាន​​២៩ ភាគរយ នៅ​អាហ្វ្រិក​ មាន​២៧ភាគរយ និង​តំបន់​ប៉ាស៊ីហ្វិក​ភាគខាងលិច​មាន​១៩ភាគរយ។ ធៀបនឹង​ឆ្នាំ​២០១១ ដែលមាន​អ្នកសា្លប់​ដោយ​ជំងឺ​​របេង​​​១លាន៤សែននាក់ ក្នុង​ឆ្នាំ​២០១២ អ្នកស្លាប់​ដោយ​ជំងឺនេះ​ ​ថយ​ចុះ​មក​នៅ​១លាន៣សែននាក់ ក្នុងនោះ​៣២ម៉ឺននាក់ ជាអ្នក​ផ្ទុក​មេរោគ​អេដស៍។ ឆ្នាំ​២០០៣ ជា​ឆ្នាំ​ដែល​មាន​អ្នកជំងឺ​របេង​ស្លាប់​ច្រើនបំផុត​ក្នុង​លោក គឺ​មាន​រហូត​ដល់​​១លាន៨សែននាក់។

ទោះ​ជាមាន​ការថយចុះ​នៃ​អ្នកជំងឺ​របេង​បែបនេះ​ក្តី អង្គការ​សុខភាព​ពិភពលោក​នៅតែ​មាន​ការ​ព្រួយបារម្ភ​​ ព្រោះ​ការ​ថយចុះ​​​នេះ​នៅយឺតយ៉ាវ​នៅឡើយ។ ជាក់ស្តែង ក្នុង​ឆ្នាំ២០១២កន្លងទៅ ក្នុង​ចំណោម​ ករណី​ជំងឺ៨លាន៦សែន​នោះ មាន​ករណី​​​ត្រឹម​តែ​៥លាន​៧សែន​ប៉ុណ្ណោះ ដែល​គេ​បាន​រកឃើញ។ ដូច្នេះ​មានន័យថា ករណី​ជិត​មួយភាគបី​ ​​​ផ្សេងទៀត មិន​ទាន់ត្រូវ​បាន​គេ​រកឃើញ​នោះទេ។

អង្គការ​សុខភាព​ពិភពលោក​ក៏បារម្ភ​ផងដែរ ពី​ការ​​វិវត្តន៍​នៃ​ជំងឺ​របេង​ដែល​គេហៅ​ជា​អក្សរឡាតាំង​​ថា TB-MR។ វា​ជា​ជំងឺ​​ធន់​​នឹង​​ថ្នាំពេទ្យ​បំផុត ជាក់ស្តែង​​វា​បាន​ធន់​នឹង​ថ្នាំ​​ Isionazide ​និង​ថ្នាំ Rifampicine ដែល​ជា​ថ្នាំ​ប្រឆាំង​រោគរបេង​​ស្តង់ដារ ​ប្រសិទ្ធភាព​ខ្ពស់​ជាងគេ។ ក្នុង​ឆ្នាំ​២០១២ គេបាន​រកឃើញ​ជំងឺ​របេង​ប្រភេទ​ TB-MRនេះ លើ​មនុស្ស​ប្រមាណ​៩ម៉ឺន៤ពាន់នាក់។ បើធៀបនឹង​​ឆ្នាំ​២០១១ ​ចំនួន​នេះ​មានការកើនឡើង​ទ្វេដង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI