អ.ស.ប.បារម្ភពីការយឺតយ៉ាវ ចំពោះការតែងតាំងចៅក្រមស៊ើបអង្កេតអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មន្ត្រីអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភ ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានពន្យារពេលតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មី នៅតុលាការខ្មែរក្រហម។ ក៏ប៉ុន្តែមន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា លើកឡើងថា ការតែងតាំងចៅក្រមថ្មីនេះ ស្ថិតនៅក្នុងដំណើរការនីតិវិធី ដែលតុលាការខ្មែរក្រហម ក៏កំពុងទន្ទឹងរង់ចាំការសម្រេចនោះផងដែរ។
មន្ត្រីអង្គការសហប្រជាជាតិ បានសម្តែងជាព្រួយបារម្ភជាខ្លាំង ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានពន្យារពេល មិនព្រមតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មី នៅតុលាការខ្មែរក្រហម ដើម្បីដំណើរការករណី០០៣ និង០០៤ ដែលជាសំណុំរឿង ត្រូវបានជំទាស់ដ៏ខ្លាំងក្លាពីរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃពុធនេះ។
អ្នកនាំពាក្យ Martin Nesirky បានបន្តែមថា អង្គការសហប្រជាជាតិ បានប្រឹងប្រែងដើម្បីជំរុញឲ្យមានការតែងតាំងសហចៅក្រមថ្មី ដែលកម្ពុជាត្រូវមានកាតព្វកិច្ច ដើម្បីតែងតាំងចៅក្រមបម្រុងអន្តរជាតិ សម្រាប់ដំណើរការរឿងក្តី នៅតុលាការចម្រុះនោះ។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង ជនជាតិស្វីស លោក Laurent Kasper Ansermet បានមកដល់ភ្នំពេញ ចាប់តាំងពីខែធ្នូ ដើម្បីត្រៀមខ្លួនចូលជំនួសកៅអីចៅក្រមអាល្លឺម៉ង់ ដែលបានលាលែង កាលពីខែតុលា ខណៈដែលមានការជំទាស់ពីរដ្ឋាភិបាលកម្ពុជា លើដំណើរការស៊ើបអង្កេតរឿងក្តីថ្មី ២ ទៀត ក្នុងចន្លោះរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីខែតុលា មកដល់ពេលនេះ មិនទាន់បានតែងតាំងចៅក្រមថ្មីនៅឡើយទេ។
ការតែងតាំងចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មីនៅតុលាការខ្មែរក្រហម ក៏ត្រូវបានលើកឡើង កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១១ ក្នុងកិច្ចពិភាក្សាទ្វេភាគី រវាងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការច្បាប់ លោកស្រី Patricia O’Brien ជាមួយលោក សុខ អាន តំណាងរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកកិច្ចការសាលាក្តីខ្មែរក្រហម។
នៅថ្ងៃពុធនេះ លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានលើកឡើងថា ការតែងតាំងចៅក្រមអន្តរជាតិថ្មីនោះ កំពុងស្ថិតក្នុងដំណើរការនីតិវិធី តែមិនដឹងពេលណា ត្រូវបានគេប្រកាសឡើយ។
ចំណែកមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា បានទទួលលិខិតពីអង្គការសហប្រជាជាតិ ដើម្បីស្នើសុំពិភាក្សាលើបញ្ហានោះហើយ។ តែមិនដឹងថា កិច្ចប្រជុំនោះ នឹងធ្វើនៅពេលណាទេ។
លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា រដ្ឋាភិបាលគ្មានហេតុផលណា ចង់ពន្យារពេលលើដំណើរការកាត់ទោសមេខ្មែរក្រហមទេ។ ផ្ទុយទៅវិញរដ្ឋាភិបាល ជំរុញឲ្យមានការកាត់ទោសមេខ្មែរក្រហមធ្វើដោយរលូន និងឆាប់រហ័ស ព្រោះមេខ្មែរក្រហមទាំងនោះចាស់ជរាហើយ។
តាមអ្នកនាំពាក្យ ចំពោះការយឺតយ៉ាវនៃការតែងតាំងចៅក្រមអន្តរជាតិថ្មីនោះ ស្ថិតនៅលើចំណាត់ការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
កាលពីថ្ងៃចន្ទ សហចៅក្រមជាតិ លោក យូ ប៊ុនឡេង បានបដិសេធ មិនធ្វើការជាមួយលោកចៅក្រមបម្រុង ដោយអះអាងថា ចៅក្រមអន្តរជាតិនោះ មិនទាន់ទទួលបានការតែងតាំងជាផ្លូវការនៅឡើយ។ រីឯចៅក្រមបម្រុង បានចោទលោកយូ ប៊ុនឡេងថា មានបំណងរារាំង នូវព័ត៌មានសំខាន់ៗ លើសំណុំរឿង០០៣ និង០០៤ ដែលជាការចោទប្រកាន់លើអតីតមេខ្មែរក្រហម ៥ រូបបន្ថែមទៀត ដើម្បីនាំមកកាត់ទោស ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ