អាមេរិក-អង់គ្លេស

វត្តមាន​របស់លោក​អូបាម៉ា​នៅសភាអង់គ្លេស​គឺជា​កិត្តិយស​មួយ​ដ៏កម្រមាន​

លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David Cameron និង លោកប្រធានាធិបតី​ អាមេរិក​ បារ៉ាក់​ អូបាម៉ា
លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David Cameron និង លោកប្រធានាធិបតី​ អាមេរិក​ បារ៉ាក់​ អូបាម៉ា ©​ Reuters

រៀបចំ​ពិធី​សាយភោជន៍​នៅ​ព្រះរាជវាំង​Buckingham Palace ​ ​ សុន្ទរកថា​របស់​លោក​បារ៉ាក់​អូបាម៉ា​នៅ​មុខ​សភា​អង់គ្លេស​ទាំងពីរ​ ​ ពិធី​ជប់លៀង​នៅ​វិមាន​នាយករដ្ឋមន្ត្រី​10 Downing Street ​ ​ ទាំងនេះ​ពិតជា​កាយវិការ​បដិសណ្ឋារកិច្ច​ដ៏​សែន​កក់ក្តៅ​របស់​អ្នកដឹកនាំ​អង់គ្លេស​សម្រាប់​លោក​អូបាម៉ា​ ​ ហើយក៏​ដើម្បី​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ ប្រទេស​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក​រក្សា​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ។ 

ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​សង្គ្រាម​លោក​លើកទីពីរ​មក​ ​ គេបាន​កត់​សម្គាល់​ឃើញ​មាន​អ្នកដឹកនាំ​កំពូល​អង់គ្លេស​និង​អាមេរិកាំង​បីគូ​ដែល​បាន​សម្ដែង​បង្ហាញ​ឲ្យ​ឃើញ​នូវ​លក្ខណៈ​ពិសេស​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក៖​ លោក​Harry Truman​និង​លោក​Winston Churchill ​ ​ លោក​Ronald Reagan​និង​លោក​ស្រី​Margaret Thatcher ​ ​ លោក​George w Bush​និង​លោក​Tony Blair។

 
ជាការ​ពិតណាស់​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អង់គ្លេស​តែង​មាន​ទំនាក់​ទំនង​ពិសេស​នឹងគ្នា។​ ក៏​ប៉ុន្តែ​តើ​ទំនាក់​ទំនង​ពិសេស​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច​ខ្លះ?
តើ​មាន​ន័យ​ដូច​ទំនាក់​ទំនង​រវាង​លោក​George w Bush​និង​លោក​Tony Blair​ដែល​ចេះតែ​ដើរតាម​ការ​ដឹកនាំ​របស់​ លោក​George w Bush​ទាំងតត្រុក​ចូល​រួម​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់​ឬ​យ៉ាងណា?​ ឬមួយ​ក៏​ជា​ទំនាក់​ទំនង​ដូច​លោក​អូបាម៉ា​និង​លោក​Gordon Brown ដែល​រក្សា​សភាព​មាន​គម្លាត​ពី​គ្នា។

ចំណែកឯ​ទំនាក់​ទំនង​រវាង​លោក​David Cameron និង​លោក​អូបាម៉ា​វិញ​ ​ ទោះបីជា​អ្នកទាំងពីរ​មាន​ទស្សនៈ​ខុស​ពី​គ្នា​បន្តិច​ពាក់ព័ន្ធ​នឹង​បញ្ហា​លីប៊ី​ក្តី ​ ​ក៏​គេ​នៅ​រក្សា​ទំនាក់​ទំនង​ពិសេស​អាមេរិក-អង់គ្លេស​បាន​យ៉ាង​គួរឲ្យ​ពេញចិត្ត។

នៅ​ថ្ងៃពុធ​នេះ​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នឹង​ថ្លែង​សុន្ទរកថា​មួយ​នៅ​មុខ​សភា​អង់គ្លេស។​ ទាំងនេះ​ ពិតជា​កិត្តិយស​មួយ​ដ៏​សែន​កម្រ​មាន។​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មាន​តែ​លោក​ប្រធានាធិបតី​បារាំង​Charles de Gaulle ​ ​ លោក​Nelson Mandela បិតាជាតិ​អាហ្វ្រិក​ខាងត្បូង​ ​ សម្តេច​Pape Benoît ទី១៦​ប៉ុណ្ណោះ​ដែល​អ្នកដឹកនាំ​អង់គ្លេស​ជូន​និង​ថ្វាយ​​កិត្តិយស​ខ្ពង់ខ្ពស់​បែបនេះ។

លើសពី​និមិត្តរូប​នៃ​ទំនាក់​ទំនង​ពិសេស​នេះ​ ​ ក្រុមប្រឹក្សា​យុទ្ធសាស្ត្រ​ខាង​សន្តិសុខ​ជាតិ​Conseil Stratégique de Sécurité Nationale​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​មាន​ជំនួប​ពីរខែ​ម្តង​ដើម្បី​សិក្សា​ពី​បញ្ហា​សំខាន់ៗ​មាន​ដូចជា​៖​ បញ្ហា​អ៊ីរ៉ង់​ ​ ប៉ាគីស្ថាន​ ​ ដើមបូព៌ា​ ​ ឬ​បញ្ហា​ភេរវកម្ម​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI