សហរដ្ឋ​អាមេរិក​-ប៉ូឡូញ

លោក​ អូបាម៉ា ធានា​​ការពារ​សុវត្ថិភាព​ឲ្យ​ប៉ូឡូញ

ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​ក្រុង​វ៉ាសូវី ថ្ងៃ​ទី​២៧​ឧសភា ២០១១
ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​ក្រុង​វ៉ាសូវី ថ្ងៃ​ទី​២៧​ឧសភា ២០១១ Reuters/Franciszek Mazur/Agencja Gazeta

គ្រាន់​តែ​ជំនួប​កំពូល​នៃ​បណ្តា​ប្រទេស​មហាឧស្សាហកម្ម​ទាំង​៨ នៅ​ប្រទេស​បារាំង បាន​បិទ​បញ្ចប់​ភ្លាម លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​បន្ត​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅ​កាន់​ប្រទេស​ប៉ូឡូញ។ នៅ​ថ្ងៃ​នេះ ពីទីក្រុង វ៉ាសូវី លោក​​ប្រធានាធិបតី​ អូបាម៉ា នឹងធ្វើ​សេចក្តី​ធានា​​អះអាង​ជា​ថ្មី ទៅ​កាន់​អ្នក​នយោបាយ​ប៉ូឡូញ ​ថា​អាមេរិក​នឹង​ចូល​រួម​យ៉ាង​សកម្ម​រក្សា​​​សុវត្ថិភាព​​ប៉ូឡូញ ដោយ​សន្យា​បង្កើត​ឲ្យ​មាន​ទីតាំងបណ្តាញ​​ទ័ព​អាកាស​អាមេរិក​ជា​អចិន្ត្រៃយ៍​ នៅ​លើ​ទឹកដី​​នេះ។

ផ្សាយពាណិជ្ជកម្ម

នា​ឱកាស​​​ជំនួប​កំពូល​សហរដ្ឋ​អាមេរិក-អឺរ៉ុប​ខាង​កើត ម្សិលមិញ នៅ​ទីក្រុង​វ៉ាសូវី ដែល​ផ្តោត​សំខាន់​ទៅ​លើ​ប្រធានបទ​ “ដំណើរ​ប្តូរ​ផ្លាស់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ” និង​ដែល​មាន​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាលប្រមាណ​​២០​រូប ភាគ​ច្រើន​មក​ពី​​ប្រទេស​អតីត​សហភាព​សូវៀត លោក​ អូបាម៉ា បាន​សម្តែង​គារវកិច្ច​គោរព​ស្វាគម​​ចំពោះ​ ភាព​រីកចម្រើន​ផ្នែក​សេរីភាព​ និង​​កំណើន​សេដ្ឋកិច្ច​​ក្នុង​តំបន់ ព្រោះ​វា​​​ជា​ប្រភព​នៃ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ចជាតិ។ អាមេរិក​ត្រៀម​ជា​សេ្រច​នឹង​ក្លាយ​ជា​ដៃ​គូ​ដែល​មិន​អាច​ខ្វះ​បាន។ នេះ​ជា​ប្រសាសន៍​បន្ថែម​របស់​លោក​ អូបាម៉ា។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​ រយៈ​ពេល​ពី​រ​ថ្ងៃ​នៅ​​ប៉ូឡូញ អតីត​ប្រទេស​​ក្នុង​ប្លុក​កុម្មុយនិស្ត។​ ប៉ូឡូញ​ដែលបាន​ងើបបះបោរ​ ផ្តាច់​ខ្លួន ដំបូង​គេ​បង្អស់​ ​ចេញ​ពី​របប​កុម្មុយនិស្ត​សូវៀត នៅ​ឆ្នាំ​១៩៨៩ ​បាន​ឆ្លង​កាត់ដំណាក់​កាល​​​​អន្តរកាល​ឈាន​ឆ្ពោះ​ទៅ​រក​​លទ្ធិ​​ប្រជា​ធិបតេយ្យ និង​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី ដោយ​គ្មាន​បង្ហូរ​ឈាម​មួយតំណក់។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ប្រធានាធិបតី​ប៉ូឡូញ​ Bronislaw Komorowski និង​ប្រធានាធិបតី​ប្រទេស​អតីត​ក្នុង​ប្លុក​កុម្មុយនិស្ត​ផ្សេង​ទៀត ឆ្លៀត​​​សម្តែង​មោទនភាព និង​ចែក​រំលែក​បទ​ពិសោធន៍​ទៅ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​ពិភពអារ៉ាប់ ដែល​កំពុង​ទទួល​​រង​ព្យុះ​បដិវត្តន៍។

ម្យ៉ាង​វិញ​ទៀត ដំណើរ​ទស្សនកិច្ច​របស់​លោក អូបាម៉ា នៅ​ប៉ូឡូញ នេះ​ជា​ឱកាស​មួយ​ ដែល​អាមេរិក​ត្រូវ​​សម្រេច​កិច្ច​ព្រម​ព្រៀងសុវត្ថិភាព​​ជាមួយ​ក្រុង​វ៉ាសូវី ក្នុង​ការ​បង្កើត​ឲ្យ​មាន​បណ្តាញ​ទ័ព​អាកាស​អចិន្ត្រៃយ៍​ ​បង្វឹក​បង្ហាត់​អ្នក​បើក​យន្តហោះ​ចម្បាំង​ប៉ូឡូញ។ កិច្ច​ព្រម​ព្រៀង​ដែលជា​​និមិត្តសញ្ញា​ដ៏​​មាន​តម្លៃ​បំផុត​សំរាប់​ប៉ូឡូញ​នៅ​ចំពោះមុខ​ការ​គំរាម​កំហែង​របស់​រុស្ស៊ី​ជា​ប្រទេស​ជិត​ខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI