លោកអូបាម៉ាប្រកាសបន្តដាក់ទណ្ឌកម្មលើភូមា
ចុះផ្សាយនៅថ្ងៃ៖
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រកាសបន្តដាក់ទណ្ឌកម្មលើប្រទេសភូមា មួយឆ្នាំបន្ថែមទៀតនៅថ្ងៃសុក្រម្សិលមិញ ព្រោះសម្រាប់សហរដ្ឋអាមេរិក ភូមាជាប្រទេសមិនគោរពលទ្ធិប្រជាធិបតេយ្យ និងជាប្រទេសគ្រោះថ្នាក់ដល់ស្ថិរភាពជាតិនិងអាមេរិក។
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
បើយោងតាមឯកសារផ្លូវការ ដែលសេតវិមានបានចុះផ្សាយនៅថ្ងៃសុក្រម្សិលមិញ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានសម្រេចចិត្តបន្តប្រើវិធានការដាក់ទណ្ឌកម្មលើប្រទេសភូមា ដែលអាមេរិកបានតាក់តែងឡើងតាំងពីក្នុងរដ្ឋការលោកប៊ីល គ្លីនតុន (Bill Clinton)ក្នុងឆ្នាំ១៩៩៧។ វិធានការដែលជានិច្ចជាកាលត្រូវបានប្រធានាធិបតីអាមេរិកក្រោយៗទៀត ឲ្យតម្លៃ និងថែមថយចំណុចខ្លះដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព។
វិធានការដាក់ទណ្ឌកម្មនេះ គឺគ្មានអ្វីក្រៅពី បន្តហាមឃាត់មិនបញ្ជូនសហគ្រាសអាមេរិកទៅដាក់វិនិយោគទុននៅភូមា ហាមឃាត់មិនឲ្យភូមានាំផលិតផលរបស់ខ្លួនមកកាន់ទីផ្សារអាមេរិក។
សូមបញ្ជាក់ថា សេចក្តីសម្រេចបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើភូមានេះ ធ្វើឡើងបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រេសិតអាមេរិក លោក Kurt Cambell បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅភូមា និងបានជួបប្រាស្រ័យជាមួយប្រមុខបក្សប្រឆាំង លោកស្រី អ៊ុង សានស៊ូជី ដែលរបបសឹកបានច្រានចេញពីការបោះឆ្នោតសភា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍មក។ សម្រាប់អាមេរិក សកម្មភាពនយោបាយរបស់របបសឹកក្រុងរ៉ង់ហ្គូន នៅតែជាគ្រោះថ្នាក់ដ៏ចំបងមួយចំពោះស្ថិរភាពជាតិ និងនយោបាយបរទេសរបស់សហរដ្ឋអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ