សហរដ្ឋ​អាមេរិក

លោក បារ៉ាក់ អូបាម៉ា មិនព្រម​ឲ្យ​ផ្សព្វផ្សាយ​រូប​ថត​​សព​របស់​​បិន ឡាដិន

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា
លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា Reuters

នៅ​ទី​បំផុត ប្រធានាធិបតី​អាមេរិក​ អូបាម៉ា បាន​សម្រេច​មិន​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ រូប​ថត​ខ្មោច​របស់​បិន ឡាដិន។ សេតវិមាន ជូន​ជា​មូលហេតុ​ថា ទី​មួយ​រូប​នោះ វា​អាក្រក់​មើល​ពេក និង​ទី​ពីរ រូបថត​ខ្មោច​របស់​មេ​ដឹក​នាំ​Al-Qaïda អាច​នឹង​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​ដើម្បី​បំផុស​បំផុល​កំហឹង​និង​ការ​ គុំកួន​របស់​ពួក​អ៊ីស្លាម​ជ្រុល​និយម ចំពោះ​សហរដ្ឋ​អាមេរិក។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត មាន​ច្រើន​ណាស់​សង្គ្រាម​ប៉ាកកា​ដែល​បាន​ផ្ទុះ​ឡើង ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ រូបភាព​សាកសព​របស់​មនុស្ស​ល្បីៗ​មួយ​ចំនួន។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រវត្តិសាស្រ្ត តែងតែ​មាន​សង្គ្រាម​ប៉ាកកា​កើត​ឡើង​ជុំ​វិញ​ការ​ផ្សព្វផ្សាយ ឬ​ការ​មិន​ផ្សព្វផ្សាយ​រូបថត​សាកសព​របស់​មនុស្ស​ល្បីៗ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​បាញ់​ចោល ក្នុង​នោះ​រួម​មាន Hitler- Mussolini- Ceausescu និង Saddam Hussein។

នៅ​ថ្ងៃ​ទី​២៦​មេសា​ឆ្នាំ​១៩៤៥ ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​២​ជិត​ចប់ Mussoliniដែល​ជា​មេ​ហ្វាស៊ីស (fasciste)​អ៊ីតាលី ត្រូវ​បាន​ចាប់​ខ្លួន រួច​ហើយ​ត្រូវ​បាន​គេ​បាញ់​ចោល​ពីរ​ថ្ងៃ​ក្រោយ​មក។ កាល​នោះ ខ្មោច​របស់​Mussolini ត្រូវ​បាន​គេ​ដាក់​សម្ញែង​ជា​សាធារណៈ។ មនុស្សម្នា​បាន​ខាក​ស្តោះ​និង​ទាត់​ធាក់​ទៅ​លើ​ខ្មោច​ទៅ​ទៀត។ មួយ​ថ្ងៃ​ក្រោយ​មក រូបភាព​ទាំង​នោះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ទី​មួយ​នៃ​សារព័ត៌មាន​នានា​ក្នុង​សកលលោក និង​បាន​បង្ក​ជា​សង្គ្រាម​ប៉ាកកា។

ស្តី​ពី​Hitler មេ​ណាហ្ស៊ី (nazi)​ អាល្លឺម៉ង់​វិញ សង្គ្រាម​ប៉ាកកា​បន្ត​មាន​រហូត​មក​ទល់​សព្វ​ថ្ងៃ ពី​ព្រោះ​នៅ​ខែ​កក្កដា​ឆ្នាំ​១៩៤៥ គេ​បាន​ផ្សព្វផ្សាយ​រូប​ថត​មួយ ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ខ្មោច​របស់​Hitler។ ក៏​ប៉ុន្តែ ក្រោយ​មក គេ​បាន​រក​ឃើញ​ថា នៅ​លើ​រូបថត​នោះ​មិនមែន​ជា​សព​របស់​Hitler​ទេ ពីព្រោះ មុន​ពេល​ការ​ចូល​មក​ដល់​របស់​កងទ័ព​សូវៀត Hitler បាន​បាញ់​សម្លាប់​ខ្លួន​ឯង ហើយ​ពួក​អង្គរក្ស​ផ្ទាល់​របស់​Hitler បាន​យក​ខ្មោច​ទៅ​ដុត រួច​ហើយ​បាន​កប់​ឆ្អឹងឆ្អែង​ដែល​នៅ​សេសសល់ នៅ​ក្បែរ​បន្ទាយ​ទាហាន​តែ​ម្តង។

រី​ឯ​Ceausescu​ មេ​អំណាច​ផ្តាច់ការ​កុម្មុយនិស្ត​នៅ​ប្រទេស​រូម៉ានី​វិញ គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៨៩ ត្រូវ​បាន​កាត់​ទោស រួច​ហើយ​ត្រូវ​បាន​គេ​បាញ់​ចោល។ ក្រោយ​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​Ceausescu មិន​ទាន់​ស្លាប់ អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​រូម៉ានី​សម័យ​នោះ ក៏​សម្រេច​ចាក់​Vidéo បង្ហាញ​តាម​កញ្ចក់​ទូរទស្សន៍ រូបភាព​នៃ​ការ​បាញ់​ប្រហារ​Ceausescu ឲ្យ​ពលរដ្ឋ​មើល។ ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃ ផ្នូរ​របស់​Ceausescu បាន​ក្លាយ​ទៅ​ជា​ទី​កន្លែង​សក្ការៈ​សម្រាប់​ពួក​អ្នក​នៅ​អាឡោះ​អាល័យ​របប​កុម្មុយនិស្ត​រូម៉ានី។

ដោយ​ឡែក​កាល​ពី​៥​ឆ្នាំ​មុន Saddam Hussein មេ​ដឹក​នាំ​របប​ផ្តាច់ការ​អៀរ៉ាក់​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ដោយ​ព្យួរ​ក។ រូបភាព​នៃ​ការ​ព្យួរក​Saddam Husseinត្រូវ​បាន​គេ​ផ្សាយ​តាម​ទូរទស្សន៍​និង​អ៊ីនធ័រណែត ពាសពេញ​ពិភពលោក ជា​ហេតុ​បាន​បណ្តាល​ឲ្យ​មាន​ការ​ជជែក​វែកញែក​ជា​យូរ​ថ្ងៃ ពីព្រោះ​សូម្បី​តែ​អ្នក​ស្អប់​Saddam Hussein ក៏​បាន​ពោល​ថា គេ​មិន​គួរ​ផ្សព្វផ្សាយ​រូបភាព​ទាំង​អស់​នេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI