ឥណ្ឌា-សហរដ្ឋ​អាមេរិក

សំណុំ​រឿង​នយោបាយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា នៅ​ឥណ្ឌា

លោក​បារ៉ាក់​អូបាម៉ា (ឆ្វេង)និង​​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Manmohan Singh (កណ្តាល) នៅ​ទីក្រុងNew Delhi ថ្ងៃ​ទី​៧ វិច្ឆិកា ២០១០
លោក​បារ៉ាក់​អូបាម៉ា (ឆ្វេង)និង​​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Manmohan Singh (កណ្តាល) នៅ​ទីក្រុងNew Delhi ថ្ងៃ​ទី​៧ វិច្ឆិកា ២០១០ REUTERS/B Mathur

លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា កំពុង​បន្ត​បំពេញ​ទស្សនកិច្ច​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​នេះ​ដែល​ជា​​​ថ្ងៃ​ទី​បី​ មុន​នឹង​ហោះ​បន្ត​​​​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី។ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ពាណិជ្ជកម្ម​ជាច្រើន​ ​ម្សិលមិញ​​លោក​អូបាម៉ា​ បាន​លើក​ឡើង​អំពី​សំណុំ​រឿង​ភូមិសាស្ត្រ​នយោបាយ។ សម្រាប់​ថ្ងៃ​ច័ន្ទ​ទី​៨​វិច្ឆិកា​នេះ លំហាត់​ថ្មី​មួយ​ដ៏​គ្រោះ​ថ្នាក់​កំពុង​រង់​ចាំ​លោក​អូបាម៉ា​ជាស្រេច មាន​ជា​អាទិ៍​ជំនួប​ជាមួយ​ប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា និង​ជា​ចុង​ក្រោយ​គឺ​ការ​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

លោក បារ៉ាក់ អូបាម៉ា បាន​រក្សា​​វិញ្ញាសា​ ដែល​លំបាក​បំផុត​ ទុក​បំពេញ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​​ក្នុង​ប្រទេស​ឥណ្ឌា។ បន្ទាប់​ពី​ប្រធានបទ​សេដ្ឋកិច្ច​ និង​វប្បធម៌ ​នៅថ្ងៃ​នេះ​ លោក​ប្រធានាធិបតី​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ ម៉ាន់​មហាន់ស៊ីង និង​លោកស្រី​ប្រធានាធិបតី ប្រាទិផា ប៉ាទីល ព្រម​ទាំង​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន និង​សមាជិក​បក្ស​ប្រឆាំង​ឥណ្ឌា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ដ៏​រសើប​ៗ​បំផុត​មួយ​ចំនួន។

នៅ​ចំពោះ​មុខ​សមាជិក​សភា នា​រសៀល​ថ្ងៃ​នេះ លោក​អូបាម៉ា ត្រូវ​ពន្យល់​អំពី​យុទ្ធសាស្ត្រ​របស់​អាមេរិក​​នៅ​ក្នុង​តំបន់ ថា​មិន​មែន​ជា​នយោបាយ​ឱកាស​និយម​ទេ ប៉ុន្តែ​ជា​នយោបាយ​ ដែល​អាមេរិក​និង​ឥណ្ឌា​រួប​រួម​គ្នា​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ទាំង​ពីរ​ភាគី ក្នុងនាម​ឥណ្ឌា​ ដែល​អាមេរិក​​ស្វាគម​ថា​ជា​ប្រទេស​មហាអំណាច​មួយ​នៅ​លើ​លោក។

លោក​ អូបាម៉ា ក៏​នឹង​ត្រូវ​លើក​ឡើង​ផង​ដែរ​អំពី​ ​ការ​ទាមទារ​​សុំ​មាន​អាសនៈ​អចិន្ត្រៃយ៍​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​របស់​ឥណ្ឌា និង​អំពី​​ជំហរ​​របស់​អាមេរិក​នៅ​ចំពោះ​មុខ​អធិករណ៍​ឥណ្ឌា​-​ប៉ាគីស្តង់ ដែល​​ការ​ចរចា​បាន​ជាប់​គាំង​ ជាច្រើន​ខែ​មក​ហើយ។

នៅ​​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក អូបាម៉ា បាន​ឆ្លង​កាត់​វិញ្ញាសា​មួយ​ដ៏​គ្រោះ​ថ្នាក់​បំផុត ដោយ​បាន​ឆ្លើយ​នឹង​សំណួរ​របស់​និស្សិត​នៅ​ទីក្រុង​ប៊ុមបេ​ ការពារ​ប៉ាគីស្តង់​-សម្ព័ន្ធមិត្ត​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ក្នុង​សំណុំ​រឿង​ជម្លោះ​ទឹកដី​និង​សំណុំ​រឿង​រកាំ​រកូស​ទាំងឡាយ​រវាង ឥណ្ឌា-ប៉ាគីស្តង់។ អាមេរិក មិន​អាច​បង្ខំ​ដាក់​ឲ្យ​មាន​ដំណោះស្រាយ​អ្វី​មួយ​ទាក់ទង​នឹង​ជម្លោះ​​រវាង​ប្រទេស​ជិតខាង​ពីរ​នេះ​ទេ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​អូបាម៉ា​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ សម្រាប់​អាមេរិក​ ឥណ្ឌា​គឺ​ជាប្រទេស​ទី​មួយ​ដែល​អាមេរិក​ត្រូវការ​ដើម្បី​កម្ចាត់​ពួក​ភេរវជន​​នៅ​ប្រទេស​ប៉ាគីស្តង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI