ទស្សនកិច្ចរយៈពេល២៤ម៉ោងរបស់លោក បារ៉ាក អូបាម៉ា នៅឥណ្ឌូនេស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងដំណើរមកពីប្រទេសឥណ្ឌា លោកប្រធានាធិបតីអាមេរិកាំងបារ៉ាក អូបាម៉ាអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេល២៤ម៉ោង នៅថ្ងៃអង្គារ៩វិច្ឆិកានេះនៅឥណ្ឌូនេស៊ីជាប្រទេសដែលគាត់បាន ស្នាក់អាស្រ័យនៅអស់មួយភាគនៃកុមារភាពរបស់គាត់។ ប្រជាជនឥណ្ឌូនេស៊ី មានការខកចិត្ត ដោយហេតុការលុបចោលអស់២ដងទស្សនកិច្ចរបស់គាត់ ចាប់ពីដើមឆ្នាំនេះមកគឺនៅខែមីនាម្ដង បន្ទាប់មកនៅខែមិថុនាម្ដងទៀត ដោយហេតុតែមានការតស៊ូមតិ នៅទីក្រុងវ៉ាស៊ិនតោនស្តីពីកំណែទម្រង់ប្រព័ន្ធសុខាភិបាលនិងគ្រោះ មហន្តរាយប្រេងកាតអណ្តែតរាយពពាយនៅលើផ្ទៃទឹកសមុទ្រក្នុងតំបន់ឈូង សមុទ្រម៉ិចស៊ិច។
សេចក្តីរាយការណ៍របស់ Solenn Honorine ប្រែសម្រួលដោយ វីនស្តុន រតនា
ឥឡូវនេះគឺជាការប្រាកដនិងជាផ្លូវការទៀតផងគឺលោកបារ៉ាក អូបាម៉ានឹងពិសា នៅល្ងាចថ្ងៃអង្គារនេះ ម្ហូបbaksoនិងnasi gorengជាម្ហូប២មុខដែលប្រជាជនឥណ្ឌូនេស៊ីនិយមចូលចិត្តបំផុត។
ម្ហូបដែលត្រូវលោកប្រធានាធិបតីអាមេរិកាំងនិយមចូលចិត្តតាំងពី៤០ឆ្នាំមុន ត្រូវជនជាតិឥណ្ឌូនេស៊ីស្គាល់ច្បាស់ណាស់ដែលផ្តល់ជាមោទនភាពដល់គេ នៅក្នុងទំនាក់ទំនងជាមួយលោកប្រធានាធិបតីអាមេរិកាំងដែលជា” បុត្រនៃប្រទេស “។នេះហើយជាទិដ្ឋភាពមនោសញ្ចេតនានៃទស្សនកិច្ចដែលនឹងត្រូវប្រឈមមុខនឹងសាច់ការផងដែរ។
នៅល្ងាចថ្ងៃអង្គារនេះ ប្រធានាធិបតីនៃប្រទេសទាំងពីរនឹងត្រូវចុះកិច្ចព្រមព្រៀងជាដៃគូសកលដែលគ្របដណ្តប់ទាំងជំនួយក្នុងវិស័យអាកាសធាតុប្រែប្រួល ទាំងវិស័យឩត្តមសិក្សាធិការ ពីព្រោះរដ្ឋការវ៉ាស៊ិនតោនប្រាថ្នាចង់រឹតឡើងវិញចំណងដែលបានធូរស្ពែត ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ជាមួយប្រទេសនេះត្រូវចាត់ទុកជាដៃគូចំណាត់ថ្នាក់លេខ១នៅក្នុងភូមិភាគ។
ជាប្រទេសទី៤ដែលមានចំនួនបណ្តាជនច្រើនបំផុតនៅលើពិភពលោក ជារបបប្រជាធិបតេយ្យដោយបណ្តាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិងជាសេដ្ឋកិច្ចទី១ នៅអាស៊ីអាគ្នេយ៍ដែលមានអ្វីមួយដែលបានទាក់ទាញទឹកចិត្តប្រទេសដទៃទៀតមានជាអាទិ៍ ប៉េកាំងគឺគណៈប្រតិភូbusinessmenមួយទើបនឹងបានសន្យាថា នឹងធ្វើវិនិយោគទុនជាង៦០០០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅឥណ្ឌូនេស៊ី។
ដោយបានឃើញតំបន់អាស៊ីកំពុងតែកើនមហិទ្ធិឫទ្ធិ ឥណ្ឌូនេស៊ីដែលត្រូវបានគេបំភ្លេចចោលយូរពេល ប៉ុន្តែឥឡូវជាសមាជិកក្រុមប្រទេសG-20 ប្រហែលអាចនឹងក្លាយទៅជាប្រទេសមួយដ៏សំខាន់ជាងមុន នៅលើពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ