ស.រ.អា.

បក្ស​​ប្រជាធិបតេយ្យ​​តែង​​តាំង​​លោក​​អូបាម៉ា​​ជា​​បេក្ខជន​​ប្រធានាធិបតី​អាមេរិក​​

លោក​បារ៉ាកអូបាម៉ាបានឆ្លើយ​យល់ព្រម​ការតែងតែង​របស់ប​ក្សប្រជាធិប​តេយ្យ​ដើម្បីដឹកនាំយុទ្ធនាការបោះឆ្នោត​ប្រឆាំង​លោក Mitt Romneyនៅ Charlotteថ្ងៃ៦កញ្ញា​២០១២
លោក​បារ៉ាកអូបាម៉ាបានឆ្លើយ​យល់ព្រម​ការតែងតែង​របស់ប​ក្សប្រជាធិប​តេយ្យ​ដើម្បីដឹកនាំយុទ្ធនាការបោះឆ្នោត​ប្រឆាំង​លោក Mitt Romneyនៅ Charlotteថ្ងៃ៦កញ្ញា​២០១២ REUTERS/Adrees Latif

សមាជ​ជាតិ​​​​នៃ​​បក្ស​​ប្រជាធិបតេយ្យ​អាមេរិក​​​កាល​ពី​យប់​មិញ​បាន​​តែង​តាំង​​លោក​​បារ៉ាក​​អូបាម៉ា​​ជា​​បេក្ខជន​​​សំរាប់​​ការ​​បោះ​ឆ្នោត​​​​ប្រធានាធិបតី​​នៅ​​ថ្ងៃ​​ទី​​៦​​វិច្ឆិកា​​​ខាង​មុខ​​ដើម្បី​​ប្រកួត​​ប្រជែង​​​ជា​​មួយ​​បេក្ខជន​​នៃ​បក្ស​​សាធារណរដ្ឋ​​លោក​ Mitt Romney។​ នៅ​​​ក្នុង​​​​ឱកាស​​​ថ្លែង​​​សុន្ទរកថា​​​បិទ​​​បញ្ចប់​​​សមាជ​​បក្ស​​លោក​​ប្រធានាធិបតី​​អាមេរិក​​ផុត​​អាណត្តិ​ ​បាន​​ខិតខំ​​និយាយ​​បញ្ចុះ​បញ្ចូល​​អ្នក​​បោះឆ្នោត​ឲ្យ​​ផ្តល់​​ពេល​វេលា​​៤​​ឆ្នាំ​​ខាង​មុខ​ទៀត​​សំរាប់​រូប​​​លោក​​នៅ​សេតវិមាន។​

ផ្សាយពាណិជ្ជកម្ម

“ ខ្ញុំ​យល់ព្រម​ទទួល​យក​ការ​តែងតាំង​របស់​អ្នក​ហើយ សំរាប់​មុខ​តំណែង​ប្រធានាធិបតី​នៃ​សហ​រដ្ឋអាមេរិក”-នេះ​ជា​សេចក្តី​ថ្លែង​របស់​លោក​បារ៉ាក​អូបាម៉ាកាលពីយប់មិញ។ សេចក្តីថ្លែងនេះ ​​បាន​​ទទួល​​ស្វាគម​យ៉ាង​មហោឡារិក​បំផុត ​ពី​សំណាក់​ប្រតិភូ​​​រាប់​រយ​​ពាន់​​​នាក់ ដែល​​​​រួម​​ប្រជុំ​​គ្នា​​​នៅ​សាល​​ Time warner Cable Arena ​​​នៅចំ​កណ្តាល​ទីក្រុង​ដ៏ធំ ​នៃរដ្ឋ​ Caroline ខាងជើង។​

ប្រតិភូ​បក្ស​ប្រជាធិបតេយ្យ ដែល​​បានចូល​រួម​​សមាជ​ជាតិ​កាលពី​យប់​មិញ​ មាន​គ្នាទាំង​អស់​​​២​ម៉ឺន​នាក់ បាន​​អបអរ​សាទរ​យ៉ាង​អឹកធឹក​បំផុត​ចំពោះលោកបារ៉ាកអូបាម៉ា​ជា​បេក្ខជន​​ប្រធានាធិបតី​​អាមេរិក​។ គួររំលឹកថា ទីកន្លែង​រៀបចំ​ពិធីនេះ បាន​ត្រូវ​កែប្រែ​នៅ​នាទី​​ចុង​ក្រោយ ដោយ​​​មូលហេតុ​នៃ​ការ​គំរាម​ខ្យល់ព្យុះ។

នៅ​ក្នុង​សុន្ទរកថា​មួយ​របស់​លោកអូមាម៉ា​នៅ​ក្នុង​​ឱកាស​នេះ លោក​ប្រធានាធិបតី​អាមេរិក​ បាន​​​កេណ្ឌ​ប្រមូល​​បណ្តា​អ្នក​បោះឆ្នោតឲ្យ​លោកជាថ្មីម្តងទៀត។ នៅខណៈនោះ លោកអូបាម៉ា ​បាន​សន្យា​ ជាអាទិ៍ ថានឹង​ដឹកនាំ​ប្រទេស​ឲ្យ​មាន​​ភាព​សម្បូរ​​សប្បាយ​រុងរឿង​ឡើង​វិញនិង​ការ​បង្កើត​ការងារ​សំរាប់​ប្រជាជន​អាមេរិក​ ។ ជាសេចក្តីថ្លែងការណ៍មួយដែលលោក​បាន​​​​​បង្ហាញ​ដែរថា​លោក ​ជា​អ្នក​ការពារ​វណ្ណៈ​មធ្បម​​ប្រឈម​មុខ​នឹង​លោក​Romney បេក្ខជន​សាធារណរដ្ឋ ​ខាង វណ្ណៈអ្នកមាន។

ម្យ៉ាងទៀត សំរាប់លោកអូបាម៉ា ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៦វិច្ឆិកាខាងមុខនេះ គឺជា​ការ​ជ្រើស​រើស​​ដ៏​ច្បាស់​លាស់​និង​ដ៏​សំខាន់​បំផុត​ ពីសំណាក់ ​អ្នកបោះឆ្នោត​អាមេរិក​ ដោយ​ ​លោក​បាន​​សង្កត់​ពាក្យ​ទៀតថា លោក​នឹង​ចាត់វិធានការគ្រប់យ៉ាងនៅពេលនេះ​ដើម្បី​​កំចាត់​​​​ទល់​នឹង​ភាព​ពិបាក​នានា​នៅ​​ពេល​ខាង​មុខ​ ក្នុងគោលដៅដើម្បី​​​ជំរុញឲ្យមាន​ សន្ទុះ​​​សេដ្ឋកិច្ច​​អាមេរិក​ឡើង​វិញ។

នៅលើ​បញ្ហា​អន្តរជាតិ​វិញ បណ្តា​អ្នក​នយោបាយ​សំខាន់ៗ​នៃ​បក្ស​ប្រជាធិបតេយ្យ អាមេរិកនៅ​ពេល​ចាប់​ផ្តើម​បើក​សមាជបក្ស​ភ្លាម បានលើក​បង្ហាញ​ជាមុន ​អំពី​​តុល្យាការ​ការទូត​​​នៃ​រដ្ឋបាល​លោកអូបាម៉ា ដូចជា​នៅ​លើ បញ្ហា​ដក​កងទ័ព​អាមេរិក ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​​ចេញ​​ពី​ប្រទេស​​​អ៊ីរ៉ាក់​ឬ​ ការ​ដក​កងទ័ព​នៅអាហ្វហ្កានិស្ថាន​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ ឬ ក៏បញ្ហា ​តាម​ចាប់​ខ្លួន​និងមរណភាពនៃមេក្លោងបណ្តាញ​ភេរវនិយម​អៃកៃដា​បិនឡាដិន ជា​ដើម។​ល​និង​ល។​

ចំណែកលោកអូបាម៉ាវិញម្តង  លោក បាន​​ថ្លែងចោទប្រកាន់​​លោក Mitt Romney បេក្ខជន​​​​​គូបដិប​ក្សរបស់​លោក​ថា” ​ពុំមានសមត្ថភាព​គ្រប់គ្រាន់ឡើយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាធំៗ​​​មាន​ជាអាទិ៍​​ ​​​នៅលើវិស័យ​ ​​នយោបាយ​ការទូតដែលសុទ្ធសឹង​​​ជាបន្ទុកដ៏ធំធេង​​​មួយ​របស់​​ប្រធានាធិបតី។​​ លោក​អូបាម៉ា ​បាន​រំលឹកជាថ្មីទៀត អំពីសេចក្តីថ្លែងការដ៏ឆ្គាំឆ្កង​របស់​លោក​​ ​​​Mitt Romney​ នៅឱកាស​ដំណើរទស្សនកិច្ចរបស់លោក​នៅ​ទីក្រុង​Londres​ប្រទេសអង់គ្លេស​ នាពេលប្រកួតកីឡាអូឡាំពិកអន្តរជាតិ។​

នៅថ្ងៃសុក្រនេះ លោក Barak Obama ត្រូវ​ធ្វើដំណើរ​ទៅ​កាន់រដ្ឋសំខាន់ៗមួយ​ចំនួន​ទៀត​ដូចជា រដ្ឋ​ Iowa និង New Hampshire (ញូហែមស៊ើ) ដើម្បី​ទៅនិយាយ​បញ្ចុះ​បញ្ចល​​​អ្នក​បោះ​ឆ្នោតជាច្រើន​ដែលនៅ​ស្ទាក់ស្ទើរក្នុងចិត្តមិនទាន់ដឹងថាបោះឲ្យ​ខាង​ណានៅឡើយទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI