លោកអូបាម៉ារំពឹងលើក្រុមប្រទេសអ៊ីស្លាមក្នុងការប្រយុទ្ធនឹងពួកជីហាតរដ្ឋអ៊ីស្លាម
ចុះផ្សាយនៅថ្ងៃ៖
កម្ចាត់ពួកជីហាតរដ្ឋអ៊ីស្លាមឱ្យអស់ គឺជាកម្មវត្ថុមួយរបស់លោកអូបាម៉ា នាឱកាសជំនួបកំពូលអូតង់ ដែលទើបបិទបញ្ចប់នៅយប់មិញ។ លោកប្រធានាធិបតីអាមេរិកប្រកាសសន្យាយកឈ្នះឱ្យបានពួកជីហាតអ៊ីស្លាម ដែលបានបង្កសោកនាដកម្ម នៅប្រទេសអ៊ីរ៉ាក់ និងនៅស៊ីរី ! ដើម្បីសម្រេចកម្មវត្ថុបោសសម្អាតគាស់ឬសគាស់គល់ពួកជីហាតរដ្ឋអ៊ីស្លាមឱ្យអស់បាន សម្ព័ន្ធអន្តរជាតិមួយ គ្រោងនឹងបង្កើតឡើង ដោយមានប្រទេសចំនួន៩ត្រៀមខ្លួនចូលសហការ មានជាអាទិ៍បារាំង អង់គ្លេស អាល្លឺមង់ អ៊ីតាលី ឬក៏តួកគីផង។ តើអាមេរិកមានយុទ្ធសាស្ត្រ យ៉ាងណា ? មានមធ្យោបាយដូចម្តេចខ្លះ ?
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កំពុងតែស្វះស្វែងបង្កើតសម្ព័ន្ធអន្តរជាតិ មួយដើម្បីមានសមត្ថភាពកម្ទេចពួកជីហាតរដ្ឋអ៊ីស្លាម ដែលអាមេរិកចាត់ទុកថាជាមេរោគជំងឺមហារីកប្រចាំសតវត្សរ៍ទី ២១។ សកម្មភាពយោធានៅ អ៊ីរ៉ាក់ ឬធ្លាយដល់ស៊ីរី អាចជាជម្រើសមួយរបស់អាមេរិកផង។ លោកបារ៉ាក់អូបាម៉ា ត្រូវខិតខំប្រមូលការគាំទ្រឱ្យបានច្រើនបំផុត ហើយសង្ឃឹមថានឹងអាចទាក់ទាញបណ្តាប្រទេសក្នុងតំបន់ដើមបូព៌ាចូលរួមដែរ។ ប៉ុន្តែរហូតដល់ដំណាច់ខែកញ្ញា និងមុនមហាសន្និបាទអង្គការសហប្រជាជាតិ គ្មានទេសេចក្តីសម្រេចចិត្តដាច់ណាត់។
សន្និសីទអន្តរជាតិស្តីពីអ៊ីរ៉ាក់ដើម្បីបង្កើតសម្ព័ន្ធអន្តរជាតិ
ម្សិលមិញ ក្រៅក្របខ័ណ្ឌជំនួបប្រជុំអូតង់ តំណាង១០ប្រទេសមានជាអាទិ៍ សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី តួកគី ប៉ូឡូញ ដាណឺម៉ាក កាណាដា និងអូស្ត្រាលី បានផ្តើមជួបជុំប្រមូលកម្លាំងគ្នាធ្វើជាគ្រឹះសម្រាប់បង្កើតស្ថាប័នសម្ព័ន្ធអន្តរជាតិឡើង។ រដ្ឋមន្ត្រីការបរទេស និងការពារជាតិអាមេរិក ចង់ឱ្យស្ថាប័ននេះចេញជារូបរាងដោយឆ្លងកាត់មហាសន្និបាទអង្គការសហប្រជាជាតិសិន។ ព្រោះទាំងបារាំងនិងទាំងអង់គ្លេស សុទ្ធតែបានគូសបញ្ជាក់អំពីភាពចាំបាច់ ក្នុងការស្នើសុំជាផ្លូវការ ទៅប្រទេសអ៊ីរ៉ាក់ជាអ្នកពាក់ព័ន្ធផ្ទាល់និងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មុននឹងបញ្ចេញសកម្មភាពលើទឹកដីអ៊ីរ៉ាក់។
សម្ព័ន្ធមិត្តទាំង៩ បានព្រមព្រៀងទទួលយកគោលការណ៍បង្កើតសម្ព័ន្ធអន្តរជាតិ និងសន្យាជួយចែករំលែកបន្ទុកអាមេរិកក្នុងការកម្ចាត់ពួកជីហាតអ៊ីស្លាមនៅអ៊ីរ៉ាក់ និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក។ ប៉ារីសបានស្នើធ្វើជាម្ចាស់ផ្ទះទទួលរៀបចំសន្និសីទអន្តរជាតិ ដើម្បីបង្កើតសម្ព័ន្ធអន្តរជាតិឱ្យចេញរូបរាង។ ចំណែកប្រមុខការទូតអាមេរិក នឹងត្រូវចុះទៅស្វែងរកការគាំទ្រចាំបាច់នៅតំបន់ ដោយធ្វើដំណើរទៅកាន់តំបន់ដើមបូព៌ានាពេលចុងសប្តាហ៍នេះ ព្រមទាំងដើម្បីពិចារណាលើសម្មតិកម្មធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ាក់ និង ស៊ីរី។
ការចូលរួមរបស់បណ្តាប្រទេសនៅតំបន់ឈូងសមុទ្ទពែរ្ស
អ្វីដែលលោកអូបាម៉ាសង្ឃឹមចង់បាន គឺវត្តមានរបស់ក្រុមប្រទេសចំនួន៦ជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្ទពែរ្ស និងជាក្រុមប្រទេសមានបណ្តាជនភាគច្រើនកាន់និកាយស៊ុននីត។ គំនិតផ្តួចផ្តើមបង្កើតសម្ព័ន្ធអន្តរជាតិត្រូវបានបង្ហើបឡើង មួយសប្តាហ៍គត់ក្រោយពេល សាររបស់ព្រះចៅអាដាឡះ ដែលបានពញ្ជាក់ស្មារតីសហរដ្ឋអាមេរិកនិង អឺរ៉ុប អំពីកំរិតនៃការគំរាមកំហែងភេរវនិយមជីហាត។ នៅថ្ងៃសៅរ៍នេះក្រុមប្រទេសទាំង៦កំពុងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាកំណត់វត្តមានរបស់ពួកគេក្នុងសម្ព័ន្ធអន្តរជាតិប្រឆាំងពួកជីហាតរដ្ឋអ៊ីស្លាម។ រដ្ឋអ៊ីស្លាមដែលក៏បានចោទប្រកាន់ក្រុមរាជាណាចក្រនៅតំបន់ឈូងសមុទ្ទពែរ្សថាបានចូលដៃជើងជាមួយបស្ចឹមលោក និងបានគំរាមវាយប្រហាររដ្ឋទាំងនោះដែរ។ ក្នុងស្ថានភាពអស្ថិរភាពដូច្នេះ បណ្តាប្រទេសក្នុងតំបន់ ត្រូវតែរួបរួមគ្នា ហើយអារ៉ាប៊ីសាអ៊ូឌីត ដែលជាតំណាងដែនដីអ៊ីស្លាម ត្រូវដើរតួនាទីសំខាន់ជួយចាត់ចែងសន្តិសុខតំបន់។
ចំណែកឯអ៊ីរ៉ង់វិញ ដែលសង្ស័យខ្លាចពួកជីហាតទន្ទានឈ្លានពានដល់ទឹកដីរបស់ខ្លួន បានប្រកាសគាំទ្រផែនការអាមេរិក និងបានប្រកាសចូលរួមបញ្ចេញសកម្មភាពប្រឆាំងនឹងការគំរាមកំហែងភេរវនិយមដែរ ប៉ុន្តែតេហេរ៉ង់ទាមទារសុំលម្អិតតួនាទី ដែលវ៉ាស៊ីនតោនចង់ទម្លាក់ឱ្យសិន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានគូសបញ្ជាក់ថា អ៊ីរ៉ង់ត្រៀមចូលជាសមាជិកសម្ព័ន្ធអន្តរជាតិជាថ្នូរនឹងការលើកទណ្ឌកម្មអន្តរជាតិចេញពីតេហេរ៉ង់។ តែអាមេរិកបានច្រានចោលដំណឹងទាក់ទងនឹងគម្រោងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួកជីហាតរដ្ឋអ៊ីស្លាម។
បញ្ហាដ៏ធំមួយទៀត គឺស៊ីរី ដែលពួកជីហាតរដ្ឋអ៊ីស្លាមមានគ្រឹះរឹងមាំតាំងនៅវិញ ! បាស្ហា អាល់អាសាដ ដែលនៅតែជាសម្ព័ន្ធមិត្តដ៏មានទម្ងន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជីហាត បានស្នើសុំចូលជួយ ប៉ុន្តែអាមេរិកនិងបារាំងបានច្រានចោលមិនទទួលយកដោយគ្មានបង្អង់។
ចៀសកុំប្រៀបប្រដូចយុទ្ធសាស្ត្ររបស់លោកអូបាម៉ា និងយុទ្ធសាស្ត្រអាមេរិកសម័យលោកGeorge W. Bush
បើយោលទៅលើការប្រើពាក្យ “សម្ព័ន្ធអន្តរជាតិ” គឺពិតជាធ្វើឱ្យនឹកឃើញដល់សម្ព័ន្ធភាព បង្កើតឡើង ដោយប្រធានាធិបតីអាមេរិក លោកហ្សកប៊ូស កាលពីសម័យ១៩៩០-១៩៩១ ដើម្បីប្រឆាំងនឹងសាដាំអ៊ូសេន ឬក៏សម័យអាមេរិកដឹកនាំដោយហ្ស័កប៊ូស ជាកូន កាលពី ឆ្នាំ២០០៣ដែលបានចូលធ្វើសង្គ្រាមលុកលុយនៅអ៊ីរ៉ាក់មែន។ ប៉ុន្តែនៅលើកនេះ លោកបារ៉ាក់ អូបាម៉ា ដែលត្រូវការរំពឹងលើសម្ព័ន្ធមិត្តអូតង់និងសម្ព័ន្ធមិត្តផ្សេងទៀត ក្នុងការទប់ស្កាត់ចលនាជីហាតរដ្ឋអ៊ីស្លាម មិនត្រូវការឮការប្រៀបប្រដូចទៅនឹងអាមេរិកសម័យប៊ូសទេ ! គឺមិនអាចប្រៀបធៀបយុទ្ធសាស្ត្រអាមេរិកប្រឆាំងនឹងអ៊ីរ៉ាក់ ទៅនឹងយុទ្ធសាស្ត្រអាមេរិកប្រឆាំងនឹងរដ្ឋអ៊ីស្លាមបានឡើយ។
សម្រាប់អ្នកវិភាគជាច្រើនយល់ថា អាមេរិករបស់លោកអូបាម៉ា ដំឡើងសំឡេងបញ្ចេញកម្លាំងនៅពេលនេះ ត្រូវបានគេបកស្រាយថា បើទោះបីជាអាមេរិកមិនចង់ផុងខ្លួននៅអ៊ីរ៉ាក់និងនៅអាហ្វហ្កានីស្ថានមែន ប៉ុន្តែអាមេរិកដឹងខ្លួនថាចាំបាច់ត្រូវដើរតួនាទី ជាមេដឹកនាំ ដើម្បីកម្ទេចពួករដ្ឋអ៊ីស្លាម ហើយឱ្យអាមេរិកត្រៀមចូលប្រលូកក្នុងអន្តរាគមន៍យោធាជាថ្មីនៅតំបន់ដើមបូព៌ា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ