អានតួអត្ថបទ
អ.ស.ប.

លោកអូបាម៉ា​និង​លោកហូឡង់​នឹងឡើង​ថ្លែង​នៅ​មហា​សន្និបាត​នៃ​អ.ស.ប.​

លោកអគ្គលេខាធិការ​​ Ban Ki-Moon នៅ​ថ្ងៃទី​២៤​កញ្ញា​ឆ្នាំ២០១២​​នៅ​​មហា​សន្និបាត​​នៃ​អ.ស.ប.​
លោកអគ្គលេខាធិការ​​ Ban Ki-Moon នៅ​ថ្ងៃទី​២៤​កញ្ញា​ឆ្នាំ២០១២​​នៅ​​មហា​សន្និបាត​​នៃ​អ.ស.ប.​ REUTERS/Eduardo Munoz
ដោយ៖ សៀក សារិន
1 នាទី

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នឹង​ត្រូវ​ឡើង​ថ្លែង​នៅ​ថ្ងៃអង្គារ​ទី២៥​កញ្ញានេះ​ ​ដែល​ជាថ្ងៃ​ទីមួយ​នៃ​មហាសន្និបាត​នៃ​អ.ស.ប.។​ លោកអូបាម៉ា​នឹង​ត្រូវ​និយាយ​ពី​បញ្ហា​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី​ ​ ហើយនិង​បញ្ហា​មហិច្ឆតា​នុយក្លេអ៊ែរ​នៃ​ប្រទេស​អ៊ីរ៉ង់។​ ចំណែកឯ​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស្វ័រ​ហូឡង់​វិញ​ ​ នឹង​ធ្វើការ​ជំរុញ​គាំទ្រ​ឲ្យ​មាន​អន្តរាគមន៍​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​ម៉ាលី។

ផ្សាយពាណិជ្ជកម្ម

ប្រមុខរដ្ឋ​ ​ ប្រមុខ​រដ្ឋាភិបាល​ ​ និង​រដ្ឋមន្ត្រី​មកពី​ជាង​១២០ប្រទេស​អញ្ជើញ​មក​ចួលរួម​នៅ​សប្តាហ៍នេះ​ នៅទីក្រុង​ញីវយ៉ក​មហាសន្និបាត​លើកទី៦៧​នៃ​អ.ស.ប.។

លោកប្រធានាធិបតី​បារាំង​ហ្វ្រង់ស្វ័រ​ហូឡង់​នឹង​ឡើងថ្លែង​ជាលើក​ទីមួយ​នៅលើ​វេទិកា​នៃ​វិមាន​អ.ស.ប.​ ​ ក្រោយពី​លោកបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​ នៅ​ថ្ងៃទី៦​ឧសភា​ឆ្នាំ២០១២​រួចចមក។​ លោក​ ហូឡង់​នឹង​ជំរុញ​គាំទ្រ​ឲ្យ​មាន​អន្តរាគមន៍​នៃ​កងកម្លាំង​យោធា​អាហ្វ្រិក​នៅ​ប៉ែកខាងជើង​នៃ​ប្រទេស​ម៉ាលី​ ​ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​កងកម្លាំង​អ៊ីស្លាម​ជ្រុលនិយម​ដែល​កាន់កាប់​ប៉ែក​ខាងជើង​នៃ​ប្រទេស។

ជំនួប​ប្រជុំ​ថ្នាក់ខ្ពស់​មួយ​ស្តីពី​បញ្ហា​នៅ​តំបន់​សាហែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃពុធ​ស្អែក​ ​ ស្រប​ពេលនឹង​ មហាសន្និបាត​លើក​ទី៦៧​នៃ​អ.ស.ប.​ ​ ដើម្បី​ពិនិត្យ​មើល​ពី​សំណើសុំ​របស់​ប្រទេស​ម៉ាលី។​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​ ឡូរ៉ង់​ហ្វាប៊ីយូស​ សង្ឃឹមថា​នឹងមាន​សេចក្តី​សម្រេច​មួយ​យ៉ាង​ឆាប់រហ័ស​ស្តីពី​បញ្ហា​នៅ​ប្រទេស​ម៉ាលី។

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដែលនឹង​គ្រោង​​ឡើង​ថ្លែង​នៅ​ម៉ោង១០​និង​១០នាទី​ ឬ​ ម៉ោង១៤​និង​១០នាទី​ម៉ោងសកល​ ​ ត្រូវ​និយាយ​ពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ជាច្រើន។​ ទាំងនេះ​ធ្លាក់ចំ​ពេល​កើតមាន​ទង្វើ​ហិង្សា​ប្រឆាំង​ស្ថានទូត​ឬ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់​កាន់សាសនា​អ៊ីស្លាម​ ​ ក្រោយពី​មាន​ខ្សែភាពយន្ត​ប្រឆាំង​សាសនា​អ៊ីស្លាម​ផលិត​នៅ​សហរដ្ឋ​អាមេរិក។​ បើយោងតាម​អ្នកនាំពាក្យ​នៃ​សេតវិមាន​ លោក​ Jay Carney ​នៅថ្ងៃចន្ទ​ម្សិលមិញ​ ​ ប្រធានាធិបតី​អាមេរិក​នឹង​ថ្លែង​ទាមទារ​ពុំឲ្យ​ទីក្រុង​តេហេរ៉ង់​បន្ត​សកម្មភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ខុសពី​ឆ្នាំមុនៗ​ លោកអូបាម៉ា​នឹង​ចាកចេញ​ពី​ទីក្រុង​ញីវយ៉ក​នៅ​រសៀល​ថ្ងៃអង្គារនេះ​ ​ ដោយ​ប្រគល់​ភារកិច្ច​ជំនួប​ចរចា​ជាមួយ​ប្រមុខដឹកនាំ​នៃ​ប្រទេស​ដទៃ​ទៀត​ ឲ្យទៅ​លោកស្រី​គ្លីនតុន​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក។

លោកស្រី​ប្រមុខការទូត​អាមេរិក​បាន​មាន​ជំនួប​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​សំខាន់ៗ​ ​ ​ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ឡើងវិញ​ ​ ក្រោយពី​មាន​បាតុកម្ម​ហិង្សា​ប្រឆាំង​អាមេរិក​ ​ ហើយ​លោកស្រី​គ្លីនតុន​ក៏​អំពាវនាវ​ឲ្យ​មាន​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ពួក​អ៊ីស្លាម​ជ្រុលនិយម​ផងដែរ។

គួរបញ្ជាក់ថា​ ​ សង្គ្រាម​នៅ​ប្រទេស​ស៊ីរី​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​២៩ ០០០នាក់​ក្នុង​រយៈកាល​១៨ខែ​ ​ ក៏នឹង​ត្រូវ​ឋិត​នៅជា​ស្នូល​នៃ​កិច្ច​ពិភាក្សា​ ​ ទោះបីជា​សំណុំរឿង​ស៊ីរីនេះ​បានត្រូវ​ជាប់គាំង​ស្ទះ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​​ ដោយហេតុ​តែ​មាន​ការ​ប្រឆាំង​ពី​សំណាក់​ប្រទេស​រុស្ស៊ី​និង​ប្រទេសចិន​ក៏​ដោយ។

ដូចរៀងរាល់ឆ្នាំ​ ​ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ Mahmoud Ahmadinejad ​ច្បាស់ជា​ឆ្លៀត​យក​វេទិកា​នៃ​មហាសន្និបាត​នៃ​អ.ស.ប.​​ មក​ធ្វើការ​វាយប្រហារ​ទៅលើ​ប្រទេស​លោកខាងលិច​ ​ ដែលបាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊រ​របស់​ប្រទេស​អ៊ីរ៉ង់​ ​ ដោយ​ចោទ​ទីក្រុង​វ៉ាស៊ីនតោន​ ​ ប៉ារីស​ ​ និង​ទីក្រុង​ឡុងដ្រឹ៍​ថា​ ​ រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាជាតិ​ដទៃទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ