ប្រធានាធិបតី អូបាម៉ា ស្បថចូលកាន់តំណែងសំរាប់អណត្តិទីពីរ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នឹងស្បថស្បែចូលកាន់តំណែងរបស់លោក ជាសាធារណៈ សំរាប់អណត្តិលើកទីពីរ នៅវិមានរដ្ឋសភា។ ប្រជាជនអាមេរិកាំង ប្រហែលជា ប្រាំបីសែននាក់ នឹងរង់ចាំស្តាប់សន្ទរកថា របស់លោក អូបាម៉ា ខុសពីអណត្តិទីមួយ ដែលកាលណោះ គេបានឃើញសាធារណជន មានរហូតដល់ទៅមួយលាន ប្រាំបីសែននាក់ ឯណោះ ដែលនៅចាំស្តាប់ប្រធានាធិបតី អាមេរិក។ការកាត់បន្ថយចំណាយសាធារណៈ ការត្រួតពិនិត្យកាំភ្លើង កំណែទំរង់ច្បាប់អន្តោប្រវេសន៍ និងនយោបាយផ្នែកថាមពល គឺជាដំណោះស្រាយ នៅចំពោះមុខ សំរាប់ប្រធានាធិបតីអាមេរិក ក្នុងអណត្តិថ្មីនេះ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតីអាមេរិក អូបាម៉ា ដែលបានជាប់ឆ្នោត កាលពីថ្ងៃ ៦ វិច្ឆិកា ឆ្នាំ ២០១២ កន្លងមក បានស្បថស្បែម្តងរួចមកហើយ ក្នុងលក្ខណៈជាឯកជន នៅចំពោះមុខគម្ពីរសាសនា សំរាប់អណត្តិថ្មីរបស់លោក។ ការស្បថស្បែនេះ បានធ្វើឡើងដោយមានវត្តមានរបស់ ប្រធានតុលាការកំពូលអាមេរិក ព្រមទាំងភរិយា និងកូនស្រីទាំងពីររបស់លោក។
ប៉ុន្តែនៅថ្ងៃចន្ទនេះ លោកអូបាម៉ា ត្រូវធ្វើការស្បថស្បែជាថ្មីម្តងទៀត នៅចំពោះមុខសាធារណជន ប្រហែលជា ប្រាំបីសែននាក់។ មូលហេតុដែលនាំអោយលោក ស្បថស្បែសារជាថ្មី ដោយសារថា ប្រក្រតិទិនអាមរិក បានចែងថា ប្រសិនបើថ្ងៃទី ២០មករា ប៉ះចំថ្ងៃអាទិត្យ នោះប្រធានាធិបតីត្រូវស្បថចូលកាន់តំណែង នៅថ្ងៃអាទិត្យម្តង រួចហើយស្បថម្តងទៀត នៅវិមានរដ្ឋសភា នៅថ្ងៃចន្ទបន្ទាប់មក។
ទន្ទឹមនេះដែរ អនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានធ្វើការស្បថស្បែ ចូលកាន់តំណែង តាំងពីថ្ងៃម្សិលមិញ ហើយក៏នឹងស្បថស្បែម្តងទៀត នៅថ្ងៃចន្ទនេះដូចប្រធានាធិបតី អូបាម៉ាដែរ។ កាលពីថ្ងៃអាទិត្យម្សិលមិញ អនុប្រធានាធិបតី បៃដិន បានច្រលំមាត់ និយាយថា លោកមានមោទនភាពធ្វើជា ប្រធានាធិបតីរបស់សហរដ្ឋអាមរិក ដែលធ្វើអោយមានការផ្ទុះសំណើចឡើង។
ដោយឡែក សំរាប់អណត្តិថ្មីនេះ ប្រធានាធិបតីអាមេរិកត្រូវប្រឈមមុខ នឹងភារកិច្ចសំខាន់ៗ ដូចជា ការកាត់បន្ថយលើចំណាយសាធារណៈ ការដាក់អោយមានការត្រួតពិនិត្យកាំភ្លើង កិច្ចការកែទំរង់ច្បាប់អន្តោប្រវេសន៍ និងនយោបាយផ្នែកថាមពលជាដើម។
យោងតាមអ្នកទទួលខុសត្រូវមួយរូប នៃផ្នែករដ្ឋបាលប្រធានាធិបតី លោកអូបាម៉ា ត្រូវធ្វើយ៉ាងណា អោយសតវត្សទី ២១ នេះ នៅតែរក្សាបានភាពរុងរឿង នៃស្ថាបនិកករអាមរិក កន្លងមក ហើយធ្វើយ៉ាងណា ជំរុញលើកទឹកចិត្តប្រជាជនអាមេរិក អោយហ៊ានបង្ហាញទស្សនៈរបស់ពួកគេ ដើម្បីចូលរួមដល់ការបង្កើតច្បាប់ ក្នុងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ