រុស្ស៊ី

អ្នកកាសែត ធ្លាក់​ខ្លួន​រងគ្រោះ​នឹង​ការ​វាយ​ប្រហារ​ទៀត​ហើយ

អ្នក​កាសែត Oleg Kashine ដែល​រង​គ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ក្បែរ​ផ្ទះ
អ្នក​កាសែត Oleg Kashine ដែល​រង​គ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ក្បែរ​ផ្ទះ AFP/SVETLANA PRIVALOVA

លើក​នេះ​គឺ​អ្នក​កាសែត​ឈ្មោះ Oleg Kashine អាយុ​៣០​ឆ្នាំ ដែល​យកការណ៍​ឲ្យ​កាសែត Kommersant ជា​កាសែត​នៃ​មជ្ឈដ្ឋាន Business រុស្ស៊ី។ គាត់​បាន​ត្រូវ​ឧក្រិដ្ឋជន​ពីរ​នាក់ លួច​ស្ទាក់​វាយ​ដំ​ទាត់​ធាក់​វិះៗ​ស្លាប់ ដោយ​ប្រើ​ទាំង​រំពាត់​ដែក​ទៅ​ផង។ មក​ទល់​ឥឡូវ ទោះបី​គាត់​ស្ថិត​នៅ​មន្ទីរ​ពេទ្យ​ក្តី ក៏​សរីរាង្គកាយ​គាត់​នៅ​សន្លប់ ក្នុង​ភាព​រលត់​ស្មារតី​នៅ​ឡើយ។ ការ​វាយ​ប្រហារ​លើ​រូប​អ្នក​កាសែត​នេះ ក្លាយ​ទៅ​ហើយ ជា​កម្មវត្ថុ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់ ពី​ខាង​លោក​ប្រធានាធិបតី Medvedev ផ្ទាល់។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ការ​លួច​ស្ទាក់​វាយ​ប្រហារ​នោះ បាន​ប្រព្រឹត្ត​ទៅ គឺ​ក្នុង​យប់​ឆ្លង​មក​ថ្ងៃ​សៅរ៍​៦​វិច្ឆិកា នៅ​នឹង​ក្បែរ​ផ្ទះ​គាត់​ ដែល​ស្ថិត​នៅ​តាម​វិថី​មួយ​នៃ​ក្រុង​ម៉ូស្គូ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិមាន​ក្រេមឡាំង។

តាម​ដែល Camera Video ជា​ភ្នែក​ឃ្លាំ​មើល ដំឡើង​ជា​ប្រចាំ​នៅ​ទីនោះ បង្ហាញ​ឲ្យ​ឃើញ​ការ​វាយ​ធ្វើ​បាប​ដ៏​សែន​ព្រៃផ្សៃ​នោះ ធ្វើ​យ៉ាងលឿន​ដូច​ផ្លេក​បន្ទោរ ដោយ​មនុស្ស​ពីរ​នាក់​ហើយ​ ពន្យារ​ទៅ​គឺ​តែ​១​នាទី​កន្លះ​ប៉ុណ្ណោះ។ គាត់​ត្រូវ​របួស​ធ្ងន់​នៅ​ក្បាល បែក​ឆ្អឹង​ថ្គាម​ខាង​លើ និង​ ឆ្អឹង​ថ្គាម​ខាង​ក្រោម បែក​ក្បាល​ជង្គង់​ទាំង​សង​ខាង បាក់​ម្រាម​ដៃ​ទាំងអស់​សរសេរ​លែង​កើត។

ការ​វាយ​ប្រហារ​នេះ ពិត​ជា​មេរៀន​ប្រដៅ​គាត់​ឲ្យ​ឈប់​សរសេរ​​អត្ថបទ​ដែល​ប៉ះពាល់​ ដល់​ផល​ប្រយោជន៍​នៃ​មជ្ឈដ្ឋាន​ជាក់លាក់។ សំនួរ​ដែល​គេ​ចោទ ៖ តើ​មជ្ឈដ្ឋាន​ណា​ទៅ? ពីព្រោះ​គាត់​មិន​ដែល​សរសេរ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ឬ​ធ្វើការ​ស្រាវជ្រាវ​អំពី​សកម្មភាព​ឧក្រិដ្ឋ​នៃ​ពួក​ដែល ហៅថា Mafia ឯណា។ តាម​ធម្មតា លោក Kashine សរសេរ​តែ​អត្ថបទ​ដែល​ដំណាល​អំពី​មីទិញ និង ក្បួន​ដង្ហែ​នៃ​បក្ស​ពួក​ដែល​ប្រឆាំង​នឹង​នយោបាយ​វិមាន​ក្រេមឡាំង ក៏​ដូចជា​បាតុកម្ម​នៃ​ពួក​ដែល​គាំទ្រ​នយោបាយ​នេះ​ទេ​តើ។ ហើយ​នា​ពេល​ចុង​ក្រោយ គាត់​ឧស្សាហ៍​សរសេរ​អំពី​ទំនាស់ បណ្តាល​មកពី​រឿង​កាប់​ព្រៃឈើ នៅ​ជាយ​ក្រុងម៉ូស្គូ ដើម្បី​សង់​ផ្លូវ​រថយន្ត Highway ទៅ​កាន់​ក្រុង Saint-Petersbourg។

ថ្លែង​ម្សិលមិញ លោក​ប្រធានាធិបតី Medvedev​ បាន​សំដែង​នូវ​ជំនឿ​ជឿជាក់​ថា ពួក​ឧក្រិដ្ឋជន​ ដែល​បាន​វាយ​ធ្វើ​បាប​អ្នក​កាសែត Oleg Kashine ទាល់​តែ​របួស​ជិត​ស្លាប់​ គឺ​មុខ​ជា​នឹង​ត្រូវ​សមត្ថកិច្ច​វែក​មុខ​រក​ឃើញ ហើយ​ចាប់​ខ្លួន​ពួក​វា​បាន​ពុំ​ខាន ដោយ​មិន​អាស្រ័យ​​តើ​នរណា​ជា​ខ្នង​បង្អែក​របស់​ពួក​វា​ឡើយ។ លោក Medvedev​ គូស​បញ្ជាក់​ថា រដ្ឋ​មាន​កាតព្វកិច្ច ត្រូវ​តែ​យកចិត្ត​ទុកដាក់ ឲ្យ​បាន​ដិតដល់​បំផុត លើ​ការងារ​អ្នក​កាសែត ហើយ​ចាត់​វិធានការ​ណា​ដែល​ត្រូវការ​ជា​ចាំបាច់ ក្នុង​ករណី​មាន​អំពើ​បៀតបៀន​លើ សុខភាព​និង​ជីវិត​អ្នកកាសែត។

ដោយហេតុ​ថា​ការ​វាយ​ប្រហារ​លើ​រូប​លោក Kashine ធ្វើ​ឡើង​គឺ នៅ​យប់​ថ្ងៃ​៥​វិច្ឆិកា បាន​ជា​ “សមាគម​អ្នក​កាសែត​រុស្ស៊ី” អំពាវនាវ​ឲ្យ​រាល់​តែ​កាសែត​ក្នុង​ប្រទេស​កាលណា លេខ​ចេញ​ផ្សាយ ថ្ងៃ​ទី​៥ រៀងរាល់​តែ​ខែ ទុក​ប្រឡោះ ”ចតុកោណ​មួយ​ឲ្យ​នៅ​ស្អាត​ទទេ” លើ​ទំព័រ​ទី​១​របស់​ខ្លួន សំរាប់​ចុះ​ឈ្មោះ​ឃាតករ​ដែល​ត្រូវ​ទទួល​ទោស ចំពោះ​ការ​បៀត​បៀន​លើ​ជីវិត​អ្នកកាសែត ហើយ​ធ្វើ​យ៉ាង​នេះ​លុះ​រហូត​ទាល់​តែ​អាជ្ញាធរ​រុស្ស៊ី​ចេះ​ចាប់​បាន​​ឧក្រិដ្ឋជន​នោះ។

ការ​ទទូច​រដ្ឋ​អំណាច​រុស្ស៊ី​ឲ្យ​ចាប់​ខ្លួន​ឧក្រិដ្ឋជន ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​អ្នក​កាសែត​រុស្ស៊ី​នោះ ក៏​មាន​បន្លឺ​ឡើង​ដោយ​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិក លោក Philip Crowley ដែល​ថែម​ទាំង​រំលឹក​ថា ក្នុង​ឆ្នាំ​មុន នៅ​រុស្ស៊ី​អ្នក​កាសែត​បាន​ត្រូវ​គេ​លួច​ធ្វើ​ឃាត​អស់​៨​នាក់​ឯណោះ ប៉ុន្តែ​ពួក​ឃាតករ​នៅ​តែ​រួច​ខ្លួន​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI