កម្ពុជា

បក្ស​ប្រឆាំង​រត់​រក​អន្តរាគមន៍​រឿង​ដក​អភ័យ​ឯកសិទ្ធិសភា​

ទីស្នាក់​ការ​គណបក្ស​សមរង្ស៊ី
ទីស្នាក់​ការ​គណបក្ស​សមរង្ស៊ី © ចាន់ណា/rfi

គណបក្ស​សម រង្ស៊ី​​កំពុង​​ស្វះស្វែង​​រក​​កិច្ច​អន្តរាគមន៍​​ពី​​មន្ត្រី​​អង្គការ​​ជាតិ​​និង​​អន្តរជាតិ​ ​រួម​​ទាំង​​អង្គការ​​សហ​ប្រជាជាតិ​​ប្រចាំ​​ប្រទេស​​កម្ពុជា​​ផង​​ដើម្បី​​ឲ្យ​​ជួយ​​អន្តរាគមន៍​​ទប់ស្កាត់​​ការ​​ប៉ុនប៉ង​​ដក​​អភ័យ​ឯកសិទ្ធិ​​សភា​​របស់​​លោក​​ចាន់​ ចេង ​​តំណាងរាស្ត្រ​​គណបក្ស​​សម​ រង្ស៊ី​​មណ្ឌល​​កណ្តាល។​ លោក​​ចាន់ ​ចេង ​​នឹង​​ត្រូវ​​រដ្ឋសភា​​ប្រជុំ​​ដក​​អភ័យឯកសិទ្ធិ​​នៅ​​ថ្ងៃ​​ទី ​​២០​​ធ្នូ​​ខាង​មុខ​​នេះ​​បន្ទាប់​​ពី​​មាន​​ពាក្យ​​បណ្តឹង​​ពី​​ចៅក្រម​​តុលាការ​​ខេត្ត​​កណ្តាល​​ពី​បទ​​បាន​​ផ្តល់​​មធ្យោបាយ​​ឲ្យ​​ជន​ជាប់​ចោទ​​មួយ​​រូប​ ​រត់​​គេច​​ពី​​ពន្ធនាគារ​។

ផ្សាយពាណិជ្ជកម្ម

លោក ​ចាន់ ចេង​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ប្រចាំ​មណ្ឌល​កណ្តាល​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ដក​អភ័យឯកសិទ្ធិ​សភា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គណបក្ស​របស់​លោក​បាន​ជួប​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​ តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​ព្រមទាំង​ជួប​ជាមួយ​សហភាព​អន្តរសភា ​IPU​ ផង​ដែរ​ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ការ​ប៉ុនប៉ង​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​ការ​ដក​អភ័យ​ឯកសិទ្ធិ​ពី​រូបលោក។

 
ទន្ទឹម​នឹង​នោះ​ដែរ​ មេធាវី​របស់​គណបក្ស​ប្រឆាំង​គឺ​លោក​ ជួង ជូងី​ ក៏​បាន​សរសេរ​លិខិត​ទៅ​ពន្យល់​រដ្ឋសភា​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ ​បើ​តាម​លោក​មេធាវី ​ហេតុការណ៍​នោះ​គឺ​រូបលោក​ជា​អ្នក​ពាក់ព័ន្ធ ​និង​គ្រាន់តែ​បាន​សុំ​រថយន្ត​របស់​អ្នកតំណាងរាស្ត្រ​ ចាន់ ចេង​ ឲ្យ​ជូន​ជន​ជាប់ចោទ​ដែល​ជា​សកម្មជន​គណបក្ស​សម រង្ស៊ី ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ប៉ុណ្ណោះ។

លោក ​ចាន់ ចេង ​តំណាងរាស្ត្រ​ខេត្ត​កណ្តាល​របស់​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​កណ្តាល​ លោក​ លឹម សុគន្ថា ​បាន​ប្តឹង​ពី​បទ​បាន​ផ្តល់​មធ្យោបាយ​ឲ្យ​ជនជាប់​ចោទ​ម្នាក់​រត់​រួច​ពី​ការ​ឃុំ​ខ្លួន។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​២៣ ​ខែ​កញ្ញា ​កន្លង​ទៅ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​ខណៈ​ដែល​អ្នកតំណាងរាស្ត្រ​រូបនេះ​បាន​យក​រថយន្ត​ដែល​មាន​ស្លាក​រដ្ឋសភា​របស់​ខ្លួន​ទៅ​ដឹក​ជនជាប់ចោទ​ម្នាក់​រត់​ចេញ​ពី​ការ​ឃុំខ្លួន​តាម​អំណាច​សាល​ដីកា​របស់​តុលាការ។

ជនជាប់ចោទ​ឈ្មោះ ​មាស​ ប៉េង​ ជា​ជំទប់​ទី​២ ​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កណ្តាល​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ពី​បទ “​ផ្ដើម​គំនិត​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​”។ ប៉ុន្តែ ​មេធាវី​ការពារ​បក្ស​ប្រឆាំង​ដែល​អះអាង​ថា​ ការ​ឃុំខ្លួ​ននោះ​ខុស​ច្បាប់​ដោយសារ​តែ​គ្មាន​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​នោះ ​ក៏បាន​នាំ​ជន​ជាប់ចោទ​ មាស ប៉េង​ ចេញ​ពី​ពន្ធនាគារ​តាម​រថយន្ត​អ្នកតំណាងរាស្ដ្រ​ ចាន់ ចេង។​ នេះ​ជា​ហេតុផល​ដែល​នាំ​ដល់​ការ​ប្តឹង​អ្នកតំណាងរាស្ត្រ​ខាងលើ។

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រជុំ​បិទទ្វារ​កាលពី​ថ្ងៃទី​១៥​ធ្នូ ​ដោយ​សម្រេច​ដាក់​បញ្ហាដក​អភ័យឯកសិទ្ធិ​លោក ​ចាន់ ចេង ​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋសភា​ពេញ​អង្គ​នៅ​ថ្ងៃទី​២០​ ធ្នូ​ ខាងមុខ។

នេះជា​ករណី​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថ្មី​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា។ ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជាច្រើន​រូប​មក​ហើយ​ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​ដើម្បី​ឲ្យ​ប្រឈមមុខ​ជាមួយ​តុលាការ​ក្នុង​បណ្តឹង​ផ្សេងៗ​ពី​គ្នា​ ក្នុង​នោះ​ក៏​មាន​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សម រង្ស៊ី​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI