កម្ពុជា

លោក ម៉ៅ មុនីវណ្ណ សម្រេច​លា​ឈប់​ពី​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម

ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ប្រចាំ​មណ្ឌល​កំពង់ចាម លាឈប់​ចេញ​ពី​តំណែង
ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ប្រចាំ​មណ្ឌល​កំពង់ចាម លាឈប់​ចេញ​ពី​តំណែង © លី ម៉េងហួរ

លោក ម៉ៅ មុនី​វណ្ណ អ្នកតំណាងរាស្ត្រ របស់​គណបក្ស​សម​រង្ស៊ី ប្រចាំ​មណ្ឌល​កំពង់ចាម បានសម្រេច ដាក់ពាក្យ​លាឈប់​ពី​តំណាងរាស្ត្រ ដើម្បី​គោរព​តាម​គោលការណ៍​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​របស់​គណបក្ស​ សមរង្ស៊ី។ នៅថ្ងៃនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​អះអាង​ថា គណបក្ស​គាំទ្រ និង​គោរព​តាម​ការសម្រេចចិត្ត​របស់លោក ម៉ៅ មុនី​វណ្ណ ហើយ​ថា គណបក្ស​ប្រឆាំង​នេះ មិន​បាន​បង្ខិតបង្ខំ​ឲ្យ​អ្នកតំណាងរាស្ត្រ​ណា​ម្នាក់ លាលែង​តំណែង​ឡើយ។

ផ្សាយពាណិជ្ជកម្ម

លោក ម៉ៅ មុនី​វណ្ណ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​អតីត​ប្រធាន​ក្រុមការងារ​គណបក្ស​សម​រង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម បាន​សម្រេចចិត្ត ដាក់​ពាក្យ​លា​ឈប់​ពី​តំណែង អ្នកតំណាងរាស្ត្រ ចាប់ពី​ថ្ងៃ​ទី​៣០​មីនា​នេះ។

សេចក្តីរាយការណ៍ បាន​លើកឡើង​ថា លោក ម៉ៅ មុនី​វណ្ណ បាន​ដាក់​លិខិត​សុំ​លាឈប់​ពី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ទៅកាន់​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី កាលពីដើម​ខែ​នេះ។ ចំណែក​ការឈរ​ឈ្មោះ ជា​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ​២០១២ លោក ម៉ៅ មុនី​វណ្ណ មិន​ឈរឈ្មោះ​ទេ។ ក៏​ប៉ុន្តែ​លោក ម៉ៅ មុនី​វណ្ណ នៅតែ​កាន់​តួនាទី​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី នៅ​ខេត្ត​តាកែវ តាម​ការសម្រេច​របស់​គណបក្ស។

នៅ​រសៀល​ថ្ងៃ​ទី​១១​មីនា​នេះ វិទ្យុបារាំង​អន្តរជាតិ មិនអាច​ទាក់ទង​លោក ម៉ៅ មុនី​វណ្ណ ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ ដោយ​អ្នក​លើក​ទូរស័ព្ទ​របស់​លោក​អះអាងថា អ្នកតំណាងរាស្ត្រ​រូបនេះ បាន​ធ្វើដំណើរ​ទៅកាន់​ខេត្ត​មណ្ឌលគិរី។

ក៏​ប៉ុន្តែ​លោក ម៉ៅ មុនី​វណ្ណ បាន​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​របស់​វិបសៃត៍ CEN ថា ការសម្រេច​លាឈប់​ពី​តំណែង​អ្នកតំណាងរាស្ត្រ ដោយសារតែ​លោក​គោរព​សន្យា ជាមួយ​សកម្មជន​គណបក្ស​នៅ​ខេត្ត​កំពង់ចាម ក្នុង​រឿង​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ។

លោក ម៉ៅ មុនី​វណ្ណ បាន​បន្តថា លោក​បាន​យល់ព្រម​ប្រគល់​កៅអី​សមាជិក​រដ្ឋសភា ទៅ​ឱ្យ​បេក្ខជន​អ្នកតំណាងរាស្ត្រ លំដាប់​លេខ​រៀង​ទី​៧ របស់​គណបក្ស​សម រង្ស៊ី។ តំណាងរាស្ត្រ​ថ្មី នឹង​ចូល​កាន់តំណែង ចាប់ពី​ថ្ងៃ​ទី​៣០​មីនា រហូតដល់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។

ចំពោះ​បញ្ហា​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​លើកឡើង​ថា គណបក្ស​សម រង្ស៊ី មិន​បាន​បង្ខំ​ឲ្យ​នរណាម្នាក់ លាលែង​ចេញពី​តំណាងរាស្ត្រ​ទេ ពីព្រោះ​កន្លងមក គណបក្ស​មាន​រូបមន្ត​ដោះស្រាយ ដែល​ទាំងអស់​គ្នា​អាច​ទទួលយកបាន។ នោះ​គឺ​ការពន្យារពេល​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​មួយ​ឆ្នាំ​ទៀត ហើយ​តំណាងរាស្ត្រ ដែល​មាន​វ័យ​ចំណាស់ ទៅ​ធ្វើជា​បេក្ខជន​ព្រឹទ្ធសភា។ ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា ខែ​មករា ឆ្នាំ​២០១២ ខាងមុខ គណបក្ស​សមរង្ស៊ី រំពឹងថា បាន​យ៉ាងតិច ១១ កៅអី។

យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ បាន​អបអរសាទរ និង​គាំទ្រ​ចំពោះ​ជំហរ​របស់​លោក ម៉ៅ មុនីវណ្ណ។ តាម​ការព្រមព្រៀង ការបែងចែក​បំពេញការងារ​ជា​អ្នកតំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​របស់​គណបក្ស​សម រង្ស៊ី ដែលមាន ២៦ កៅអី សម្រាប់​រដ្ឋសភា​នីតិកាល​ទី​៤ នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១១​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI