ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កំណើនសេដ្ឋកិច្ចចិន​មាន​សន្ទុះ​ទៅ​មុខ តែ​មិនទាន់​មាន​សុទិដ្ឋនិយម​សម្រាប់​ពេល​អនាគត

សំឡេង ០៤:៥៨
កំណើនសេដ្ឋកិច្ចចិន​មាន​សន្ទុះ​ទៅ​មុខ តែ​មិនទាន់​មាន​សុទិដ្ឋនិយម​សម្រាប់​ពេល​អនាគត
កំណើនសេដ្ឋកិច្ចចិន​មាន​សន្ទុះ​ទៅ​មុខ តែ​មិនទាន់​មាន​សុទិដ្ឋនិយម​សម្រាប់​ពេល​អនាគត Reuters

រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១៨ តុលា​នេះ​ថា ចិន​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ចំនួន ៧,៨% ក្នុង​ត្រីមាសទី៣ ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា។ តួលេខ​ក្នុង​ត្រីមាសទី៣ បាន​ឆ្លុះ​បញ្ជំាង​ពី​សន្ទុះ​ទៅ​មុខ​នៃ​សេដ្ឋកិច្ច​ចិន។ តែ​ក្រុម​អ្នកវិភាគ​ហាក់​ដូច​ជា​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ​សម្រាប់​ពេល​អនាគត។

ផ្សាយពាណិជ្ជកម្ម

អត្រា​កំណើន​សេដ្ឋកិច្ច ៧,៨% ដែល​ចិន​ទទួល​បាន​ក្នុង​ត្រីមាសទី៣ ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា​កន្លង​ទៅ គឺ​ជា​អត្រា​មួយ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​កាល​ពី​ត្រីមាសទី១ ដែល​ទទួល​បាន ៧,៧% និង​ត្រីមាសទី២ ដែល​ទទួល​បាន​តែ ៧,៥%​ប៉ុណ្ណោះ។ បើ​គេ​គិត​សរុប​​ក្នុង​រយៈពេល ៩ខែ នៃ​ដើម​ឆ្នំា ២០១៣ នេះ ចិន​ទទួល​បាន​អត្រា​កំណើន​សេដ្ឋកិច្ច ៧,៧%។ ដូច្នេះ​ចាប់​ពី​ពេល​នេះ ទៅ​ទល់​នឹង​ដំណាច់​ឆ្នំា ២០១៣ ខាង​មុខ ប្រសិន​បើ​គ្មាន​ព្រឹត្តិការណ៍​អ្វី​ប្រែប្រួល​ធំដុំ​នៅ​ក្នុង​ពិភពលោក និង​នៅ​ស្រុក​ចិន​ទេ អត្រាកំណើន​សេដ្ឋកិច្ច​ចិន​នឹង​មាន​ប្រមាណ​ជា ៧,៥% ដូច​ដែល​រដ្ឋាភិបាល​បាន​កំណត់​ទុក​មុន។ គួរ​ឲ្យ​កត់​សម្គាល់​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ក្រោម ១០% គឺ​ជា​អត្រា​មួយ​ដ៏​ទាប​ដែល​ចិន​មិន​ធ្លាប់​មាន​ទេ​តំាង​ពី ២៣ឆ្នំា​កន្លង​ទៅ។

អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ដែល​បាន​ចាប់​ផ្តើម​ងើប​ឡើង​វិញ​បន្តិច​ក្នុង​ត្រីមាសទី៣ កន្លង​ទៅ​នេះ គឺ​ដោយសារ​តែ​មាន​ការ​កើន​ឡើង​នៃ​តម្រូវការ​លើ​ទីផ្សារ​អន្តរជាតិ​ផង និង​ទីផ្សារ​ក្នុង​ប្រទេស​ចិន​ផង។ ក្នុង​ខែ​កញ្ញា​កន្លង​ទៅ ផលិតកម្ម​ឧស្សាហកម្ម​មាន​ការ​កើន​ឡើង ១០,២% បើ​គិត​ជា​អត្រា​ប្រចំា​ឆ្នំា។ រីឯ​ការ​ចំណាយ​របស់​ប្រជាជន​ចិន​ក្នុង​ស្រុក​វិញ​មាន​ការ​កើន​ឡើង ១៣,៣% បើ​គិត​ជា​អត្រា​ប្រចំា​ឆ្នំា​ដូច​គ្នា។ កត្តា​សំខាន់​មួយ​ទៀត​ដែល​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ចិន គឺ​កំណើន​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ក្នុង​ប្រទេស​ចិន​ប្រមាណ​ជា ២០,២% ក្នុង​រយៈពេល ៩ខែ​ដើម​ឆ្នំា ២០១៣។

កំណើន​សេដ្ឋកិច្ច​មាន​សន្ទុះ​ទៅ​មុខ តែ​អនាគត​មិន​ទៀងទាត់

អត្រា​កំណើន​សេដ្ឋកិច្ច​ដែល​ចិន​ទទួល​បាន​ក្នុង​ត្រីមាសទី៣​ចំនួន ៧,៨% គឺ​មាន​កម្រិត​ខ្ពស់​តិច​តួច​ណាស់ បើ​ធៀប​នឹង​ត្រីមាសទី១ និង​ទី២ មាន​ន័យ​ថា គឺ​ជា​អត្រា​មួយ​ឋេរ​ក្នុង​រយៈពេល​ខ្លី និង​ដែល​ក្រុម​អ្នកវិភាគ​មិន​ញញើត​នឹង​សន្និដ្ឋាន​ថា អាច​នឹង​ធ្លាក់​ចុះ​មក​វិញ​នៅ​ក្នុង​ត្រីមាសទី៤ ឆ្នំា ២០១៣ នេះ។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច្នេះ មក​ពី​ពួក​គេ​បាន​ផ្អែក​លើ​សម្មតិកម្ម​នៃ​ការ​បន្ត​អនុវត្ត​កំណែទម្រង់​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ចិន។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា បន្ទាប់​ពី​បាន​ស្គាល់​អត្រា​កំណើន​សេដ្ឋកិច្ច ២ខ្ទង់​អស់​រយៈពេល ៣ទសវត្សរ៍​កន្លង​មក ទីក្រុង​ប៉េកំាង​បាន​ងាក​ចង្កូត​មក​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ផ្ទៃក្នុង​វិញ​ម្តង។ រដ្ឋាភិបាល​បាន​កែប្រែ​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ចិន​ដែល​ធ្លាប់​តែ​ពឹង​ផ្អែក​លើ​ការនាំចេញ និង​វិនិយោគ​សុទ្ធសាធ មក​​ជា​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក តាមរយៈ​ការ​បង្កើន​ការ​ចំណាយ​របស់​ប្រជាជន​ចិន។

អ្វី​ដែល​ចិន​កំពុង​ធ្វើ​បណ្តើរៗ គឺ​ប្តូរ​ពី​ការ​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​សម្រាប់​ការ​នាំចេញ មក​​ផ្តោត​អាទិភាព​លើ​ការ​អភិវឌ្ឍ​វិស័យ​សេវាកម្ម និង​ផលិតកម្ម​សម្រាប់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​វិញ​ម្តង។ និយាយ​យ៉ាង​ដូច​នេះ មិន​មាន​ន័យ​ថា ចោល​មួយ ចាប់​យក​មួយ​នោះ​ទេ គឺ​ចាប់​យក​ទំាង​ពីរ​តែ​ម្តង គ្រាន់​តែ​ថា ប្តូរ​ពី​ការ​ផ្តល់​អាទិភាព​ឲ្យ​ទី១ មក​ឲ្យ​ទី២ វិញ​តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង​ធ្លាប់​បាន​រម្លឹក​ជា​ច្រើន​ដង​ហើយ​ថា ខ្លួន​មិន​ញញើត​នឹង​អនុវត្ត​នយោបាយ​កំណែទម្រង់​របៀប​នេះ​ទេ ព្រោះថា វា​ជា​ប្រភព​មូលដ្ឋាន​នៃ​កំណើន​សេដ្ឋកិច្ច​យូរ​អង្វែង។ នៅ​ក្នុង​កំណែទម្រង់​សេដ្ឋកិច្ច ១៨០អង្សារ​របៀប​នេះ ចិន​បាន​ដឹង​រួច​ជា​ស្រេច​អំពី​ផលវិបាក​ក្នុង​រយៈពេល​ខ្លី ដូច​ដែល​ខ្លួន​បាន​ទទួល​កន្លង​មក នោះ​គឺ​អត្រាកំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ តែ​ឥឡូវ កំណើន​ហាក់​ដូច​ជា​បាន​ងើប​បន្តិច​វិញ ដែល​គេ​អាច​និយាយ​បាន​ថា, ជា​ផ្លែផ្កា​បាន​មក​ពី​នយោបាយ​កំណែទម្រង់​នោះ​ឯង។ មួយ​វិញ​ទៀត ជម្រើស​កំណែទម្រង់​នយោបាយ​សេដ្ឋកិច្ច​របស់​ចិន​ក៏​មិន​មែន​ចៃដន្យ​ដែរ ព្រោះ​វា​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​មិន​ទៀងទាត់ ម្ង៉ៃកាត់ ម្ង៉ៃកោរ។ ដូច្នេះ ដើម្បី​អាច​បន្ត​រក្សា​ឈ្មោះ​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ចទី២ ក្នុង​លោក ចិន​សុទ្ធចិត្ត​ធ្វើ​ពលិកម្ម​ខ្លួន​ឯង ជាជាង​ពឹង​លើ​កម្លំាង​អ្នកដទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI