នាទីសុខភាពនិងអនាម័យ

គ្រប់​ស៊ីលីកូន​បំប៉ោង​សុដន់​សុទ្ធ​តែ​អាច​បង្ក​ជំងឺ​មហារីក​ឬ ?

សំឡេង ០៧:១១
ស៊ីលីកូន​ម៉ាក​PIP ដែល​ក្រសួង​សុខាភិបាល​បារាំង​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរណ៍
ស៊ីលីកូន​ម៉ាក​PIP ដែល​ក្រសួង​សុខាភិបាល​បារាំង​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរណ៍ REUTERS/Eric Gaillard

កាលពីពីរ​​សប្តាហ៍​មុន ​ ក្រសួង​សុខាភិបាល​បារាំង បាន​ចេញ​អនុសាសន៍​ ​ណែ​នាំ​ស្ត្រី​​ពាក់​​​ផលិតផល​មាន​សារជាតិ​​ស៊ីលីកូន ដំឡើង​ទំហំ​សុដន់ ម៉ាក PIP ​ទៅ​វះ​កាត់​ដក​ចេញ​វិញ ដើម្បី​ការ​ពារសុវត្ថិភាព​សុខភាព ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់។ ឆ្លៀត​ក្នុង​ឱកាសនេះ អៀង សុខម៉ិញ សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​អំពី​ ការ​វះកាត់​​បំប៉ោង​ដើម​ទ្រូង និង​ប្រភេទ​ផ្សេងៗ​នៃសារជាតិ​​​​ស៊ីលីកូន។ 

ផ្សាយពាណិជ្ជកម្ម

លើស​ពី​ការ​ផ្តល់​ទឹក​ដោះ​សម្រាប់​ចិញ្ចឹម​កូន សុដន់ តំណាង​ឲ្យ​ភាព​ជា​ស្ត្រីភេទ ភាពទាក់ទាញ​​ស៊ីចស៊ី និង​ សម្រស់​ ប៉ុន្តែ​ធម្មជាតិ​ផ្តល់​ឲ្យ​មិន​ដូច​គ្នា​ទេ ខ្លះ​មាន​ដើម​ទ្រូង​ធំ ខ្លះ​មាន​ដើម​ទ្រូង​តូច ខ្លះ​ធ្លាក់។ អ្នក​ដែល​ចូល​ចិត្ត​ស្រឡាញ់​ខ្លួន ស្រឡាញ់​សម្រស់ និង​ភាព​ទាក់ទាញ​ តែ​ប្រាថ្នា​ចង់​បាន​សុដន់​ធំ​សក្តិសម និងរាងមូល​ក្លំ​ល្អ។

 
ថ្វីដ្បិត​​តែ​ធម្មជាតិមិន​អនុញ្ញាត​មែន​សម្រាប់​ស្ត្រី​ខ្លះ បច្ចុប្បន្ន​គេ​អាច​កែច្នៃ​បាន​ ដោយ​វិធី​ផ្សេងៗ មាន​ជា​អាទិ៍​ លេប​ថ្នាំ លាប ចាក់ បូម ឬ​ឈាន​ដល់​ការ​វះកាត់​តែម្តង។ ប៉ុន្តែ​ការ​កែច្នៃ​​សម្ផស្ស​នេះ​​ មិន​ពិត​ប្រាកដ​ ថា​មាន​ជោគ​ជ័យ​ ១០០% ដូច​បំណង​ប្រាថ្នា​ឡើយ។ មិន​បាន​ដូច​ប្រាថ្នា​ផង និង​អាច​ជួប​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​ទៀតផង។

ជា​ញឹកញយ កែ​សម្ផស្ស​ ដោយ​វិធី​វះកាត់​ ​ អាច​រាលដាល​ជា​​​រឿង​អាស្រូវ និង​បង្ក​ឲ្យ​​ស្លាប់​ផង​ក៏​មាន។ នៅ​ប្រទេស​បារាំង ដែល​ល្បី​ថា​មាន​ជំនាញ​វះកាត់​ជឿន​លឿន​ក៏​មាន​អាច​គេច​ផុត​ពី​បញ្ហា​គ្រោះថ្នាក់ និងរឿង​អាស្រូវ​ដែរ។ កាលពី​សប្តាហ៍​មុន ក្រសួង​សុខាភិបាល​បារាំង​បាន​ថែម​ទាំង​ចេញ​អនុសាសន៍​មួយ ណែ​នាំ​ឲ្យ​ស្រ្តី​បារាំង វះកាត់​ដំឡើង​ទំហំ​សុដន់ ដោយ​ផ្ទុក​ស៊ីលីកូន ទៅ​វះកាត់​ដោះ​ចេញ​វិញ ព្រោះ​ស្ត្រី​ទាំង​នោះ​អាច​រង​គ្រោះ​កើត​ជំងឺ​មហារីក​​ទៅ​ថ្ងៃ​ក្រោយ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិវេជ្ជសាស្ត្រ​កែសម្ផស្ស​​បារាំង ដែល​មាន​ការវះកាត់​រួច​ហើយ ត្រូវ​វះ​ចេញ​វិញ​ដូច្នេះ ?

តើ​ការ​វះកាត់​កែសម្ផស្ស បំប៉ោង​សុដន់​ ប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្តេច​​ខ្លះ ? គ្រប់​ការ​វះកាត់​សុដន់​ សុទ្ធ​តែ​ទទួល​រង​គ្រោះ​ថ្នាក់​ ឬ ?

ការ​វះកាត់ ដំឡើង​ទំហំ​សុដន ឬ​ដើម​ទ្រូង ត្រូវ​ធ្វើ​ជា​លើក​ទី​មួយ នៅ​ឆ្នាំ​១៨៦៥ ដោយ​ស្ត្រី​អាល្លឺម៉ង់។ កាល​ណោះ ពុំ​ទាន់​មាន​ផលិតផល​ ឬ​សារជាតិ​អ្វី​សម្រាប់​មក​ញាត់​បំប៉ោង ដាក់​ក្នុង​សុដន់​ទេ។ គេ​ត្រូវ​វះ​យក​ដុំ​ខ្លាញ់​ដោះស្លូត​​របស់​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ មកដាក់​បន្តុប​នៅ​ក្នុង​សុដន់​ស្រ្តី​ស្បែកស។ ជាច្រើនឆ្នាំ​ក្រោយ​មក ពោ​ល​គឺ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ​ ទើប​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ បាន​រកឃើញ​សារជាតិ​ស៊ីលីកូន ចាក់​បញ្ចូល​​ ដោយ​ផ្ទាល់​ ទៅ​បំប៉ោង​សុដន់​ ស្ត្រី​ពេស្យា​ជប៉ុន។

ដោយ​សារ​ភាព​ជឿន​លឿន​ផ្នែក​វេជ្ជសាស្ត្រ គេ​បាន​រក​ឃើញ​និង​ផលិត​ ស៊ីលីកូន បំប៉ោង​សុដន់​ បាន​ច្រើន​ប្រភេទ ប៉ុន្តែ​មានតែ​​ពីរ​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​បារាំង។
-          ស៊ីលីកូន​ ដែល​ផ្ទុក​សារធាតុ​ទឹក ឬ​ល្បាយ​សេរ៉ូម​ Physiologique។ កញ្ចប់​ស៊ីលីកូន ប្រភេទ​នេះ មាន​លក្ខណៈ​អនុគ្រោះ​ខ្លាំង។ ជា​ធាតុ​រាវ​នៃ​សរីរាង្គ​របស់​មនុស្ស។ ក្នុង​ករណី​មាន​ការ​បែក​​ប្រេះ ឬ​ធ្លាយ ខ្លួន​ប្រាណ​យើង​អាច​ស្រូប​​យក​សារធាតុ​ទឹក​នេះ​បាន​ដោយ​​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ទេ។ ប៉ុន្តែ​​ស៊ីលីកូន​នេះ មាន​តម្លៃ​ថ្លៃ ងាយ​បែក​ធ្លាយ និង​ងាយប្តូរ​ទម្រង់​ ហើយ​មិន​តែ​ប៉ុណ្ណោះ​បង្កើត​ជា​ស្នាម​រលក​ ទល់​ខាង​ណោះ​បន្តិច ទល់​ទៅ​ខាង​ណេះ​បន្តិច ដែល​ធ្វើ​ឲ្យ​សុដន់​គ្មាន​លក្ខណៈ​មូល​ក្លំ​រលោង​ល្អ​ទេ។ អាយុ​កាល​ខ្លី យ៉ាង​យូរ​បំផុត​១០​ឆ្នាំ ត្រូវ​វះ​កាត់​ប្តូរ​ចេញ​ហើយ។ ស៊ីលីកូន​ប្រភេទ​ទឹក​នេះ ល្បីល្បាញ និង​ពេញនិយម​ខ្លាំង​នៅ​ទសវត្ស​ឆ្នាំ​១៩៩០។
-          ប្រភេទ​ទីពីរ ជា​ដុំ​​ស៊ីលីកូន​ ដែល​ធ្វើឡើង​ដោយ​ហ្សែល​ សារជាតិ​ខាប់ៗ ហើយ​ស្អិត។ ស៊ីលីកូន​នេះ មាន​សភាព​ធន់​ខ្លាំង ងាយធ្វើ​ការ​វះកាត់​ញាត់​បញ្ចូល​ក្នុង​សុដន់។ មិន​ងាយ​ប្រេះ​ធ្លាយ និង​ធ្វើ​ឱ្យ​​សុដន់​មានលក្ខណៈ​ដូច​ធម្មជាតិ​។

 
បើ​យោង​តាម​ក្រុម​គ្រូពេទ្យ​កែសម្ផស្ស វា​ពិត​ណាស់ ថា ការ​វះកាត់​​ដំឡើង​ទំហំ​សុដន់ ដោយ​ពាក់សារជាតិ​ស៊ីលីកូន គ្មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​នោះ។ ការ​សិក្សា​ជា​ច្រើន​ក៏​បាន​បង្ហាញ​ ឲ្យ​អស់​ការសង្ស័យ​ដែរ​ថា មិន​បង្ក​ឲ្យ​មាន​ជំងឺ​សន្លាក់​ឆ្អឹង​ទេ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ទីភ្នាក់ងារ​សុវត្ថិភាព​សុខភាព​របស់​បារាំង បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ចរាចរណ៍​ស៊ីលីកូន​នេះ​ឡើង​វិញ​នៅ​ឆ្នាំ​២០០២។ តែ​ការ​រង​ផល​វិបាក ក្រោយ​ការ​វះកាត់ គឺ​មិន​អាច​ចៀស​រួច​ឡើយជាពិសេស​បើ​ស៊ីលីកូន​ត្រូវ​បែក។ សូម​បញ្ជាក់​ថា​​ស៊ីលីកូន​ប្រភេទ​គ្មាន​កាល​កំណត់​ពេល​នៃ​ការ​ប្រើ​ប្រាស់​ទេ​ គឺ​ផល​វិបាក​លេច​ឡើង​លើ​ខ្លួន​ស្ត្រី​អ្នក​ពាក់​វា ជា​អ្នក​កំណត់។ ​បើ​តាម​​ទីភ្នាក់ងារ​សុវត្ថិភាព​សុខភាព​បារាំង​ដដែល ដោយ​មិន​និយាយ​អំពី​ការ​រំខាន​ក្នុង​ការ​បំបៅ​ដោះ​កូន សម្រាប់​ស្ត្រី​មាន​ផ្ទុក​​ស៊ីលីកូន ផលវិបាក​ដែល​គេ​ជួប​ញឹក​ញាប់​ មាន​ជា​អាទិ៍ ការកកើត​ដុំជាលិកា​​នៅជុំ​វិញ​ស៊ីលីកូន ​ ដែល​យូរៗ​ទៅ​ ​បង្ក​ឲ្យ​មា​ន​ឈឺ​ចាប់​យ៉ាង​ខ្លាំង​រហូត​ទាល់​តែ​វះកាត់​​ជា​ថ្មី។ ប្រសិន​បើ​ក្នុង​ករណី​មាន​ការ​ប្រេះ​ធ្លាយ ឬ​បែក​វិញ ទោះ​ដោយ​ការ​ប៉ះទង្គិច​ក្តី ឬ​ដោយ​ភាព​ចាស់​របស់​ស៊ីលីកូន​ក្តី នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ការ​រលាក ឬ​ឡើង​កូន​កណ្តុរ។
ភ្នាក់ងារ​សុវត្ថិភាព​សុខភាព​បារាំង នៅ​តែ​មាន​ក្តី​ព្រួយ​បារម្ភ​ជា​និច្ច​ ចំពោះ​សំណួរ​មួយ ថា ក្នុង​អនាគត​ដ៏​យូរទៅ ការវះកាត់​ដាក់​ស៊ីលីកូន បំប៉ោង​សុដន់ អាច​ងាយ​ឲ្យ​មាន​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់។

រហូត​មក​ទល់​នឹង​ពេល​នេះ ពុំ​ទាន់​មាន​ភស្តុតាង​មូលដ្ឋាន​ និង​ច្បាស់​លាស់​ណា​មួយ បញ្ជាក់​អំពី​គ្រោះ​ឈាន​ទៅ​រក​ជំងឺ​មហារីក ព្រោះ​​ស៊ីលីកូនក៏​ដោយ ក៏​ការ​សិក្សា​ទាំង​អស់​នេះ​ធ្វើ​ឡើង​​ចំពោះ​តែ​​ស៊ីលីកូន​ដែល​ជា​ហ្សែល(សារជាតិខាប់ស្អិត) ផ្នែក​​វេជ្ជសាស្ត្រ គោរព​តាម​បទ​ដ្ឋាន​សុខភាព​ត្រឹមត្រូវ​ប៉ុណ្ណោះ !
 

ក៏​ប៉ុន្តែ​តើ​នរណា​អាច​ដឹង​បាន ថា​តើហ្សែល​ក្នុង​កញ្ចប់​ស៊ីលីកូន ជា​សារជាតិ​ខាប់​ស្អិត​​ដែល​ប្រើ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ?! នេះ​ហើយ​ជា​ករណី​រឿង​អាស្រូវ​​ផ្ទុះ​ឡើង​នៅ​ស្រុក​បារាំង។ ស៊ីលីកូន​ របស់​ក្រុមហ៊ុន​សហគ្រាស PIP​បារាំង ដែល​ល្បីល្បាញ និង​មាន​ធ្វើ​ចរាចរណ៍​ដល់​ទៅ​៨០​%​ នៅ​បរទេស​នេះ ព្រោះ​មាន​តម្លៃ​ថោក​ ជាង​ស៊ីលីកូន​ម៉ាក​ផ្សេង​ទៀត ជា​ស៊ីលីកូន​ដែល​មាន​ផ្ទុក​ទៅ​ដោយ​ហ្សែល​សារជាតិ​ខាប់​ស្អិត​ប្រើ​ក្នុង​ឧស្សាហកម្ម មិន​មែន​ជា​ហ្សែល​ប្រើ​ក្នុង​វេជ្ជសាស្ត្រ​ទេ។ ក្រុម​ប៉ូលិស​អាំងទែរប៉ូល កំពុង​តែ​ស្វែង​រក​តាម​ចាប់​ខ្លួន​​ប្រធានក្រុមហ៊ុន​PIPនេះ​មក​កាត់​ទោស​តាម​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI