កម្ពុជា

នាយក​រដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ទឹកជំនន់​ក្រោយ​ត្រឡប់​ពី​ចិន

នាយក​រដ្ឋមន្ត្រី​ចុះពិនិត្យ​ស្ថានភាព​​ទឹក​ជំនន់ ក្រោយ​ទស្សនកិច្ច​នៅ​ចិន
នាយក​រដ្ឋមន្ត្រី​ចុះពិនិត្យ​ស្ថានភាព​​ទឹក​ជំនន់ ក្រោយ​ទស្សនកិច្ច​នៅ​ចិន © ចាន់ណា/rfi

ទឹកជំនន់​នៅតែ​ជា​ក្តី​កង្វល់​ធំធេង​របស់​រដ្ឋាភិបាល​កម្ពុជា​ ដោយសារ​តែ​ទឹក​នៅ​តែ​គំរាម​កំហែង​ខេត្ត​ជា​ច្រើន​នៅ​ឡើយ។ ​ក្រោយ​ពី​វិល​ត្រឡប់​មុន​កាល​កំណត់​ពី​ប្រទេស​ចិន​វិញ​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នា​ព្រឹក​ថ្ងៃសៅរ៍​នេះ។ ​ទឹកជំនន់​ដែល​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​ជិត​២៥០​នាក់។​ រីឯ​ជំនួយ​បរទេស​ក៏​បាន​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់។

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ចុង​សប្តាហ៍​នេះ ​ទឹកជំនន់​បាន​ស្រក​ចុះ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ នៅ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន​ រីឯ​ខេត្ត​មួយចំនួន​ទៀត​នៅ​តែ​បន្ត​កើន​ឡើង។ ​នេះ​ជា​ក្តី​កង្វល់​មួយ​មិន​ទាន់​ផុត​នៅ​ឡើយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ ហ៊ុន សែន ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត​ព្រៃវែង​ កណ្តាល​ កំពង់ចាម ​និង​ភ្នំពេញ​ផង​ដែរ។

 
ក្តី​កង្វល់​ពី​បញ្ហា​ទឹកជំនន់​បាន​បង្ខំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​វិល​ត្រឡប់​ពី​ប្រទេស​ចិន​វិញ​មុន​កាល​កំណត់​ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ។ ​យ៉ាងណា​ក៏ដោយ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មិន​បាន​ផ្តល់​របាយការណ៍​ថ្មី​អំពី​តុល្យការ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​ទឹកជំនន់​ទេ ​គឺ​នៅ​តែ​រក្សា​តួលេខ​ចំនួន​អ្នក​ស្លាប់ ​២៤៧ ​នាក់​ដដែល​ បើ​ទោះបី​ជា​មាន​សេចក្តី​រាយការណ៍​ជា​បន្តបន្ទាប់​ថា ​មាន​អ្នក​ស្លាប់​ជាច្រើន​ទៀត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្តី។ ក្នុង​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត​ព្រៃវែង​កាលពី​ព្រឹកមិញ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក៏​មិន​បាន​ថ្លែង​សុន្ទរកថា​អ្វី​ដែរ។

រហូត​មក​ទល់​ពេល​នេះ ​ប្រទេស​ចិន ​គឺ​ជា​អ្នក​ផ្តល់​អំណោយ​ធំ​ជាង​គេ​ក្នុង​បណ្តា​ជំនួយ​សង្គ្រោះ​មក​ពី​បរទេស។ ​ក្រៅ​ពី​ផ្តល់​សម្ភារៈ​ និង​ថ្នាំ​ពេទ្យ​តម្លៃ​៨​លាន​ដុល្លារ​កាល​ពី​សប្តាហ៍​មុន ​ចិន​បាន​បន្ថែម​ជំនួយ​ប្រហែល​២​លាន​ដុល្លារ​ទៀត​ដល់​កម្ពុជា​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ ​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​សម្រាប់​ទឹកជំនន់​នៅ​កម្ពុជា​មាន​ ចិន​ ជប៉ុន​ អាមេរិក​ អូស្ត្រាលី ​និង​បារាំង។ ​បារាំង​បាន​ផ្តល់​ប្រាក់​៨​ម៉ឺន​ដុល្លារ​តាម​រយៈ​កាកបាទ​ក្រហម​បារាំង​ ដើម្បី​ទិញ​សម្ភារៈ​ជួយ​ជន​រងគ្រោះ​ក្នុង​ខេត្ត​កំពង់ធំ​ដែល​កំពុង​លិចលង់។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ផ្តល់​ជំនួយ​ ១​លាន​ដុល្លារ​ដល់ ក្រសួង​កសិកម្ម ​ដើម្បី​បង្កើត​ផែនការ​មេ​សម្រាប់​ជំរុញ​ការ​វិនិយោគ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា។ កសិកម្ម​ដែល​ជា​វិស័យ​អាទិភាព​របស់​ប្រទេស​នេះ។ ​ការ​ផ្តល់​ជំនួយ​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី ចុះ​ហត្ថលេខា​មួយ​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ទី​២១​ខែ​តុលា​ម្សិលមិញ​នៅ​ទីក្រុង​ភ្នំពេញ។​ កូរ៉េ​នឹង​ជួយ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ​និង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា​ក្រោយ​ពី​ការ​ស្រក​ចុះ​នៃ​ទឹកជំនន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI