កម្ពុជា

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​​​ប្រកាស​​ពីការ​​កាត់ដី​​សម្រាប់​​ប្រជាជន​​មាន​​ជម្លោះ​​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​​​ប្រកាស​​ពីការ​​កាត់ដី​​សម្រាប់​​ប្រជាជន​​មាន​​ជម្លោះ​​
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​​​ប្រកាស​​ពីការ​​កាត់ដី​​សម្រាប់​​ប្រជាជន​​មាន​​ជម្លោះ​​ Ảnh: Reuters

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ដោយ​ផ្ទាល់មាត់ ​អំពី​នយោបាយ​ថ្មី ដើម្បី​កាត់​ដី​ឲ្យ​ប្រជាជន​កម្ពុជា​ នៅ​តំបន់​មាន​ជម្លោះ ​ជាពិសេស​ជម្លោះ​ជាមួយ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន ​នៅ​ទូទាំង​ប្រទេស​។ ​ក៏ប៉ុន្តែ​ក្រៅពី​ព្រមាន​ ចំពោះ​ប្រជាជន ​មិន​ឲ្យ​រុករាន​ ចូល​កាន់កាប់ ចាប់​ដី​ថ្មី នៅ​ព្រឹក​នេះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ប្រកាស​ឲ្យ​តាម​ចាប់ខ្លួន​ បុរស ៥ នាក់​ ដែល​រដ្ឋាភិបាល ​ចាត់ទុក​ជា​មេខ្លោង​ ក្នុង​រឿង​ជម្លោះ​ដីធ្លី ​នៅ​ខេត្ត​ក្រចេះ​កាលពី​ខែ​មុន​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ពាក់​កណ្តាល​អាណត្តិ ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣​ នា​ព្រឹក​ថ្ងៃទី១៤​មិថុនា​ឆ្នាំ​២០១២​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​ពី “​នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​”​។ ​នោះ​គឺ​ការដោះស្រាយ​សម្បទាន​ដី​សង្គមកិច្ច ​ដើម្បី​ចែក​ជូន​ដល់​ប្រជាជន​ទូទាំង​ប្រទេស​ពិសេស​អ្នក​កំពុង​មាន​បញ្ហា​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​សម្បទាន។

 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូស​បញ្ជាក់ថា ​ដី ៣ ប្រភេទ ​ដែល​នឹង​ត្រូវ​ផ្តល់​ឲ្យ​ប្រជាជន ​នៅ​ទូទាំង​ប្រទេស ​ហើយ​ត្រូវ​អនុវត្ត​ឲ្យ​រួចរាល់​ យ៉ាងយូរ​បំផុត ក្នុង​រយៈពេល ៦ ខែ គិត​ចាប់ពី​ថ្ងៃនេះ​។ ទី​១-ព្រៃ​សម្បទាន ដែល​រដ្ឋាភិបាល​បាន​ផ្អាក ​មិនឲ្យ​កាប់​ឈើ​ ចាប់តាំងពី​ឆ្នាំ​២០០០​។ ​ប្រភេទ​ដី​ទី២ ​គឺ​ប្រភេទ​ដី​សម្បទាន ​ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ ហើយ​មាន​ជម្លោះ​ជាមួយ​ប្រជាជន ​និង​ប្រភេទដី​ទី៣ ដែល​ត្រូវ​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ ​ជា​ប្រភេទ​ដី​រដ្ឋ ដែល​ប្រជាជន​កាន់កាប់​ដោយ​ខុសច្បាប់​ តាមរយៈ​ការ​ចូល​កាប់​ទន្ទ្រាន​ដី​រដ្ឋ ​ក្នុង​រយៈពេល​កន្លង​ទៅ។

ជម្លោះ​ដី​កន្លង​មក​ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ​ទទួល​ស្គាល់ថា ​មក​ពី​ក្រុមហ៊ុន ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ​មិន​បាន​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ តាម​សេចក្តី​ណែនាំ ​ទើប​បណ្តាលឲ្យ​ផ្ទុះ​ជម្លោះ រហូត​ដល់​កើតមាន​ហិង្សា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​គូស​បញ្ជាក់ថា​ នយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពេលនេះ​ មិនមែន​ជា​សូចនាករ ​ឬ​ជា​ការកំណត់​ដែល​ដៃគូ​អភិវឌ្ឍន៍ ​ដាក់​ឲ្យ​លោក ​ឬ​ដាក់​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ទេ​។ ​លោកនាយក​រដ្ឋមន្ត្រី ​ក៏​ព្រមាន​កុំ​និយាយ​អំពី​បញ្ហា​គំនាប​អន្តរជាតិ មកលើ​រដ្ឋាភិបាល​ឡើយ​។​ ករណីនេះ​ ក៏មិនមែន ​ដើម្បី​សន្លឹក​ឆ្នោត​ឡើយ។

ជាមួយនឹង​ប្រសាសន៍​ដូច្នេះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ប្រកាស​ដោយ​ផ្ទាល់​មាត់​ថា​ ចាប់ពី​ពេលនេះ​ទៅ ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ណា​ដែល​មាន​ជម្លោះ ​ត្រូវ​វាស់ ​កាត់ ចែក​ឲ្យ​ប្រជាជន​ភ្លាម​។ ​នោះ​គឺ​ផ្តល់​សិទ្ធិ​កាន់កាប់​ឲ្យ​ប្រជាជន ​លើ​ទំហំ​ដី​កាន់កាប់​ជាក់ស្តែង​ ដែល​គាត់​កំពុង​អាស្រ័យ​ផល និង​ទី​២-​កាត់​ទុក ១០ % ​ដើម្បី​ឲ្យ​គាត់​ ត្រៀម​បម្រុង​ទុក​និង​អាស្រ័យ​ផល។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​មិន​ឲ្យ​ប្រជាជន ​ចូល​ទៅ​កាន់កាប់​ដី​របស់​ក្រុមហ៊ុន​ថែម​ទៀត​ទេ​។ ចំណែក​ករណី​ដី នៅ​ឃុំ​កំពង់​ដំរី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ លោកនាយក​រដ្ឋមន្ត្រី អះអាងថា មិន​អាច​ទទួលយក​បាន​ទេ​។

ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​ប្រើ​កម្លាំង​ទ័ព ​បណ្ដេញ​ប្រជាជន នាំ​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ ​កាលពី​ថ្ងៃទី១៦​ ខែឧសភា ​ឆ្នាំ​២០១២​ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាស​តាម​ចាប់ខ្លួន​មេខ្លោង​ ៥ នាក់​ ដែល​ជា​សកម្មជន​តវ៉ា​រឿង​ដីធ្លី ​ទោះ​ជា​ជន​នោះ​ទៅដល់​ជើងមេឃ​ក៏ដោយ។

ដោយ​សម្តី​ខ្លាំងៗ ​លោកនាយក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់ថា​ ត្រូវ​តាម​ចាប់​មេខ្លោង​ធំ ទាល់តែ​បាន​។ ​ទោះ​ជា​ទៅ​ដល់​ជើងមេឃ ​ក៏​ត្រូវ​តែ​តាម​ចាប់ មិន​មាន​អត់អោន​ទេ​។​ លោកនាយក​រដ្ឋមន្ត្រី ​ក៏​បាន​ប្រកាសថា​ ទោះ​ជា​ជន​នោះ ទៅ​ដល់​ប្រទេស​ណា​ ក៏​តាម​ចាប់ ហើយ​ត្រូវ​សុំ​ធ្វើ​បត្យា​ប័ន​មនុស្ស​នោះ ត្រលប់​មកវិញ​។​ ទោះជា​លាក់​ក្នុង​ស្ថានទូ​តក្តី និង​ទោះ​នៅក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​រដ្ឋាភិបាល​ត្រូវតែ​ចាប់​សកម្មជន​ដីធ្លី​ទាំង ៥ នាក់​នោះ។

លោកនាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការសោក​ស្តាយ​ចំពោះ​មរណភាព​ក្មេងស្រី​ម្នាក់​ដែល​លោកនាយក​រដ្ឋមន្ត្រី ប្រកាសថា​ បាន​ស្លាប់ ​ក្នុង​ព្រឹត្តិការណ៍​បោស​សម្អាត​ក្រុម​អនាធិបតេយ្យ ​នៅក្នុង​ជម្លោះ​ដី​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ចំអក​ទៅ​អាមេរិក​ថា រឿង​ស្លាប់​ក្មេងស្រី​ម្នាក់​នេះ វា​មិន​ទាន់​ធ្ងន់ធ្ងរ ដូច​គ្រាប់បែក​អាមេរិកាំង ទម្លាក់​ខុស​គោលដៅ​ នៅ​អាហ្កានិស្ថាន ក្រោម​ហេតុផល​ កម្ចាត់​ពួក​អាល់កៃដា ​នៅ​តា​លីបង់​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI