កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​ យល់ព្រម​ឲ្យ​សាងសង់​រូបសំណាក​លោក​ជាវិជ្ជា​

បុណ្យខួប​របស់លោក ជា វិជ្ជា អតី​ត​ប្រធាន​សហជីពសេរីកម្មករ​
បុណ្យខួប​របស់លោក ជា វិជ្ជា អតី​ត​ប្រធាន​សហជីពសេរីកម្មករ​ RFI/Siv Channa

ទីបំផុត​ទៅ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ​បាន​យល់ព្រម​តាម​សំណើ​រ​បស់​លោក​ ជា មុនី​ ប្រធាន​​សហជីព​សេរីកម្មករ​ ដែល​បាន​ស្នើ​សុំ​ទីតាំង​សមរម្យ​មួយ​កន្លែង​ ដើម្បី​សាងសង់​​រូប​​សំណាក​ ​លោក​ ជា វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរីកម្មករ​ សម្រាប់​រម្លឹក​វិញ្ញាណក្ខន្ធ​និង​ចងចាំ​​នូវ​​គុណូបការៈ​​ដ៏​​ថ្លៃថ្លា​រ​បស់​លោក។ ​ការ​យល់​ព្រម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ បាន​​ធ្វើ​​ឡើង​​ភ្លាមៗ​​នោះ ​​ត្រូវ​បាន​លោក​ជាមុនី​ អះអាង​ថា ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ។

ផ្សាយពាណិជ្ជកម្ម

ក្នុងលិខិតចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ របស់លោកជាមុនី ប្រធានសហជីពសេរីកម្មករ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចារអក្សរផ្ទាល់ដៃ យល់ព្រមតាមការស្នើសុំ សាងសង់​រូប​សំណាក​របស់អតីតមេដឹកនាំកម្មករ លោក ជា វិជ្ជា។ ការយល់ព្រមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានធ្វើឡើងភ្លាមៗ នៅពេលលោកនាយករដ្ឋមន្ត្រី បានទទួលនូវលិខិតរបស់លោក ជា មុនី នៅថ្ងៃទី៣១ធ្នូ។

លិខិតរបស់លោក ជា មុនី ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលបានផ្សព្វផ្សាយ​ដល់​អ្នក​កាសែត​ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចារ​ផ្ទាល់​ដៃ ដោយមានហត្ថលេខា នៅផ្នែកខាងក្រោមលិខិតថា យល់ព្រមតាមសំណើ។ លោក​នាយក​រដ្ឋមន្ត្រី ក៏បានចារបញ្ជាឲ្យលោក កែប ជុតិមា អភិបាលកក្រុងភ្នំពេញ រៀបចំ​កសាង​រូប​សំណាក​សពលោកជាវិជ្ជា ដោយមានការពិភាក្សាជាមួយលោក ជា មុនី។
 

ក្នុងលិខិតរបស់លោក ជា មុនី បានលើកឡើងថា លោក ជា មុនី បានសុំលោកនាយករដ្ឋមន្ត្រី ផ្ដល់នូវទីតាំងសមរម្យមួយកន្លែងទំហំប្រមាណ ១ ម៉ែត្រក្រឡា ឋិតនៅ​ពយ​សួន​ច្បារ​ខាង​លិច​វិមាន​ឯករាជ្យ ខាងជើងវត្តលង្កា សម្រាប់សាងសង់រូបសំណាកលោក ជា វិជ្ជា ដើម្បីរម្លឹក​វិញ្ញាណក្ខន្ធនិងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោក ជា វិជ្ជា។ លោកជាវិជ្ជា អតីត​ប្រធាន​សហជីព​កម្មករ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាបងប្រុសបង្កើតរបស់លោក ត្រូវបាន​ឃាតករ​​បាញ់សម្លាប់នៅមុខតូបលក់កាសែត ក្បែរវត្តលង្កា ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
 

មកដល់ពេលនេះ ឃាតករពិតប្រាកដ ក្នុងរឿងដ៏រសើបនោះ មិនទាន់ត្រូវបានកាត់​ទោស​នៅ​ឡើយ​ទេ ទោះបីតុលាការធ្លាប់កាត់ទោសបុរសពីរនាក់ គឺប៊នសំណាង និងសុកសំអឿន ថា​ជាប់​​ពាក់ព័ន្ធក៏ដោយ។ ប៉ុន្តែនៅថ្ងៃ៣១ធ្នូ ឆ្នាំ២០០៩ តុលាការកំពូល បានសម្រេច​ឲ្យ​បុរស​ទាំង​ពីរ​នោះ ស្ថិតនៅក្រៅឃុំ និងបង្វិលសំណុំរឿងទៅកាន់តុលាការសាលាឧទ្ធរណ៍ ដើម្បីបើក​ការ​ជំនុំជម្រះក្តីឡើងវិញ។
 

ក្នុងលិខិតលើកឡើងទៀតថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសហជីព​សេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ​នៃ​សព តែងរៀបចំពិធីដង្ហែកម្រងផ្កាទៅដាក់គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅ​ទីតាំង​ដែល​ឃាតករ​ បាញ់សម្លាប់រូបលោក។ ការរៀបចំពិធីនេះ បានប្រព្រឹត្តទៅអស់រយៈពេលចំនួន ៦ លើក​មកហើយ តែងប្រឈមនឹងការលំបាកផងដែរ ព្រោះមិនមាន​ទីតាំង​សមរម្យ​សម្រាប់​សាងសង់​ស្ដូបរម្លឹកវិញ្ញាណក្ខន្ធ និងដាក់រូបសំណាកលោក ជា វិជ្ជា ឲ្យបានជាក់លាក់។
 

នៅថ្ងៃនេះ លោក ជា មុនី បានសាទរនឹងការសម្រេចដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រី ចំពោះការស្នើសុំរបស់សហជីពកម្មករជាយូរឆ្នាំមកហើយ ហើយថា ការសម្រេចរបស់​លោក​នាយក​រដ្ឋមន្ត្រី មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ ព្រោះសហជីពរបស់លោក មិនបម្រើ​និន្នាការ​គណបក្សនយោបាយណាទេ ទោះជាកន្លងមក លោកធ្លាប់សាទរ​នឹង​ទង្វើ​របស់​គណបក្ស​ប្រឆាំង ដែលគណបក្សប្រឆាំងមើលឃើញការខ្វះចន្លោះរបស់រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI