កម្ពុជា

គណបក្សកាន់​អំណាច​ប្រារព្ធ​ទិវា២០​ឧសភា​ក្នុងអត្ថន័យ​នៃការ​បោះឆ្នោត​

​លោក ហ៊ុន​ សែន អនុ​ប្រធាន​គណបក្ស​​ប្រជាជន​​កម្ពុជា​
​លោក ហ៊ុន​ សែន អនុ​ប្រធាន​គណបក្ស​​ប្រជាជន​​កម្ពុជា​ © សុវណ្ណារ៉ា

ថ្ងៃនេះ​ជាថ្ងៃ​ទី២០​ឧសភា ជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ប្រារព្ធ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម។ ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ​បានធ្វើ​ឡើង​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​ជាច្រើន។ ​នៅ​ទីក្រុង​ភ្នំពេញ​ ទិវា​២០ឧសភា​ត្រូវបាន​ប្រារព្ធ​ឡើង​នៅឯ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក។​ទិវា​នេះ​ដែល​កើតឡើង​ចំពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក៏​ជា​ឱកាស​មួយ​ដែល​បក្ស​កាន់​អំណាច​រម្លឹក​ថ្ងៃ៧មករា​និង​សមិទ្ធិផល​នានា​របស់ខ្លួន​ដែល​សម្រេច​បានផងដែរ។

ផ្សាយពាណិជ្ជកម្ម

ក៏ដូចជា​រៀងរាល់ឆ្នាំ​ដែរ​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​ប្រា​ព្ធ​ទិវា២០​ឧសភា​ដើម្បី​រម្លឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ខ្មែរ​ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម។​ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទូទាំងប្រទេស​ដើម្បី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ផង និង​ដើម្បី​រម្លឹក​គុណ​បំណាច់​គណបក្ស​ប្រជាជន​ដែល​បាន​វាយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​នៅថ្ងៃ​៧មករា​១៩៧៩ផង។

 
នៅ​ទីក្រុង​ភ្នំពេញ​ ទិវា២០​ឧសភា​ត្រូវបាន​ប្រារព្ធ​ឡើង​នៅឯ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​រួមទាំង​សកម្មជន​គណបក្ស​ប្រជាជន​ជា​ច្រើនរយ​នាក់។​ ពិធី​នេះ​ប្រារព្ធ​ឡើង​ដោយ​មានការ​រាប់បាត្រ​ព្រះសង្ឃ​ចំនួនជាង​២០០អង្គ​និង​ការសម្តែង​សិល្បៈ​ដើម្បី​រម្លឹក​ការឈឺចាប់​ដោយ​អំពើ​កាប់សម្លាប់​ប្រជាជន​ឯង​របស់​ពួក​ឃាតករ​អាវខ្មៅ​កាលពី​ចន្លោះ​ពី​ខែមេសា​ឆ្នាំ១៩៧៥ដល់​ខែមករា​ឆ្នាំ១៩៧៩។

លោក កែប ជុតិមា​ អភិបាល​​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​នៅឯ​ពិធី​នោះ​ថា​ ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​មិនអាច​បំភ្លេច​បានទេ​ការដែល​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​បាន​ស្លាប់​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។​ ហេតុនេះហើយ​បានជា​ គណបក្ស​ប្រជាជន​បាន​ប្រារព្ធ​ពិធី​នេះ​ឡើង​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ។

ទិវា២០​ឧសភា​ក៏​ជា​ឱកាស​ដែល​គណបក្ស​កាន់អំណាច​បាន​រម្លឹក​ការដឹងគុណ​ថ្ងៃ៧មករា​ឆ្នាំ១៩៧៩ដែលជា​ថ្ងៃ​ដួលរលំ​នៃ​របប​ខ្មែរក្រហម​ផងដែរ។ ​«បើ​គ្មាន​ថ្ងៃ៧មករា​ឆ្នាំ១៩៧៩ ​និង ​គ្មាន​គណ​បក្សប្រជាជន​កម្ពុជា​ទេ ក៏គ្មាន​អ្វីៗដូច​សព្វថ្ងៃ​ដែរ​ រាប់ទាំង​របបរាជានិយម​ផង» ​នេះ​ជា​សារ​នយោបាយ​ដ៏​សំខាន់​មួយ​ដែល​សកម្មជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​​ក្នុង​ពិធី​នោះ ជាមួយនិង​ការ​ថ្កោលទោស​អ្នក​ដែល​ប្រឆាំង​ថ្ងៃ៧មករា។

ដោយសារតែ​ទិវា២០ឧសភា​នេះ​បាន​កើតឡើង​ចំពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ សារ​នយោបាយ​នេះ​ត្រូវបាន​គណបក្ស​កាន់​អំណាច​រំពឹង​ថា ​នឹង​បាន​លទ្ធផល​សម្រាប់​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​បន្ថែមទៀត។ ជាក់ស្តែង លោក កែប ជុតិមា ​បាន​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បានទទួល​សមិទ្ធិផល​ជាច្រើន​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។​ ដូច្នេះ ពួកគេ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​គណបក្ស​ប្រជាជន​កម្ពុជាវិញ។ ​លោក សង្ឃឹមថា ​ ចំនួន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​រាជធានី​ភ្នំពេញ​ អាណត្តិ​ទី៣ ដែល​គ្រោង​នឹង​បោះឆ្នោត​នៅ​ថ្ងៃទី៣​​ខែមិថុនា​ខាងមុខនេះ​នឹង​ឡើង​បន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI