គណបក្សប្រជាជនកម្ពុជាប្រារព្ធអង្គមីទ្ទិញខួបលើកទី៣៣ថ្ងៃបង្កើតរណសិរ្ស២ធ្នូ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍រណសិរ្ស ២ធ្នូលើកទី៣៣បានប្រារព្ធឡើងយ៉ាងអធិកអធមនៅឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។ ទីនោះ ជាទឹកដីបង្កើតចលនារណសិរ្ស២ធ្នូកាលពីឆ្នាំ១៩៧៨ដើម្បីផ្តួលរំលំរបបខ្មែរក្រហម។ នៅភ្នំពេញនៅរសៀលថ្ងៃទី ២ធ្នូនេះក្រុមយុវជនប្រមាណ ២ម៉ឺននាក់ ក៏បានជួបជុំរម្លឹកខួបរណសិរ្ស២ធ្នូនៅស្តាតអូឡាំពិកផងដែរ។
ថ្ងៃ២ធ្នូឆ្នាំនេះ ជាខួបទី៣៣ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឬ រណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ ដែលក្រោយមក បានប្តូរឈ្មោះជា រណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជា។ ជាចលនារួបរួមរបស់កងកម្លាំងជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានប្រយុទ្ធ ក្រោមការជួយ
គាំទ្រពីកងទ័ពវៀតណាម ដើម្បីរំដោះទឹកដី និងប្រជាពលរដ្ឋខ្មែរ ចេញពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត។
ដើម្បីរម្លឹកដល់ខួបអនុស្សាវរីយ៍រណសិរ្ស២ធ្នូ លើកទី ៣៣ នៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើមិទ្ទីញសាទរទ្រង់ទ្រាយធំ ក្រោមការដឹកនាំរបស់លោកហេង សំរិន ប្រធានរណសិរ្ស២ធ្នូ ដោយមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់។ ពិធីនៅព្រឹកមិញ ក៏មានការបើកការដ្ឋានសាងសង់វិមានអនុស្សាវរីយ៍២ធ្នូ និងវិទ្យាល័យ២ធ្នូ នៅលើទីតាំងប្រវត្តិសាស្ត្រ ដែលបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលជាមូលដ្ឋានដំបូង នៃការបង្កើតកម្លាំងតស៊ូ រំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យខ្មែរក្រហម។
គម្រោងសាងសង់វិមានអនុស្សាវរីយ៍ រណសិរ្ស ២ធ្នូ មានទំហំជាង ៩០ ម៉ែត្រ គុណ ២០០ ម៉ែត្រ ដោយចំណាយថវិកាប្រមាណ ៤ លានដុល្លាអាមេរិក។ វិមានអនុស្សារីយ៍នោះ នឹងក្លាយជាវិមានប្រត្តិសាស្ត្រមួយរបស់ប្រជាជាតិកម្ពុជា និងនៅទឹកដីជិតព្រំដែនកម្ពុជា-វៀតណាម-ឡាវ។ អង្គមីទ្ទិញនៅព្រឹកមិញ ក៏មានការចូលរួមប្រធានរណសិរ្សឡាវ និងប្រធានរណសិរ្សវៀតណាមផងដែរ។
ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឬរណសិរ្ស២ធ្នូ លោកហេងសំរិន បានប្រកាសក្នុងពិធីជួបជុំនៅព្រឹកមិញថា រណសិរ្ស ២ធ្នូ ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បង្កើតឡើងនៅក្នុងតំបន់រំដោះ នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីរួមកម្លាំងជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ( ខ្មែរក្រហម ) រហូតដល់ទទួលបានជ័យជម្នះ នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩។
មហាមីទ្ទិញនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏មានសារៈសំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជនកម្ពុជា ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ នៅបានជួយស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ឲ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ នេះបើតាមការកត់សម្គាល់របស់លោកហេងសំរិន។
នៅរសៀលថ្ងៃទី២ធ្នូនេះ អង្គមីទ្ទិញទ្រង់ទ្រាយធំមួយទៀត ក៏ត្រូវបានរៀបចំឡើង នៅស្តាតអូឡាំពិក ដោយមានវត្តមានរបស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាប្រមាណ ២ ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុនម៉ានី កូនប្រុសម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។ ក្នុងពិធីជួបជុំនៅស្តាតអូឡាំពិក ដើម្បីសាទរខួប ៣៣ ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស ២ធ្នូ នៅវេលាម៉ោង ៧ យប់នេះ ក៏មានការបាញ់កាំជ្រួចចំនួន ២៨០ ដើម ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ