កម្ពុជា

គណបក្ស​ប្រជាជន​អំពាវនាវ​អោយ​ពង្រឹង​ធ្លុង​សាមគ្គី​ជាតិ​

ពិធីអប​អរ​សាទរ​ខួប​អនុ​ស្សាវរីយ៍​លើកទី​៦១​​នៃថ្ងៃបង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា
ពិធីអប​អរ​សាទរ​ខួប​អនុ​ស្សាវរីយ៍​លើកទី​៦១​​នៃថ្ងៃបង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា RFI/Siv Channa

គណបក្ស​​ប្រជាជន​​កម្ពុជា ​​បាន​​រៀបចំ​​​ពិធី​​រំលឹក​​ខួប​​លើក​​ទី​​៦១​​នៃ​​ការ​​បង្កើត​​គណបក្ស​ (២៨​ មិថុនា​១៩៥១​ - ២៨​មិថុនា​ ២០១២) ​នៅ​​ព្រឹ​ក​​ថ្ងៃ​​ទី​​២៨​​មិថុនា​​នេះ។​ នៅ​​ក្នុង​​សុន្ទរកថា​​ក្នុង​​ពិធី​​ព្រឹកមិញ​​នេះ ​លោក​​ហេង សំរិន​​ប្រធាន​​កិត្តិយស​​គណបក្ស​​ប្រជាជន​​កម្ពុជា ​​បាន​​អំពាវនា​វ​​អោយ​​មាន​​ការ​​ពង្រឹង​​មហា​សាមគ្គី​​ជាតិ​​ជុំវិញ​​រដ្ឋាភិបាល​​របស់​​លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន។​

ផ្សាយពាណិជ្ជកម្ម

ខិតខំ​ពង្រឹង​ធ្លុង​មហាសាមគ្គី​ជាតិ​អោយ​កាន់​តែ​រឹងមាំ​ឡើង​ជុំវិញ​រដ្ឋាភិបាល​ដែល​ដឹកនាំដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គឺ​ជា​ការ​អំពាវនាវ​របស់​លោក​ហេង សំរិន​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​កំណើត​គណបក្ស​ឆ្នាំ​ទី​៦១។

សុន្ទរកថា​ដែល​លោក​ហេង សំរិន​ បាន​អាន​នៅ​មុខ​សមាជិក​ជាច្រើន​ពាន់​នាក់​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​រាជធានី​ភ្នំពេញ លោក​ហេង សំរិន​បាន​ពន្យល់​ថា ការ​ជ្រោមជ្រែង​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី​គឺ​ធ្វើ​ឡើង​ដើម្បី រដ្ឋាភិបាល​នេះ​អាច​បន្ត​ការ​អនុវត្តន៍​​នយោបាយ ទិសដៅ និង​ផែនការ​អោយ​មាន​ប្រសិទ្ធិភាព​រួមមាន ការ​ប្រឆាំង​អំពើពុករលួយ ការ​លុបបំបាត់​ការ​យក​កម្រៃ​មិន​ស្របច្បាប់ ការ​គ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច និង​ការ​ថែរក្សា​ធនធាន​ព្រៃឈើនិង​ធនធាន​ជលផល​ជាដើម។

សុន្ទរកថា​របស់​លោក​ហេង សំរិន​ក៏​បាន​សរសេរ​ផង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​​បដិសេធ​ដាច់ខាត​រាល់​សកម្មភាព​ទាំងអស់ ទោះជាចេញ​ពី​មជ្ឈដ្ឋាន​ណា​ក៏ដោយ ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព ការ​បង្រួបបង្រួមជាតិ និង​ការ​អភិវឌ្ឍ​ន៍កម្ពុជា។
លោក​ហេង សំរិន​ក៏​មិន​បាន​ភ្លេច​លើកឡើង​ផងដែរ​កត្តា​៥​យ៉ាង​ដែល​ធ្វើ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជ័យជម្នះ​កាន់​អំណាច​ជាង​៣៣​ឆ្នាំ​នោះ។

កត្តា​ទាំង​នោះ​រួម​មាន៖ ទី១-គណបក្ស​នេះ​មាន​ភាព​ត្រឹមត្រូវ​ខាង​នយោបាយ ទាំង​នយោបាយ​ក្នុងប្រទេស និង​នយោបាយ​ក្រៅប្រទេស ដែលមាន​លក្ខណៈ​សមស្រប​ទៅនឹង​សភាពការណ៍​ជាក់ស្ដែង។
 ទី២-គណបក្ស​នេះ​មានការ​គាំទ្រ​ពី​ប្រជាជន​ដ៏​ច្រើន​លើសលុប​ ឆ្លងតាម​ភាពត្រឹមត្រូវ​ខាង​នយោបាយនិងការ​អនុវត្ដន៍។
 ទី៣-គណបក្ស​ប្រជាជនកម្ពុជា មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​នៅ​គ្រប់​ថ្នាក់ គ្រប់ផ្នែក និង​មាន​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ដឹកនាំ​អនុវត្ដ​នៅ​គ្រប់​យន្ដការនិង​គ្រប់​កម្រិត ។
 ទី៤-គណបក្ស​មាន​របៀបរ​បប​ការងារ​ត្រឹមត្រូវ និង​សាមគ្គីភាព ឯកភាព​រឹងមាំ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ និង
​ទី៥-គណបក្ស​ចេះ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទិ្ធភាព​នូវ​ធនធាន​ហិរញ្ញវត្ថុដោយ​មាន​​វប្បធម៌​​នៃ​​ការ​ចែក​រំលែក​​ដើម្បី​​ធានា​​និរន្ដរភាព​​នៃ​​ការងារ​​គណបក្ស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI