ប៉ាគីស្ថាន​ទើសទាល់​ខ្លាំង ក្នុង​រឿង​អាមេរិក​សម្លាប់​បាន អ៊ូសាម៉ា បិន ឡាដិន

សំឡេង ០៧:២៥
ទាហាន​ប៉ាគីស្ថាន​ចាកចេញ​ពី ទីក្រុង​Abbottabad បន្ទាប់ពី​អាមេរិក​វាយសម្រុក​ផ្ទះ​បិនឡាដិន
ទាហាន​ប៉ាគីស្ថាន​ចាកចេញ​ពី ទីក្រុង​Abbottabad បន្ទាប់ពី​អាមេរិក​វាយសម្រុក​ផ្ទះ​បិនឡាដិន REUTERS/Faisal Mahmood

នៅក្រោយ ប្រតិបត្តិការ​របស់កង​កុម៉្មង់ដូ​ពិសេស អាមេរិក បាញ់​សម្លាប់ អ៊ូសាម៉ា បិន ឡាដិន និង​កូនប្រុស នៅថ្ងៃ​អាទិត្យទី ១ ឧសភា ២០១១ ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក​បាន​ទម្លាយ​ព័ត៌មានថា បិន ឡាដិន​បាន​សំងំ​លាក់ខ្លួន រស់នៅ​តាំងពី​យូរមកហើយ ក្នុង​ផ្ទះវីឡា ដែល​ស្ថិត​នៅ​ជិត​ទីក្រុង​​អ៊ីស្លាម៉ាបាត​របស់​ប៉ាគីស្ថាន (បិន ឡាដិន​មាន​លុយ​ជាង ២៥០​លាន​ដុល្លារ)។ រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​និយាយ​ដោយ​ទើសទាល់​ថា ខ្លួន​មិន​បាន​ដឹង​ពី​កន្លែង​លាក់ខ្លួន​របស់​បិន ឡាដិន មេភេរវជន ដែល​អាមេរិក​កំពុង​តាមចាប់ខ្លួន​នោះទេ។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ប៉ាគីស្ថាន​បកស្រាយ​ថា គេ​នឹកស្មាន​ថា អ៊ូសាម៉ា បិនឡាដិន​លាក់ខ្លួន នៅតំបន់​កុលសម្ព័ន្ធ​ភ្នំ ដែល​នៅស្ថិតនៅ​ព្រំដែន​រវាង​ប៉ាគីស្ថាន និង​អាហ្វហ្កានិស្ថាន។ ប៉ុន្តែ គេ​មិននឹកស្មាន​ថា អ៊ូសាម៉ា បិន ឡាដិន​មក​សំងំ​លាក់ខ្លួន នៅ​ក្បែរ​ចុងច្រមុះ នោះទេ។

វា គួរ​ជា​រឿង​ចម្លែក ដែល​អាជ្ញាធរ​ប៉ាគីស្ថាន​មិន​បាន​ដឹង​ពី​កន្លែង​លាក់ខ្លួន ​របស់​មេភេរវជន ព្រោះថា ផ្ទះវីឡា​របស់​បិន ឡាដិន ក្នុង​ទីក្រុង​Abbottabad ស្ថិតនៅ​ប្រមាណ​តែ​ជាង ៤ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​សាលាទាហាន​ជាន់ខ្ពស់​របស់​ប៉ាគីស្ថាន។ ប្រមុខដឹកនាំ​យោធា​ប៉ាគីស្ថាន​ឧស្សាហ៍ ចេញចូល​ទៅ សាលា ទាហាន​ដើម្បី ផ្តល់​សញ្ញាប័ត្រ​ដល់​សិស្ស​ទាហានប៉ាគីស្ថាន។

ក្នុង​ទីក្រុង​Abbottabad​ដែល​ជា​ទីក្រុង​ទំនើប​មួយសង់​នៅលើ​ភ្នំ សឹង​ក្លាយ ​ជាទីក្រុង​យុទ្ធភូមិ។ ទីក្រុង មាន​ ប៉ូលិស​រក្សា​សន្តិសុខ​ស្អេកស្កះ ឧស្សាហ៍​មាន​ពួកទាហាន​ចេញចូលច្រើន និង​មានសម្បូរ​មេទាហាន​ប៉ាគីស្ថាន​ដែល​ចូល​និវត្តន៍ រស់នៅ។

ក្នុង​រយៈពេល​ពីរឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​ប្រជាជន​ប្លែកៗ​ចេញចូល​ទីក្រុង​Abbottabad។ ជនភៀសខ្លួន​កាន់តែច្រើន​ដែល​រត់គេច​ចេញ​ពី​​ការទម្លាក់​គ្រាប់បែក​របស់​ យន្តហោះ​Drone ក្នុង​​តំបន់​កុលសម្ព័ន្ធភ្នំ Swat បាន​សម្រុក​មករស់នៅ​ ទីក្រុង​Abbottabad ។ ក្នុង​ចំណោម​ពួកជនភៀសខ្លួន មួយចំនួន ជា​ពួកអ៊ីស្លាម​ជ្រុលនិយម និង​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បណ្តាញ​អាល់កៃដា។

ទីក្រុង​ Abbottabad​បាន​ក្លាយ​ជាកន្លែង​ប្រជុំគ្នា​របស់​ពួក​ភេរវជន មក​ពី​គ្រប់​ទីកន្លែង។ ​គឺ នៅក្នុង​ទីក្រុង​ Abbottabadនេះហើយ ដែល អូម៉ា ប៉ាតែក ដើមកំណើត​ឥណ្ឌូនេស៊ី ជាប់​សង្ស័យ​ពីបទ​ដាក់​គ្រាប់បែកនៅរង្គសាល នៅ​កោះបាលី នៅឆ្នាំ ២០០២ ជា​​សមាជិក​សំខាន់​ម្នាក់​របស់​អាល់កៃដា ត្រូវ​គេ​ចាប់ខ្លួន កាលពីខែ​កុម្ភៈ។  

អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​​របស់​ក្រសួងការពារជាតិ​អាមេរិក​ធ្លាប់​បាន​ និយាយ​ហើយ​ថា ភ្នាក់ងារ​ស៊ើបការ​សម្ងាត់ប៉ាគីស្ថាន​មាន​ទំនាក់ទំនង​ជាមួយ​ចលនា​អ៊ីស្លាម​ ជ្រុលនិយម​ឈ្មោះថា Haqqani។ បណ្តាញ​Haqqani នេះ ផ្គត់ផ្គង់​ថវិកា រើស​បញ្ចូល​ និងហ្វឹកហ្វឺន​សមាជិក​ថ្មី​សម្រាប់​បណ្តាញ​ភេរវនិយម។ អាមេរិក​បាន​ចោទ​ពួកទាំងនេះ ថា​បាន​បង្ក​ភេរវកម្ម​សម្លាប់​ប្រជាជន​អាមេរិកាំង និង​ប្រជាជន​របស់​ប្រទេស​ដែល​ជា​ដៃគូ​របស់​អាមេរិក។

ប៉ាគីស្ថាន​ពេលនេះកំពុង​ទាល់ច្រកខ្លាំង។ កំពុង​ប្រឈម​នឹង​ការគំរាម​វាយប្រហារ​ពី​ពួក​តាលីបង់ ប៉ាគីស្ថាន រួចហើយ ទីក្រុង​អ៊ីស្លាម៉ាបាត នៅ​រង​ចោទប្រកាន់​ពី​អាមេរិក ដែល​ថា ប៉ាគីស្ថាន​កំពុង​លេងល្បែង​មុខ​ពីរ។ ប៉ាគីស្ថាន​មិន​ដែល​បញ្ជាក់​ថា អ៊ូសាម៉ា បិនឡាដិន នៅ​ក្នុង​ទឹកដី​ខ្លួននោះទេ។ ដូច្នេះ បើទោះជាប៉ាគីស្ថាន​ជា​ប្រទេស​ដៃគូ​សំខាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ បណ្តាញ​អាល់កៃដា ប៉ុន្តែ ក្តី​មន្ទិលសង្ស័យ​លើ​ជំហរ​របស់​អាជ្ញាធរ​ប៉ាគីស្ថាន​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អាមេរិក​សម្រេច​បើកប្រតិបត្តិការ​សម្លាប់ បិនឡាដិន ដោយ​មិន​ឲ្យ​ប៉ាគីស្ថាន​ដឹង​មុន។

ដើម្បី​យកចិត្ត​អាមេរិក ដែល​ជា​ប្រទេស​ម្ចាស់ជំនួយ​សំខាន់ ប៉ាគីស្ថាន​ខំ​និយាយ​ការពារ ខ្លួនថា នៅតែ​ប្រយុទ្ធប្រឆាំង​នឹង​ពួកភេរវជន។ ប៉ុន្តែ ក្នុង​ប្រទេស​ឯណេះវិញ ដំណឹង​នេះ​រឹត​តែធ្វើ​ឲ្យ​​ប្រជាជន ជាពិសេស​ពួកអ៊ីស្លាម​ ជ្រុលនិយម ក្តៅក្រហាយ និង​ប្តេជ្ញា​វាយប្រហារ​ទៅ​លើទីតាំង​របស់​រដ្ឋាភិបាល​របស់​លោក​ ប្រធានាធិបតី​Zardari។ ពួកទាំងនោះ​ចោទ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ថា ជា​អាយ៉ង​របស់​អាមេរិក។

គួរដឹងថា រដ្ឋាភិបាល​ប៉ាគីស្ថាន​កំពុង​ផុយស្រួយ និង​រង​នូវការរិះគន់​ខ្លាំង​ពី​រឿង​ពុករលួយ។ មេដឹកនាំ​ប៉ាគីស្ថាន​បែកបាក់គ្នា ដោយសារ​តែ​ការ​ចង់ដណ្តើម​អំណាច រវាង​ពួក​កុលសម្ព័ន្ធ។ ប្រធានាធិបតី ប៉ាគីស្ថាន មិន​សូវ​មាន​អំណាច​លើពួកទាហាន ហើយ​គឺ​ពួក​ទាហាន និង​ពួកភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្ថាន​ដែល​ជាអ្នក​ចាត់ចែង ប្រយុទ្ធ ឬ​មិន​ប្រយុទ្ធ​នឹង​ពួក​ចលនា​អ៊ីស្លាម​ជ្រុលនិយម ក្នុង​ប្រទេស។ អ្នកវិភាគ​ខ្លះ​មើលឃើញថា ភ្នាក់ងារ​សម្ងាត់​របស់​ប៉ាគីស្ថាន​ជា​អ្នកជ្រើសរើស​ក្រុម​ អ៊ីស្លាមជ្រុលនិយម។

ឥណ្ឌាបារម្ភ ក្រោយ​បិនឡាដិន រកឃើញ និង​បាញ់សម្លាប់ នៅប៉ាគីស្ថាន
ក្នុង​ពេលដែល​ពិភពលោក​សឹងទាំងមូល​អបអរ​ដំណឹង​ស្លាប់​របស់​បិន ឡាដិន ឥណ្ឌា​ឯណោះវិញ មិន​សប្បាយចិត្តទេ។ ផ្ទុយទៅវិញ ឥណ្ឌា​បារម្ភខ្លាំង។ បើតាម​ឥណ្ឌា ការរកឃើញ និង​សម្លាប់ បិនឡាដិន នៅ​ផ្ទះ​ដែល​ស្ថិតនៅ​សឹង​កណ្តាល​បេះដូង​ប្រទេស​ប៉ាគីស្ថាន បញ្ជាក់កាន់តែ​ច្បាស់​ថា ពួកភេរវជន​កំពុង​មាន​បណ្តាញ និង​មាន​បង្អែក​គាំទ្រ​រឹងមាំពី​អ្នកមាន​អំណាច ក្នុង​ប្រទេសប៉ាគីស្ថាន។ គួរដឹងថា ឥណ្ឌា និង​ប៉ាគីស្ថាន​ជា​សត្រូវ​នឹង​គ្នា​តាំងពីយូរមកហើយ។

ឥណ្ឌា ​បាន​ចោទ​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្ថាន​ថា ជា​អ្នកនៅពីក្រោយ​ក្រុម​Lashkar e Taiba ដែល​បង្ក​អំពើ​ភេរវកម្ម នៅទីក្រុង​ប៊ុមបៃ ឆ្នាំ ២០០៨ ដែល​បាន​សម្លាប់មនុស្ស​ជិត ២០០​នាក់។ បើតាម​ឥណ្ឌា ភ្នាក់ងារ​សម្ងាត់​ប៉ាគីស្ថាន ជាអ្នកគំាទ្រ​ជួយ​ពួក​តាលីបង់​ប៉ាគីស្ថាន វាយប្រហារ​ស្ថានទូត​ឥណ្ឌា នៅ​អាហ្វហ្កានិស្ថាន នៅ​ឆ្នាំ ២០០៩។ សម្រាប់​ឥណ្ឌា ប៉ាគីស្ថាន ​ប្រទេស​ជិតខាងខ្លួន​បាន​គាំទ្រ និង​ប្រើ​ពួកភេរវជន​ទៅ​វាយបំផ្លាញ​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI