ប៉ាគីស្ថានទើសទាល់ខ្លាំង ក្នុងរឿងអាមេរិកសម្លាប់បាន អ៊ូសាម៉ា បិន ឡាដិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្រោយ ប្រតិបត្តិការរបស់កងកុម៉្មង់ដូពិសេស អាមេរិក បាញ់សម្លាប់ អ៊ូសាម៉ា បិន ឡាដិន និងកូនប្រុស នៅថ្ងៃអាទិត្យទី ១ ឧសភា ២០១១ ភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកបានទម្លាយព័ត៌មានថា បិន ឡាដិនបានសំងំលាក់ខ្លួន រស់នៅតាំងពីយូរមកហើយ ក្នុងផ្ទះវីឡា ដែលស្ថិតនៅជិតទីក្រុងអ៊ីស្លាម៉ាបាតរបស់ប៉ាគីស្ថាន (បិន ឡាដិនមានលុយជាង ២៥០លានដុល្លារ)។ រដ្ឋាភិបាលប៉ាគីស្ថានបាននិយាយដោយទើសទាល់ថា ខ្លួនមិនបានដឹងពីកន្លែងលាក់ខ្លួនរបស់បិន ឡាដិន មេភេរវជន ដែលអាមេរិកកំពុងតាមចាប់ខ្លួននោះទេ។
ភ្នាក់ងារស៊ើបការសម្ងាត់ប៉ាគីស្ថានទទួលស្គាល់ថា ខ្លួនបរាជ័យក្នុងការចាប់បិនឡាដិន។ គេនឹកស្មានថា អ៊ូសាម៉ា បិនឡាដិនលាក់ខ្លួន នៅតំបន់កុលសម្ព័ន្ធភ្នំ ដែលនៅស្ថិតនៅព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្កានិស្ថាន។ ប៉ុន្តែ គេមិននឹកស្មានថា អ៊ូសាម៉ា បិន ឡាដិនមកសំងំលាក់ខ្លួន នៅក្បែរចុងច្រមុះ នោះទេ។
វា គួរជារឿងចម្លែក ដែលអាជ្ញាធរប៉ាគីស្ថានមិនបានដឹងពីកន្លែងលាក់ខ្លួន របស់មេភេរវជន ព្រោះថា ផ្ទះវីឡារបស់បិន ឡាដិន ក្នុងទីក្រុងAbbottabad ស្ថិតនៅប្រមាណតែជាង ៤ គីឡូម៉ែត្រប៉ុណ្ណោះ ពីសាលាទាហានជាន់ខ្ពស់របស់ប៉ាគីស្ថាន។ ប្រមុខដឹកនាំយោធាប៉ាគីស្ថានឧស្សាហ៍ ចេញចូលទៅ សាលា ទាហានដើម្បី ផ្តល់សញ្ញាប័ត្រដល់សិស្សទាហានប៉ាគីស្ថាន។
ក្នុងទីក្រុងAbbottabadដែលជាទីក្រុងទំនើបមួយសង់នៅលើភ្នំ សឹងក្លាយជាទីក្រុងយុទ្ធភូមិ។ ទីក្រុង មាន ប៉ូលិសរក្សាសន្តិសុខស្អេកស្កះ ឧស្សាហ៍មានពួកទាហានចេញចូលច្រើន និងមានសម្បូរមេទាហានប៉ាគីស្ថានដែលចូលនិវត្តន៍ រស់នៅ។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានប្រជាជនប្លែកៗចេញចូលទីក្រុងAbbottabad។ ជនភៀសខ្លួនកាន់តែច្រើនដែលរត់គេចចេញពីការទម្លាក់គ្រាប់បែករបស់យន្តហោះDrone ក្នុងតំបន់កុលសម្ព័ន្ធភ្នំ Swat បានសម្រុកមករស់នៅ ទីក្រុងAbbottabad ។ ក្នុងចំណោមពួកជនភៀសខ្លួន មួយចំនួន ជាពួកអ៊ីស្លាមជ្រុលនិយម និងធ្លាប់មានទំនាក់ទំនងជាមួយបណ្តាញអាល់កៃដា។
ទីក្រុង Abbottabadបានក្លាយជាកន្លែងប្រជុំគ្នារបស់ពួកភេរវជន មកពីគ្រប់ទីកន្លែង។ គឺ នៅក្នុងទីក្រុង Abbottabadនេះហើយ ដែល អូម៉ា ប៉ាតែក ដើមកំណើតឥណ្ឌូនេស៊ី ជាប់សង្ស័យពីបទដាក់គ្រាប់បែកនៅរង្គសាល នៅកោះបាលី នៅឆ្នាំ ២០០២ ជាសមាជិកសំខាន់ម្នាក់របស់អាល់កៃដា ត្រូវគេចាប់ខ្លួន កាលពីខែកុម្ភៈ។
អ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ក្រសួងការពារជាតិអាមេរិកធ្លាប់បាននិយាយហើយថា ភ្នាក់ងារស៊ើបការសម្ងាត់ប៉ាគីស្ថានមានទំនាក់ទំនងជាមួយចលនាអ៊ីស្លាមជ្រុលនិយមឈ្មោះថា Haqqani។ បណ្តាញHaqqani នេះ ផ្គត់ផ្គង់ថវិកា រើសបញ្ចូល និងហ្វឹកហ្វឺនសមាជិកថ្មីសម្រាប់បណ្តាញភេរវនិយម។ អាមេរិកបានចោទពួកទាំងនេះ ថាបានបង្កភេរវកម្មសម្លាប់ប្រជាជនអាមេរិកាំង និងប្រជាជនរបស់ប្រទេសដែលជាដៃគូរបស់អាមេរិក។
ប៉ាគីស្ថានពេលនេះកំពុងទាល់ច្រកខ្លាំង។ កំពុងប្រឈមនឹងការគំរាមវាយប្រហារពីពួកតាលីបង់ ប៉ាគីស្ថាន រួចហើយ ទីក្រុងអ៊ីស្លាម៉ាបាត នៅរងចោទប្រកាន់ពីអាមេរិក ដែលថា ប៉ាគីស្ថានកំពុងលេងល្បែងមុខពីរ។ ប៉ាគីស្ថានមិនដែលបញ្ជាក់ថា អ៊ូសាម៉ា បិនឡាដិន នៅក្នុងទឹកដីខ្លួននោះទេ។ ដូច្នេះ បើទោះជាប៉ាគីស្ថានជាប្រទេសដៃគូសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញអាល់កៃដា ប៉ុន្តែ ក្តីមន្ទិលសង្ស័យលើជំហររបស់អាជ្ញាធរប៉ាគីស្ថាននេះហើយ ដែលធ្វើឲ្យអាមេរិកសម្រេចបើកប្រតិបត្តិការសម្លាប់ បិនឡាដិន ដោយមិនឲ្យប៉ាគីស្ថានដឹងមុន។
ដើម្បីយកចិត្តអាមេរិក ដែលជាប្រទេសម្ចាស់ជំនួយសំខាន់ ប៉ាគីស្ថានខំនិយាយការពារ ខ្លួនថា នៅតែប្រយុទ្ធប្រឆាំងនឹងពួកភេរវជន។ ប៉ុន្តែ ក្នុងប្រទេសឯណេះវិញ ដំណឹងនេះរឹតតែធ្វើឲ្យប្រជាជន ជាពិសេសពួកអ៊ីស្លាម ជ្រុលនិយម ក្តៅក្រហាយ និងប្តេជ្ញាវាយប្រហារទៅលើទីតាំងរបស់រដ្ឋាភិបាលរបស់លោក ប្រធានាធិបតីZardari។ ពួកទាំងនោះចោទរដ្ឋាភិបាលប៉ាគីស្ថានថា ជាអាយ៉ងរបស់អាមេរិក។
គួរដឹងថា រដ្ឋាភិបាលប៉ាគីស្ថានកំពុងផុយស្រួយ និងរងនូវការរិះគន់ខ្លាំងពីរឿងពុករលួយ។ មេដឹកនាំប៉ាគីស្ថានបែកបាក់គ្នា ដោយសារតែការចង់ដណ្តើមអំណាច រវាងពួកកុលសម្ព័ន្ធ។ ប្រធានាធិបតី ប៉ាគីស្ថាន មិនសូវមានអំណាចលើពួកទាហាន ហើយគឺពួកទាហាន និងពួកភ្នាក់ងារស៊ើបការសម្ងាត់ប៉ាគីស្ថានដែលជាអ្នកចាត់ចែង ប្រយុទ្ធ ឬមិនប្រយុទ្ធនឹងពួកចលនាអ៊ីស្លាមជ្រុលនិយម ក្នុងប្រទេស។ អ្នកវិភាគខ្លះមើលឃើញថា ភ្នាក់ងារសម្ងាត់របស់ប៉ាគីស្ថានជាអ្នកជ្រើសរើសក្រុមអ៊ីស្លាមជ្រុលនិយម។
ឥណ្ឌាបារម្ភ ក្រោយបិនឡាដិន រកឃើញ និងបាញ់សម្លាប់ នៅប៉ាគីស្ថាន
ក្នុងពេលដែលពិភពលោកសឹងទាំងមូលអបអរដំណឹងស្លាប់របស់បិន ឡាដិន ឥណ្ឌាឯណោះវិញ មិនសប្បាយចិត្តទេ។ ផ្ទុយទៅវិញ ឥណ្ឌាបារម្ភខ្លាំង។ បើតាមឥណ្ឌា ការរកឃើញ និងសម្លាប់ បិនឡាដិន នៅផ្ទះដែលស្ថិតនៅសឹងកណ្តាលបេះដូងប្រទេសប៉ាគីស្ថាន បញ្ជាក់កាន់តែច្បាស់ថា ពួកភេរវជនកំពុងមានបណ្តាញ និងមានបង្អែកគាំទ្ររឹងមាំពីអ្នកមានអំណាច ក្នុងប្រទេសប៉ាគីស្ថាន។ គួរដឹងថា ឥណ្ឌា និងប៉ាគីស្ថានជាសត្រូវនឹងគ្នាតាំងពីយូរមកហើយ។
ឥណ្ឌា បានចោទភ្នាក់ងារស៊ើបការសម្ងាត់ប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយក្រុមLashkar e Taiba ដែលបង្កអំពើភេរវកម្ម នៅទីក្រុងប៊ុមបៃ ឆ្នាំ ២០០៨ ដែលបានសម្លាប់មនុស្សជិត ២០០នាក់។ បើតាមឥណ្ឌា ភ្នាក់ងារសម្ងាត់ប៉ាគីស្ថាន ជាអ្នកគំាទ្រជួយពួកតាលីបង់ប៉ាគីស្ថាន វាយប្រហារស្ថានទូតឥណ្ឌា នៅអាហ្វហ្កានិស្ថាន នៅឆ្នាំ ២០០៩។ សម្រាប់ឥណ្ឌា ប៉ាគីស្ថាន ប្រទេសជិតខាងខ្លួនបានគាំទ្រ និងប្រើពួកភេរវជនទៅវាយបំផ្លាញឥណ្ឌា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ