ប៉ាគីស្ថាន៖ អំណាចតុលាការ និងអំណាចនិតិប្រតិបត្តិបន្តប្រឈមមុខដាក់គ្នា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មួយថ្ងៃ បន្ទាប់ពីតុលាការកំពូលសម្រេចទម្លាក់លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Yusuf Reza Gilani មក លោកប្រធានាធិបតីប៉ាគីស្ថាន Asif Ali Zardari បានសម្រេចជ្រើសរើសលោក Makhdoom Shahabuddin ឲ្យជំនួសកន្លែងលោក Yusuf Reza Gilani។ លោក Gilani ដែលបានជាប់ចោទពីបទបានរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់តុលាការ។ ការដែលលោក Zardari យល់ព្រមជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តីថ្មីពេលនេះ គឺដើម្បីចៀសវាងការប្រឈមមុខជាមួយតុលាការកំពូល។ យ៉ាងណាក៏ដោយ សង្រ្គាមប៉ាកាកំពុងបន្តមានរវាងអំណាចតុលាការ និងអំណាចនិតិប្រតិបត្តិ។
តាមពិតទៅ ព្រឹត្តិការណ៍នេះមិនមែនជាប់ជំពាក់វាក់វិនតែរវាង២ តួអង្គ គឺលោក Gilani និងតុលាការកំពូលប៉ុណ្ណោះទេ តែក៏មានជាប់ពាក់ព័ន្ធនឹងរូបលោកប្រធានាធិបតី Asif Ali Zardari ផងដែរ។ លោក Zardari ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីប៉ាគីស្ថានតំាងពីឆ្នំា ២០០៨ ពោលគឺនៅក្រោយការបិទបញ្ចប់របបយោធាផ្តាច់ការដែលដឹកនំាដោយលោក ប្រធានាធិបតី ឧត្តមសេនីយ៍ Pervez Musharraf។ ប៉ុន្តែក្នុងឆ្នំា ២០០៩ តុលាការកំពូលបានបញ្ជារដ្ឋាភិបាលរបស់លោក Gilani ឲ្យបើកការស៊ើបអង្កេតរឿងពុករលួយមួយពាក់ព័ន្ធនឹងរូបលោកប្រមុខរដ្ឋ Zardari។ ជារឿងពុករលួយនៅពេលដែលលោក Zardari មានតំណែងជារដ្ឋមន្រ្តី ក្រោមរដ្ឋាភិបាលរបស់ភរិយាលោក គឺលោកស្រី Benazir Bhutto ចន្លោះឆ្នំា ១៩៨៨-១៩៩០ និង ១៩៩៣-១៩៩៦។ លោកស្រី Benazir Bhutto ដែលបានបាត់បង់ជីវិតក្នុងអំពើភេរវកម្មកាលពីឆ្នំា ២០០៧។
អំពើពុករលួយកាលណោះ គឺការលួចបង្វែរលុយរដ្ឋប្រមាណជា ១២លានដុល្លារទៅតម្កល់ទុកនៅក្នុងធនាគារស្វីស។ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តី Gilani បានបដិសេធមិនយល់ព្រមឲ្យមានការស៊ើបអង្កេតរឿងនោះទេ ដោយយកលេសថា គោរពអភ័យឯកសិទ្ធិប្រធានាធិបតីរបស់លោក Zardari។ ហេតុផលរបៀបនេះក៏ត្រូវបានធនាគារស្វីសលើកយកមកសំអាងដែរ និងបានសម្រេចបិទសំណុំរឿងនេះកាលពីឆ្នំា ២០១០។ ក៏ប៉ុន្តែ តុលាការកំពូលនៅប៉ាគីស្ថានមិនបានបញ្ឈប់រឿងនេះទេ ដោយបានកាត់ទោសលោក Gilani ពីបទរំលោភបំពានលើសេចក្តីសម្រេចរបស់តុលាការកាលពីខែមេសា ឆ្នំា ២០១២។ បន្ទាប់មកនៅថ្ងៃអង្គារ ទី១៩ មិថុនា ឆ្នំា ២០១២ តុលាការកំពូលក៏បានសម្រេចចិត្តដកតំណែងលោក Gilani។
លោក Asif Ali Zardari គ្មានជម្រើសអ្វី ក្រៅពីគោរពតាមតុលាការកំពូល
តាមពិតទៅ លោកប្រមុខរដ្ឋ Zardari អាចមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការកំពូល និងបន្តរក្សាទុកលោក Gilani ជានាយករដ្ឋមន្រ្តីដដែល។ តែទីបំផុត លោក Zardari យល់ព្រមគោរពតាមតុលាការកំពូល ដោយបានសម្រេចជ្រើសរើសលោក Makhdoom Shahabuddin បច្ចុប្បន្ន ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវាយនភ័ណ្ឌឲ្យជំនួសកន្លែងលោក Yusuf Reza Gilani។ ការសម្រេចបែបនេះ មកពីលោក Zardari មិនចង់ទទួលមេរៀនពីអតីតកាលដូចជំនាន់របបយោធាផ្តាច់ការរបស់លោក ប្រធានាធិបតី ឧត្តមសេនីយ៍ Pervez Musharraf។
គេពិតជានៅចំាបានមិនភ្លេចថា ក្នុងឆ្នំា ២០០៧ ពោលគឺក្រោយការជាប់ឆ្នោតប្រធានាធិបតីជាលើកទី២របស់លោក Musharraf លោក Musharraf បានប្រឈមមុខនឹងតុលាការកំពូលដែលត្រូវពិនិត្យមើលពីភាពត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញនៃបេក្ខភាពជាប្រធានាធិបតីរបស់លោក។ ប្រតិកម្មភ្លាមៗនៅពេលនោះ លោក Musharraf បានសម្រេចដកលោកចៅក្រម Chaudry ចេញពីតំណែងប្រធានតុលាការកំពូល។ ក៏ប៉ុន្តែ ការដកតំណែងលោក Chaudry កាលណោះបានបង្កឲ្យមានបាតុកម្មហិង្សា រហូតដល់បង្ខំលោក Musharraf ឲ្យសុខចិត្តប្រគល់តំណែងជាប្រធានតុលាការកំពូលឲ្យលោកចៅក្រម Chaudry វិញ។ គឺនៅពេលនោះឯង ដែលតំណែងប្រធានាធិបតីរបស់លោក Musharraf ផ្តើមរង្គោះរង្គើ រហូតដល់ធ្លាក់ពីតំណែងក្នុងឆ្នំា ២០០៨។ ឃើញថា នេះជាមេរៀនដ៏ល្វីងជូរចត់មួយដែលលោកប្រធានាធិបតីបច្ចុប្បន្ន Asif Ali Zardari មិនចង់ឃើញឆ្លងដល់រូបគាត់ទេ។ ដូច្នេះ លោកគ្មានជម្រើសអ្វីផ្សេង ក្រៅពីគោរពតាមសេចក្តីសម្រេចរបស់តុលាការ ដោយយល់ព្រមជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តីថ្មី។
វិបត្តិនយោបាយផ្ទៃក្នុងអាចនឹងផ្ទុះឡើងជាថ្មី
ទោះបីជាលោក Zardari យល់ព្រមលុតជង្គង់នៅចំពោះមុខតុលាការកំពូលក៏ដោយ ក៏រឿងពុករលួយរបស់លោក Zardari មិនអាចនឹងចប់បានទេ ព្រោះថា បេក្ខជននាយករដ្ឋមន្រ្តីថ្មីដែលលោក Zardari បានជ្រើសយកពេលនេះ គឺជាមនុស្សជំនិតម្នាក់របស់លោក និងចេញពីគណបក្សប្រជាជនប៉ាគីស្ថានដែលកំពុងកាន់អំណាចសព្វថ្ងៃ។ ដូច្នេះឃើញថា ចង់ ឬមិនចង់ នាយករដ្ឋមន្រ្តីថ្មីក៏នឹងត្រូវទទួលគំនាបពីតុលាការកំពូលដូចលោក Gilani មានន័យថា សុំឲ្យនាយករដ្ឋមន្រ្តីថ្មីបើកការស៊ើបអង្កេតរឿងអំពើពុករលួយរបស់ លោក Zardari។ បើគេពិនិត្យជារួមទៅ សង្រ្គាមប៉ាកការវាងអំណាចតុលាការ និងអំណាចនីតិប្រតិបត្តិនៅប៉ាគីស្ថានពេលនេះ គឺបានសំដៅចំរូបលោកប្រធានាធិបតី Zardari តែម្តង។ លោក Zardari ដែលប្រជាប្រិយភាពកាន់តែធ្លាក់ចុះ ដោយត្រូវបានគេហៅឈ្មោះក្រៅថា លោក ១០% និងដែលកំពុងវ័ណ្ឌ កនៅក្នុងរឿងអំពើពុករលួយជាច្រើន ព្រមទំាងអសមត្ថភាពក្នុងការប្រឆំាងអំពើភេរវកម្មនៅក្នុងស្រុក។
ម្យ៉ាងវិញទៀត ចៅក្រមនៅតុលាការកំពូលដែលធ្លាប់បានស្គាល់ការឈឺចាប់នៅក្នុងជំនាន់ លោក Musharraf ក៏នៅមិនបានទាន់ត្រៀមខ្លួនដើម្បីបំភ្លេចរឿងនោះចោលដែរ។ ដូច្នេះ នៅចំពោះមុខ និងមុនការរៀបចំបោះឆ្នោតសភានៅឆ្នំា ២០១៣ ការប្រឈមមុខដាក់គ្នារវាងអំណាចតុលាការ និងអំណាចនីតិប្រតិបត្តិពិតជានៅបន្តមាន និងដែលអាចជំរុញប៉ាគីស្ថានឲ្យធ្លាក់ក្នុងវិបត្តិនយោបាយផ្ទៃក្នុងជា ថ្មី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ