អានតួអត្ថបទ
កម្ពុជា

លោក​សម​ រង្ស៊ី​ ទទួល​បរាជ័យ​ជាថ្មី​​ក្នុង​សំណុំរឿង​ ស្នើ​សុំ​អភ័យសិទ្ធិ​តំណាងរាស្ត្រ​ ពី​រដ្ឋ​សភា​

លោក សម រង្ស៊ី​ កាលពី​ថ្ងៃ​១៩ កក្កដា កន្លងទៅ។
លោក សម រង្ស៊ី​ កាលពី​ថ្ងៃ​១៩ កក្កដា កន្លងទៅ។ REUTERS/Samrang Pring
ដោយ៖ គឹម យុទ្ធណា
២១ នាទី

លោក សម រង្ស៊ី​ ដែល​បាន​ស្នើសុំ​រដ្ឋសភា​អោយ​ផ្តល់​អភ័យ​ឯក​សិទ្ធ​សភា ​ដល់​លោក​វិញ​នោះ នៅថ្ងៃនេះ លោក​បានទទួល​ចំលើយ​អវិជ្ជមាន​ទៀតហើយ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ទាន់ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​បាន​បដិសេធ​សំណើ​របស់លោក សម រង្ស៊ី។ តើ​អ្វី​ជា​មូលហេតុ​នៃ​ការបដិសេធ​នេះ?

ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​ទៅ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង៩នៃ​រដ្ឋសភា ពិសេស​គណ​កម្មការ​ជំនាញ​និតិកម្ម​ និង​យុត្តិធម៌ បានសម្រេច​មិន​ផ្តល់​សុពលភាព​លើ​សំណើសុំ​ការផ្តល់​សុពល​ភាពជា​តំណាងរាស្ត្រ​សភា​ឡើងវិញ​របស់លោក សម រង្ស៊ី​នោះទេ។

កិច្ចប្រជុំ​ពិភាក្សា​ជាបន្ទាន់​មួយ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ ​បាន​បើក​ធ្វើឡើង ក្រោយពី​លោក សមរង្ស៊ី បាន​សរសេរ​លិខិត​ជូនទៅ​លោក ហេង​សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី២៣ ខែកក្កដា ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋសភា ផ្តល់​សុពលភាព​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ជូន​លោក​ឡើងវិញ។ គោលបំណង​គឺ​ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​រូបលោក​​ទទួលបាន​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ​នៅ​មណ្ឌល​ខេត្តកំពង់ចាម របស់​គណបក្ស​សម រង្ស៊ី ឡើងវិញ និង​ក៏​អាច​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ​នៅ​មណ្ឌល​ខេត្តកណ្តាល​នៅក្នុង​ការបោះឆ្នោត​និតិ​កាលពី៥នេះ ​ផងដែរ។

លិខិត​របស់លោក​សម រង្ស៊ី ក៏​សរសេរ ដោយយោង​លើ​លិខិត​ទទួលបាន​ព្រះរាជ​ប្រទាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ផងដែរ។

ទោះយ៉ាងណា​ក៏ដោយ កិច្ចប្រជុំ​ដោយ​បិទទ្វារ​រយៈពេល​ជិត៣ម៉ោង​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ បានសម្រេច​ជា​ឯក​ច្ឆ​ន្ធ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ​ថា​ដោយហេតុ​លោក សម រង្ស៊ី ​បាន​ក្លាយជា​ប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជា​គណបក្ស​ដែល​ពុំមាន​អាសនៈ​ក្នុង​រដ្ឋសភា​ និតិ​កាល​ទី៤នេះ។ ដូចនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ពុំ​អាច​ផ្តល់​សុពលភាព អភ័យឯកសិទ្ធិ និង​បុព្វ​សិទ្ធ​ជូន​លោក សម រង្ស៊ី​ បានទេ។

បែបណាក៏ដោយ ពាក់ព័ន្ធ​នឹង​ការសម្រេច​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​ នៅថ្ងៃនេះ​ថា ជាការ​សម្រេច​មួយ​ដែល​ធ្វើឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយហេតុថា គណបក្សកាន់អំណាច​មួយ​នេះ ខ្លាច​ប្រជា​ប្រិ​យ​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ខ្លាច​ប្រជាប្រិយភាព​​របស់លោក​ប្រធាន​សម រង្ស៊ី ពិសេស​ការសម្រេច​នេះ​ជាការ​សម្រេច​ក្នុង​កលល្បិច​នយោបាយ។

លោក​បាន​បន្តថា ការសម្រេច​បែបនេះ ជាការ​សម្រេច​ដើម្បី​ធ្វើ​ឲ្យ​ការបោះឆ្នោត​មាន​បញ្ហា។ បញ្ហា​ដែល​លោក យឹម សុវណ្ណ ​បាន​បញ្ជាក់ថា ជាការ​បោះឆ្នោត​មិនមាន​ភាពសេរី និង​យុត្តិធម៌ ហើយ​អ្នកឈ្នះឆ្នោត​នឹង​គ្មាន​កិត្តិយស ពិសេស​លោក​បាន​ព្រមាន​ថា អាច​ប្រឈមមុខ​នឹង​បញ្ហា​ច្បាប់​ទាក់ទង​នឹង​ការបង្កើត​រដ្ឋាភិបាល ក្រោយ​ពេល​បោះឆ្នោត។

គួរ​បញ្ជាក់ថា លោក​សមរង្ស៊ី ត្រូវបាន​រដ្ឋសភា លុបឈ្មោះ និង​ដកហូត​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​សភា ដោយ​សំអាងថា លោក​ជា​ទណ្ឌិត តាម​អំណាច​សាលក្រម​ឆ្នាំ២០១១ ក្នុង​រឿង​ដក​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា-វៀតណាម និង​ទម្លាយ​ឯកសារ​ពាក់ព័ន្ធ​ព្រំដែន​របស់​រដ្ឋាភិបាល។ រដ្ឋាភិបាល​​បាន​ផ្តន្ទាទោស​កំបាំងមុខ​មេបក្ស​ប្រឆាំង​រូបនេះ ឲ្យ​ជាប់ពន្ធនាគារ១១ ឆ្នាំ។ និង​ជា​ចុងក្រោយ​នេះ​ទៀត កាលពីដើម​ខែមិថុនាឆ្នាំ២០១៣ កន្លងទៅនេះ រដ្ឋសភា បានសម្រេច​លុបឈ្មោះ​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី សិទ្ធិមនុស្ស និង​គណបក្ស​នរោត្តម​រណឫទ្ធិ សរុប២៩រូប ដោយ​សំអាងថា សមាជិក​រដ្ឋសភា​ទាំងនោះបាន​ទៅ​ចូលរួម​នយោបាយក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

យ៉ាងណាក៏ដោយ នៅសល់តែ​រយៈពេល​ពីរ​ថ្ងៃ​បន្តទៀត​ប៉ុណ្ណោះ មុន​ថ្ងៃ​បោះឆ្នោត​មកដល់​ នៅ​ថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។ តែ​គេ​នៅ​មិនទាន់​ឃើញ​ឈ្មោះ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​មាននៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​បេក្ខជន​តំណាងរាស្ត្រ​បោះឆ្នោត​នោះ​នៅឡើយ​ទេ។ លោក សម រង្ស៊ី​បានស្នើ​ទៅ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ជា​អ្នកសម្រេច​ចុងក្រោយ តែនៅ​មិនទាន់​ទទួលការ​ឆ្លើយតប​បែបណា​​នៅឡើយ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ