កម្ពុជា

រដ្ឋសភា​ពិភាក្សា​ច្បាប់​របប​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម

សម័យប្រជុំពេញ​អង្គ​របស់​រដ្ឋសភានៃ​ព្រះរាជាណាចក្រ​​កម្ពុជា
សម័យប្រជុំពេញ​អង្គ​របស់​រដ្ឋសភានៃ​ព្រះរាជាណាចក្រ​​កម្ពុជា ©ភក្រ្តា/RFI

នៅព្រឹកថ្ងៃអង្គារ​ទី១០ ខែឧសភា​នេះ រដ្ឋសភា​កម្ពុជា ​ចាប់ផ្តើមពិភាក្សា​លើសេចក្តី​ព្រាងច្បាប់ស្តី​ពី របប​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។​ ច្បាប់នេះត្រូវ​បាន​​តំណាង​​រដ្ឋាភិបាល និង​តំណាងរាស្រ្ត​គណបក្ស​កាន់អំណាច ចាត់ទុក​ថា ជា​ច្បាប់​មាន​សារៈសំខាន់​ដើម្បី​អោយ​រដ្ឋាភិបាល​សម្រេច​គោលដៅ​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី២។ ទោះបីជា​រដ្ឋាភិបាល​បាន​អនុវត្ត​កម្មវិធី​កែទម្រង់​រដ្ឋបាល​សាធារណៈ ផ្តល់​អំណាច​អោយ​ថ្នាក់​មូលដ្ឋាន អស់​​រយៈពេល ៧ឆ្នាំ​មកហើយ យ៉ាងណាក្តី ក៏​សង្គម​ស៊ីវិល អ្នកឃ្លំា​មើល​ការអនុវត្ត​កម្មវិធី​​វិមជ្ឈការ​លើកឡើងថា ដំណើរ​អនុវត្តកម្ម​វិធី វិមជ្ឈការ នៅលើ​ក្រដាស​ដើរលឿន ជាង​ការអនុវត្ត​ផ្ទាល់។

ផ្សាយពាណិជ្ជកម្ម

 

រដ្ឋាភិបាល​បាន​ប្រកាស​អនុវត្ត​កម្មវិធី​កំណែទម្រង់​រដ្ឋបាល​សាធារណៈ ថ្នាក់​មូលដ្ឋាន វិមជ្ឈការ និង​វិសហមជ្ឈការ តំាងពី​ឆ្នាំ២០០៤​មកម្ល៉េះ ពី​ឆ្នាំ២០០៤ ដល់​ឆ្នាំ ២០១១​ដំណើរការ​វិមជ្ឈការ​​នៅក្នុង​ប្រទេសកម្ពុជា ត្រូវបាន​គេមើលឃើញ​ថា មាន​ការរីកចម្រើន​តិចតូច នៅឡើយ។

នៅព្រឹក​ថ្ងៃ​អង្គារ​ទី ១០​ឧសភានេះ រដ្ឋសភា បាន​លើក​យកច្បាប់​ស្តីពី របប​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង ទ្រព្យសម្បត្តិ របស់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មក​ពិភាក្សា និងអនុម័ត។ ច្បាប់ស្តីពី របប​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ត្រូវបាន​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​អះអាងថា គឺជា​ច្បាប់មួយ​ដែល​នឹង​ចូល​រួមចំណែក ជំរុញ កម្មវិធី​វិមជ្ឈការ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ជាងមុន។

លោក ជាម យៀប មន្រ្តីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាអ្នកតំណាងរាស្រ្ត ​មាន​ប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​សភា​ថា ​​ច្បាប់​ស្តី​ពី របបហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ របស់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​នេះ មាន​តួនាទី​សំខាន់ និង​ជា​បញ្ហា​គន្លឹះ​ក្នុង​ការចូលរួម​ចំណែក​កសាង និង​អភិវឌ្ឍ​​កម្ពុជា​អោយមាន​ការរីកចម្រើន​ជឿនលឿន​ជាងមុន​មួយកម្រិត​ទៀត។

លោកគល់ បញ្ញា នាយក​ប្រតិបត្តិ អង្គការ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌ នៅកម្ពុជា លើក​ឡើង​ថា ដំណើរការ​អនុវត្ត​វិមជ្ឈការ វិសហមជ្ឈការ​មានការ​ជឿនលឿន​​​តិចតួច ក្នុង​រយៈពេល ៧ឆ្នាំ​មកនេះ ចាប់តំាង​ពី​រដ្ឋាភិបាល​ប្រកាស​អនុវត្ត​កម្មវិធី​កាល​ពីឆ្នាំ​២០០៤​​មក។ លោក​បញ្ជាក់​ថា រហូតមកទល់ពេលនេះ អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន រួមមាន​ថ្នាក់​ខេត្ត ស្រុក ខណ្ឌ ឃុំ​ សង្កាត់ នៅតែគ្មាន​សិទ្ឋិ​គ្រប់គ្រាន់ ក្នុង​ការសម្រេចចិត្ត គ្មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការប្រមូល​ធនធាន​​ហិរញ្ញវត្ថុ ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

មន្រ្តី​សង្គម​ស៊ីវិល​ខាងលើ លើកឡើង​ទៀតថា បើ​រដ្ឋាភិបាល អនុវត្ត​គោលការណ៍​វិមជ្ឈការ​បាន​ត្រឹមត្រូវ កម្ពុជា​នឹង​អាច​កាត់​បន្ថយ​ភាពក្រីក្រ​បាន​ច្រើន​ជាង ១%​ក្នុងមួយ​ឆ្នាំៗ។ រដ្ឋសភា​ទំនង​ជា​ចំណាយ​​ពេល ​មួយព្រឹក​ស្អែកទៀត ដើម្បី​អនុម័ត​ច្បាប់ របប​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យ​សម្បត្តិ របស់​រដ្ឋបាល​​ថ្នាក់ក្រោម​ជាតិនេះ។ សម្រាប់​លោក​គល់ បញ្ញា មាន​ច្បាប់​ជា​ការប្រសើរ តែ​ការអនុវត្ត​ច្បាប់​អោយបាន ទើប​អាច​កាត់​បន្ថយ​ភាពក្រីក្រ​ពិតប្រាកដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI